ពៅ លីដា និងពៅ ពិសិដ្ឋ ទម្លាយរឿងម្ដាយអន់ចិត្ដក្នុងថ្ងៃបុណ្យចម្រើនព្រះជន្ម

  • 2023-01-06 05:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ពៅ លីដា និង ពៅ ពិសិដ្ឋ ព្រមទាំងបងស្រីបង្កើត បានរួមគ្នាធ្វើពិធីបុណ្យបច្ច័យបួន ចម្រើនព្រះជន្ម ស្រោចស្រពព្រះសុគន្ធវារី និងឆាកមហាបង្សុកូលដ៏ធំមួយកាលពីថ្ងៃទី៥ ខែមករា ដោយបានអញ្ជើញភ្ញៀវកិត្ដិយសដែលជាតារាល្បីៗជាច្រើនរូបចូលរួមទៀតផង។

នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័នកញ្ញា ពៅ លីដា និងប្អូនប្រុស ពៅ ពិសិដ្ឋ និយាយថា ពួកគេមានចិត្ដចង់ធ្វើបុណ្យធំបែបនេះជាយូរមកហើយ ប៉ុន្ដែទើបតែរយៈពេលមួយខែចុងក្រោយនេះទេដែលបងប្អូនទាំងបីនាក់មើលឃើញពេលវេលាល្អ ដើម្បីរៀបចំពិធីបុណ្យនេះឡើង។

ក្នុងពេលផ្ដល់បទសម្ភាសន៍នោះ ពៅ លីដា បានទម្លាយរឿងខ្លះដែលម្ដាយអាចអន់ចិត្ដ ដោយសារតែរូបកញ្ញា និងបងប្អូន ចេះតែរំលឹកម្ដាយឲ្យលេបថ្នាំ ញ៉ាំអាហារឆ្ងាញ់ឲ្យបានច្រើន និងប្រាប់មិនឲ្យធ្វើការងារអ្វីច្រើន ប៉ុន្ដែម្ដាយកញ្ញាជាមនុស្សឧស្សាហ៍មិនចេះនៅស្ងៀមដែលពេលខ្លះគាត់ឆ្លើយតបមកវិញដោយការអន់ចិត្ដ។

កំហុសឆ្គងដោយអចេតនា ក្នុងន័យឲ្យម្ដាយមានសុខភាពល្អ ហើយសប្បាយចិត្ដនេះ ត្រូវបានបងប្អូនកញ្ញាសុំទោសដោយក្ដីគោរព និងផ្ដល់ស្នាមញញឹមជូនម្ដាយជាញឹកញយមកហើយ ប៉ុន្ដែការធ្វើបុណ្យលើកនេះ គឺជាឱកាសឲ្យម្ដាយកាន់តែសប្បាយចិត្ដបានជួបសាច់ញាតិ មានភ្ញៀវមកចូលរួមក្នុងពិធីបុណ្យច្រើន ហើយកូនៗក៏មានឱកាសព្រមគ្នាក្នុងការសុំខមាទោសចំពោះអ្នកម្ដាយ។

សូមរំលឹកថា ពិធីបុណ្យនេះ ធ្វើនៅក្នុងបុរីជីបម៉ុង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះគេឃើញវត្ដមានអ្នកជំនួញ និងតារាល្បីៗដូចជា៖ អ្នកស្រី កេត វ៉ាឌី កញ្ញា នី មុន្នីនាថ និងលោក សាយ សៀរ៉ាជាដើម៕

ជិន សុភ័ក្ដ្រ