Soccer League ​2023 ​កាន់​តែ​ប្លែក ព្រោះ​មាន​ក្រុម​នារី​ចូល​រួម​ជា​លើក​ដំបូង​

  • 2022-12-20 03:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Soccer League 2023 ​នឹង​មាន​ក្រុម​ចូល​រួម​សរុប​ដល់ទៅ​៧៤​ក្រុម​ឯ​ណោះ ​ដោយ​មាន​ការ​កើន​ឡើង​ជាង​លើក​មុន​ទៅ​ទៀត​ ហើយអ្វីដែលពិសេស​គឺ​មាន​ក្រុម​នារីចូលរួមផងដែរ។

​កាល​ពី​ថ្ងៃ​ទី ១៨​ខែ​ធ្នូ​ឆ្នាំ​២០២២​កន្លង​ទៅ ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​បាន​អញ្ជើញ​ក្រុម​តំណាង​ទាំង​អស់​មក​ចូល​រួម​សិក្ខាសាលា​មួយ​ស្ដី​ពី​បទ​បញ្ជា​ការ​ប្រកួត ​និង​ការ​ចុះ​បញ្ជី​ចូល​រួម​ការ​ប្រកួត​តាម​រយៈ Online ​ផង​ដែរ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។ ​ដោយ​ក្នុង​នោះ​ក្រុម​ដែល​នឹង​មាន​វត្ដមាន​លេង​ក្នុង​ការ​ប្រកួត Soccer League ​នឹង​មាន​រហូត​ដល់​ទៅ​៧៤​ក្រុម​ឯ​ណោះ។

​លោក ខៀវ ភារិទ្ធ ប្រធាន​ប្រតិបត្តិ​រៀបចំការប្រកួត​បាល់ទាត់​ពានរង្វាន់ ​Soccer League លើកទី៦ ឆ្នាំ​២០២៣ ​បាន​អះអាង​ថា​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​ក្រុមចូលរួម រ​ហូតដល់ ៧៤ក្រុម ​ដែលកើនឡើង ២​​ក្រុម​ បើធៀបនឹងបេក្ខភាពក្រុមចូលរួម​ កាលពីឆ្នាំ២០១៩ មុនផ្អាករៀបចំ​ ដោយសារ​ជំងឺរាត​ត្បាត​ជា​សកល​កូវីដ-១៩​។ អ្វីដែលគួរឲ្យកត់សម្គាល់​ គេឃើញ​មានក្រុមថ្មីៗ​ប្រមាណ​ ៦០%​ចូលរួម ហើយ​កាន់​តែ​ពិសេស ​ថ្នាក់ដឹកនាំ ស.ស.យ.ក ​គឺបាន​ជំរុញឲ្យមា​នការ​ប្រកួត​បាល់ទាត់​នារី​លើកដំបូង ដើម្បី​ជាការរួម​ចំណែក​អភិវឌ្ឍន៍វិស័យ​បាល់ទាត់នារី ​ជាមួយសហព័ន្ធទៀតផង ។

គណៈ​កម្មការរៀប​ចំពានរង្វាន់ ​ដែលផ្ដួចផ្ដើមបង្កើត​ឡើង​ដោយ​លោក ​ហ៊ុន ម៉ានី ប្រធាន​សហភាព​សហ​ព័ន្ធយុវជន​កម្ពុជា(ស.ស.យ.ក) ​បាន​បញ្ជាក់​ទៀត​ថា​ពានរង្វាន់ពាក់កណ្ដាលអាជីពនេះ មិន​ផ្ដោត​សំខាន់តែ​លើការប្រកួតប្រជែងយកឈ្នះចាញ់ ​ឬប្រាក់រង្វាន់នោះ​ទេ អ្វីដែល​ជាគោលដៅ​សំខាន់ គឺ​ការចូលរួមដើម្បីសុខភាព ​មិត្តភាព និងសាមគ្គីភាព រវាងក្រសួង-ស្ថាប័ននីមួយៗ ក៏ដូច​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​យុវជន​ផងដែរ​ ។

ពានរង្វាន់ Soccer League លើកទី៦ ​នឹង​ចាប់ផ្ដើម​ការ​ប្រកួត​ពី​ថ្ងៃ​ទី​០៧​ ខែ​មករា ​ដល់​ថ្ងៃ​ទី​០៥ ​ខែកុម្ភៈ ឆ្នាំ​២០២៣​ ខាងមុខ ​ដោយ​គ្រោង​ប្រើប្រាស់​ទីលាន​ចំនួន​ ៨។ ​សម្រាប់ប្រាក់រង្វាន់ជ័យលាភី ផ្នែក​បុរស​ លេខ១ ​ទទួល​បានពាន អមប្រាក់រង្វាន់​ ២៥លានរៀល, លេខ២ ទទួលបាន ១០លានរៀល និង​លេខ៣ ទទួលបាន ៥លានរៀល ។​ ឯផ្នែកនារី លេខ១ នឹងទទួបានពាន អមប្រាក់រង្វាន់ ១០​លានរៀល,​ លេខ២ ទទួលបាន​ ៥លានរៀល និងលេខ៣ ​ទទួលបាន ៣លានរៀល ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី