កូនអ្នកកំពតពូកែតស៊ូណាស់! គ្រួសារមិនសូវមានលទ្ធភាព ឪពុកសុខចិត្តលក់ផ្ទះ ខំប្រឹងរៀនរហូតបាននិទ្ទេសA

  • 2022-12-28 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកចិត្តឪពុកម្តាយ ឱ្យតែឃើញកូនរៀនពូកែ ខំប្រឹងតស៊ូ ទោះគ្រួសារមិនសូវមានលទ្ធភាព សុខចិត្តលក់ផ្ទះឱ្យកូនរៀន ដើម្បីអនាគតកូនវែងឆ្ងាយ។ យុវតី ឆាំ ខេម៉ា គ្រួសារក្រខ្លាំងសូម្បីផ្ទះគ្មាននៅផង តែតស៊ូរៀនរហូតជាប់និទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២-២០២៣នេះ ។

យុវតី ឆាំ ខេម៉ា នាងជាកូនទី១ក្នុងគ្រួសារ មានស្រុកកំណើតរស់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ប្អូនស្រីរៀននៅវិទ្យាល័យ អង្គរមាស ។ ប្អូនស្រីបានប្រាប់មកក្រុមការងារ Sabay ថា «ពុកខ្ញុំលក់ផ្ទះអោយខ្ញុំរៀននិងលក់ដើម្បីទិញដីស្រែតូចមួយផងដែរ ដោយសារជីវភាពខ្វះខាត»។ ប្អូនបន្តថា គ្រួសារត្រូវបង្ខំលក់ផ្ទះ ដើម្បីរៀនបន្តដោយសារជីវភាពខ្វះខាត សព្វថ្ងៃប្អូនថា មិនមានផ្ទះទេ គឺសង់ត្រឹមជារោងតូចមួយស្នាក់អាស្រ័យសិន ។

ខេម៉ា សព្វថ្ងៃនេះបាននឹងកំពុងមកស្នាក់នៅទីក្រុងភ្នំពេញ ដើម្បីរៀនត្រៀមប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅកាត់ថា តិចណូ ។ ប្អូនស្រីប្រាប់ថា ដំបូងឡើយប្អូនចង់រៀនពេទ្យតែអត់លទ្ធភាព បន្ទាប់មកឮលោកគ្រូអ្នកគ្រូថាជំនាញគីមីចំណីអាហាររៀនក៏ល្អដែរ រួចខ្ញុំក៏មករៀនត្រៀមដើម្បីប្រឡងចូលសិក្សាជំនាញនេះតែម្ដង ណាមួយខ្ញុំចូលចិត្តបែបការពិសោធន៍ បែបលក្ខណៈវិទ្យាសាស្ត្រជាដើម។

សិស្សឆ្នើមនិទ្ទេសA យុវតី ឆាំ ខេម៉ា ពិតជាមានការតស៊ូសិក្សារៀនសូត្រខ្លាំងណាស់ ហើយកើតចេញពីត្រកូលក្រខ្សត់ មានជីវភាពលំបាក ប៉ុន្តែប្អូននៅតែខិតខំប្រឹងប្រែងបន្តក្ដីស្រមៃព្យាយាម មិនបោះបង់រហូតប្រឡងជាប់ទទួលបាននិទ្ទេសA (ល្អបំផុត) ។ ហើយប្អូនស្រីបាន ក៏បានផ្ដាំផ្ញើរដល់ប្អូនៗជំនាន់ក្រោយផងដែរថា «ខ្ញុំសូមផ្តាំផ្ញើរដល់ប្អូនៗទាំងអស់ដែលប្រឡងបាក់ឌុបឆ្នាំក្រោយៗនេះសូមខិតខំសិក្សារៀនសូត្រគឺត្រូវប្រឹងតាំងពីដើមឆ្នាំដល់ថ្ងៃប្រឡង ម៉្យាងកុំចោលភាសាអោយសោះព្រោះវាសំខាន់ណាស់ក្នុងការប្រឡងរបស់យើងវាអាចធ្វើអោយយើងរំកិលនិទ្ទេសបាន ពិសេសភាសានេះគឺប្រើខ្លាំងមែនទែននៅសកលនិងការទំនាក់ទំនង និងត្រូវចេះរស់នៅដោយភាពថ្លៃថ្នូរ ស្មោះត្រង់ ជាពិសេសត្រូវថែសុខភាពជាប្រចាំ» ៕

នេះជាលេខទំនាក់ទំនងប្អូនស្រី ខេម៉ា ៖ ០៦៨ ៩៥៤ ១៨៧

អត្ថបទដោយ ៖ ស៊ូ អីន