ស្ថាបនិក​សហព័ន្ធ​អុកចត្រង្គ​កម្ពុជា​ និង​ជា​អតីត​ស្តេចអុក​ទសវត្សរ៍៩០​កំពុង​ខ្វះ​ថវិកា​ព្យាបាល​ជំងឺ

  • 2022-12-14 07:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​​ គ្រួច​ ចន្ថារិទ្ធ​ គ្រូ​បង្វឹកកីឡាករជម្រើសជាតិ​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​កំពុង​​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​ព្យាបាល​ជំងឺ​ធ្ងន់​ធ្ងរ​ដោយ​ដង្ហោយ​ហៅ​ស្វែង​រក​​​ជំនួយ​ឧបត្ថម្ភ​​ពី​សប្បុរសជន​ទាំង​ក្នុង និងក្រៅប្រទេស​ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​​លើ​ការព្យាបាល។

អតីតស្តេចអុកទសវត្សរ៍​៩០ ដែលមានឈ្មោះល្បីរន្ទឺ​ ទាំងក្នុងស្រុក និងដល់ប្រទេសថៃ​​ត្រូវ​បាន​គេ​មហា​​ជន​​ស្គាល់​ទូទៅ​ថា លោកគ្រូត្រេន មានជំងឺ​​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​រយៈ​ពេល​ធំហើយ។ ស្ថានភាព​ជំងឺ​របស់​លោក​ ត្រូវ​ការ​ថវិកា​មួយ​ចំនួន​ធំ​ដើម្បី​​ចំណាយ​លើ​ការ​ព្យាបាល​ឲ្យ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ។

បច្ចុប្បន្ន​សហព័ន្ធ​កីឡាអុក​ចត្រង្គ​កម្ពុជា​ក៍​កំពុង​ជួប​ឧបសគ្គ​ក្រោយ​ពេល​​លោក​គ្រូ​ ចន្ថារិទ្ធ សម្រាក​នៅ​មន្ទីរ​ពេទ្យ​ ពីព្រោះ​សហព័ន្ធ​ត្រូវ​​ខ្វះ​ធន​ធាន​គ្រូ​ ដើម្បី​ពង្រឹង​សមត្ថភាព​​អត្តពលិក​​​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​នា ​​ខែ​​ឧសភា ឆ្នាំ២០២៣ ខាងមុខ។

សូម​រំលឹក​​ផង​ដែរ​ថា​​ លោក​គ្រូត្រេន បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត​ និង ​ពេល​វេលា​ស្ទើរ​ពេញមួយ​ជីវិតរបស់លោក ​​​ក្នុង​វិស័យ​កីឡា​អុកចត្រង្គ​កម្ពុជា។ លោក​ជា​ស្ថាបនិក​មួយ​រូប​ដែល​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​​បង្កើតសហព័ន្ធអុកចត្រង្គ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ដោយ​​​មិនទទួល​បាន​ថវិកា ឬ​ប្រាក់​ឧបត្ថម្ភ​​អ្វី​ឡើយ។ រហូត​ដល់​មាន​ការ​រៀប​ចំ​ជា​គ្រូ​បង្វឹក​​​​ផ្លូវ​ការ​​ទើប​លោក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​តាម​គោលការណ៍ របស់សហព័ន្ធ និងក្រសួងអប់រំ យុវជន និង​កីឡា។

ព្រឹទ្ធាចារ្យអុកចត្រង្គរូបនេះ ត្រូវបានមហាជន អ្នកស្នេហាវិស័យអុកចត្រង្គកម្ពុជា ទទួល​ស្គាល់​ពីកម្រិត​សមត្ថភាព​ និង​ទទួល​បាន​ការ​គោរព​ច្រើន​ជាង​គេ​បំផុត។ លោក​ធ្លាប់​ជា​ជើង​ឯក និង​ជើងឯករងអុក​ចត្រង្គ​​ជា​ច្រើន​សម័យ​កាល។ ជាក់​ស្តែង​លោក​បាន​ក្លាយ​ជា​ស្តេច​អុក​ចត្រង្គកាល​ពី​ឆ្នាំ​២០០១ និង​ជា​ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួតកីឡា​អុក​របស់សហព័ន្ធ​កីឡា​អុកចត្រង្គកម្ពុជា​។ កំឡុង​ពេល​​​​កំពុង​ល្បី​ឈ្មោះ​ លោកតែងតែ​ចំណាយ​ពេល​វេលា​ដើម្បី​​ដក​ស្រង​បច្ចេកទេស​ជា​មួយ​អ្នក​ស្នេហា​វិស័យ​នេះ​ទូទាំង​ប្រទេស​និង​ជា​មួយ​កីឡាករ​ល្បីឈ្មោះ​បំផុត​របស់ថៃផង​ដែរ។​

កន្លង​មក​មាន​សប្បុរស​ជន​ជា​កីឡាករ​តាម​ក្លឹប​អុកចត្រង្គ​នានា​ដែល​ជា​សមាជិក​របស់​សហព័ន្ធ និង​សហព័ន្ធផ្ទាល់​ ​ក៏​បាន​ចូល​រួម​ជួយ​ថវិកា​មួយ​ចំនួន​​ដើម្បី​ជួយ​​សម្រាល​​បន្ទុក​ចំណាយ​​ដល់​គ្រួសារ​របស់​លោក​បាន​ខ្លះៗ​​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា ស្ថាន ភាព​ជំងឺ​​របស់​លោក​​ត្រូវ​ការ​ថវិកា​ មួយ​ចំនួន​ធំ​ថែម​ទៀត​ដើម្បី​ព្យាបាល​ឲ្យ​បាន​​​ធូរ​ស្រាល។​វត្តមាន​របស់​លោក ពិត​ជា​សំខាន់​​ណាស់​ក្នុង​ការ​ចូល​រួម​ចំណែក​បន្ត​ពង្រឹង​ដល់​កីឡា​ដែល​ជា​កេរ្ត៍​តំណែល​របស់​ដូនតា​​កម្ពុជា​ ជា​ពិសេស​​សម្រាប់​ការ​ត្រៀម​ខ្លួន​​ដណ្តើម​មេដាយ​​ជូន​ជាតិ​​ពី​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា៕