ផលិតកម្មធំៗ ២ ប្រកាសជោគជ័យលើការចាក់បញ្ចាំងខ្សែភាពយន្ដ “ការរស់ឡើងវិញនៃគុនល្បុក្កតោ” នៅលើទឹកដីអង្គរ

  • 2022-12-21 04:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាលើកដំបូងដែលផលិតកម្ម Cineboxx Films នៅកាណាដា និងផលិតកម្ម កងចក្រ នៅកម្ពុជា ប្រកាសពីភាពជោគជ័យនៃការចាក់បញ្ចាំងភាពយន្តដែលជាប់ពានរង្វាន់អន្តរជាតិ គឺរឿង “ការរស់ឡើងវិញនៃគុនល្បុក្កតោ”។ ក្រៅពីខ្សែភាពយន្ដដ៏អស្ចារ្យនេះ គឺមានតែរឿង “ដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ” ដឹកនាំសម្ដែងដោយអ្នកស្រី Angelina Jolie ប៉ុណ្ណោះដែលបានចាក់បញ្ចាំងនៅលើទឹកដីអង្គរ ខេត្ដសៀមរាបកាលពីឆ្នាំ២០១៧។

“ការរស់ឡើងវិញនៃគុនល្បុក្កតោ” ត្រូវបានចាក់បញ្ចាំងក្នុងឱកាសមន្ដ្រី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមរំលឹកដល់ការចុះឈ្មោះ គុនល្បុក្កតោខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ ការអបអរនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃនៅបរិវេណ ប្រាសាទអង្គរ ពោលគឺចំថ្ងៃប្រារព្ធខួបលើកទី៣០ នៃការចុះឈ្មោះឧទ្យានបុរាណវិទ្យាអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ ១៩៩២។

"ការរស់ឡើងវិញនៃគុនល្បុក្កតោ” ជារឿងបង្ហាញពីជីវិតពិត និងភាពអស្ចារ្យ នៃក្បាច់គុនល្បុក្កតោដែលបានរស់ឡើងវិញ។ រឿងក៏បានបង្កប់ខ្លឹមសារយ៉ាងជ្រាលជ្រៅលើដំណើរដ៏អស្ចារ្យអំពីជ័យជំនះ ការបាត់បង់ និងការរស់រានមានជីវិត ដើម្បីទាមទារអត្តសញ្ញាណ វប្បធម៌ខ្មែរឡើងវិញ និងកសាងសម្ព័ន្ធភាពរពីជំនាន់មួយទៅជំនាន់មួយ។

ខ្សែភាពយន្ដនេះ ចំណាយពេលថតជាង ៥ឆ្នាំ ដោយបាញ់ឆ្ពោះទៅលើដំណើររឿងតស៊ូរបស់លោកគ្រូ សាន គឹមស៊ាន អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ហើយជួយឱ្យក្បាច់គុនបុរណនេះរស់ឡើងវិញ។ ការចាក់បញ្ចាំងនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ នៅឯទីលានជល់ដំរី ដោយទាក់ទាញ ទស្សនិកជនប្រមាណ ២០០០នាក់៕

ជិន សុភ័ក្ដ្រ