កាន់តែសុវត្ថិភាព ធនាគារ ហ្វីលីព ដាក់សម្ពោធកម្មវិធីធនាគារចល័តជំនាន់ថ្មី ធ្វើឱ្យអតិថិជនរិតតែងាយស្រួល
- 2022-12-21 08:06:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែសុវត្ថិភាព ធនាគារ ហ្វីលីព ដាក់សម្ពោធកម្មវិធីធនាគារចល័តជំនាន់ថ្មី ធ្វើឱ្យអតិថិជនរិតតែងាយស្រួល
ចន្លោះមិនឃើញ
កាលពី ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២២ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកសញ្ជាតិសិង្ហបុរី បានប្រកាសជាផ្លូវការនូវការដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារចល័ត Phillip Mobileជំនាន់ថ្មី។ កម្មវិធីចល័តនេះ ភ្ជាប់មកជាមួយនឹងរូបរាង និងបទពិសោធប្រើប្រាស់ថ្មី ជាមួយនឹងដំណើរការកម្មវិធីកាន់តែរលូនជាងមុន និងប្រព័ន្ធសុវត្ថិភាពត្រូវបានពង្រឹងបន្ថែម។
ការដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារចល័ត Phillip Mobile ជំនាន់ថ្មី របស់ធនាគារ ហ្វីលីព បានបង្ហាញយ៉ាងច្បាស់អំពីចក្ខុវិស័យរបស់ធនាគារ ក្នុងការបន្តផ្ដល់ជូននូវផលិតផល និងសេវាកម្មដែលផ្តោតសំខាន់លើតម្រូវការអតិថិជនប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព។
ក្នុងនាមជាធនាគារមួយដែលកំពុងមានការអភិវឌ្ឍខ្លាំងផ្នែកឌីជីថល ធនាគារ ហ្វីលីព មានសមត្ថភាពខ្ពស់ក្នុងការផ្ដល់ជូនផលិតផលនិងសេវាកម្មធនាគារឌីជីថលជាច្រើន ដែលរាប់បញ្ចូលទាំងកម្មវិធីធនាគារចល័ត Phillip Mobile សេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថល ម៉ាស៊ីនដក/ដាក់ប្រាក់ សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងសេវាកម្មជាច្រើនទៀត ដើម្បីធានាបាននូវការផ្ដល់ជូនសេវាកម្មធនាគារដ៏ល្អឥតខ្ចោះ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព សម្រាប់អតិថិជន ។
គំនិតផ្តួចផ្តើមនៃរចនាបថថ្មី នៅក្នុងកម្មវិធីធនាគារចល័ត Phillip Mobile ត្រូវបានបង្កើតឡើងដោយផ្តោតការយកចិត្តទុកដាក់បំផុតលើភាពរលូននៃដំណើរការប្រតិបត្តិការ និងបំពេញរាល់ចន្លោះខ្វះខាតទាំងឡាយដែលមាននៅក្នុងជំនាន់ចាស់នៃកម្មវិធី ដើម្បីធានាបាននូវបទពិសោធធនាគារដ៏ប្រសើរ សម្រាប់អតិថិជន ពិសេសអ្នកដែលប្រើប្រាស់កម្មវិធីធនាគារចល័ត Phillip Mobile គ្រប់ៗរូប។ បន្ថែមលើនេះ ជំនាន់ថ្មីនៃកម្មវិធីធនាគារចល័ត Phillip Mobile ត្រូវបានបង្កើតឡើង ឱ្យស្របនឹងការបន្តផ្លាស់ប្តូរឥតឈប់ឈរនៃប្រព័ន្ធធនាគារឌីជីថល និងចក្ខុវិស័យនៃវិស័យឌីជីថលនៅកម្ពុជា។ ជំនាន់ថ្មី នៃកម្មវិធីធនាគារចល័ត Phillip Mobile នឹងនាំអតិថិជនឱ្យស្គាល់អំពីការប្រើប្រាស់សេវាកម្មធនាគារ ក្នុងកម្រិតថ្មីមួយ និងធានាបានថា អតិថិជននឹងរីករាយទទួលយកបទពិសោធធនាគារឌីជីថលផងដែរ។
លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានមានប្រសាសន៍ថា៖ «ធនាគារ ហ្វីលីព ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់ឱ្យដំណើរការនូវកម្មវិធីធនាគារចល័ត Phillip Mobile ជំនាន់ថ្មីមួយនេះ។ វាជាពេលវេលាមួយសម្រាប់ពួកយើងដើម្បីឆ្ពោះទៅមុខ និងធ្វើទំនើបកម្មសម្រាប់យុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ។ ការដាក់ឱ្យប្រើប្រាស់នៃកម្មវិធីធនាគារចល័តPhillip Mobileជំនាន់ថ្មីនេះ បានបង្ហាញពីទំនុកចិត្ត និងភាពសុទិដ្ឋិនិយមរបស់ធនាគារ ក្នុងការបន្តឆ្ពោះទៅមុខដើម្បីក្លាយជាធនាគារដែលផ្តល់ផលិតផល និងសេវាកម្មផ្នែកឌីជីថលនៅកម្ពុជា»។
ក្រៅពីការផ្លាស់ប្ដូររូបរាង និងបទពិសោធប្រើប្រាស់ថ្មី លោក ចាន់ ម៉ាច បានបន្ថែមថា កម្មវិធីធនាគារចល័ត Phillip Mobileជំនាន់ថ្មី នឹងធ្វើការរៀបចំប្រតិបត្តិការសម្រាប់អតិថិជន ដើម្បីឱ្យពួកគាត់អាចចូលទៅធ្វើប្រតិបតិ្តការដែលពួកគាត់តែងតែប្រើប្រាស់ញឹកញាប់បានយ៉ាងរហ័សជាងមុន។
«ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារចល័ត Phillip Mobile ជំនាន់ថ្មីនេះ អតិថិជនក៏នឹងអាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសបានផងដែរ ដែលសេវាកម្មនេះនឹងជួយសន្សំសំចៃពេលវេលា និងការចំណាយយ៉ាងច្រើនរបស់អតិថិជន»។
សម្រាប់អតិថិជនទាំងអស់ដែលមានចម្ងល់ទាក់ទងនឹងកម្មវិធីធនាគារចល័ត Phillip Mobile ជំនាន់ថ្មី របស់ធនាគារ ហ្វីលីព ពួកគាត់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរសព្ទ៖០៨៦ ៩៣០ ០០០ /០៨៩ ៩៨៩ ៨១៨ (២៤/៧)។
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីព កាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៧០សាខាទូទាំងប្រទេស។