ដើម​ហេតុ​នៃ​ការ​ចាប់​ប្រារព្ធ​ពិធី​ បុណ្យចូលឆ្នាំចិន គឺ​ផ្ដើម​ចេញពី​សត្វ​ចម្លែក​១​ក្បាល ដែលមានឈ្មោះ​ថា "Nian"

  • 2023-01-16 03:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន គឺ​ជា​ពិធី​បុណ្យ​វប្បធម៌​ ដែល​មាន​អាយុកាល​ចំណាស់​ជាង​គេ​បំផុត​​នៅ​ក្នុង​ប្រទេស​ចិន។ តើ​ប្រវត្តិ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​កើត​ចេញ​ពី​ណា​មក?

បើ​យោង​តាម​រឿង​ដំណាល​បុរាណ​របស់​ចិន បាន​ឲ្យ​ដឹង​ថា ដើម​ហេតុ​នៃ​ការ​ចាប់​ប្រារព្ធ​ពិធី​នេះ​ឡើង​គឺ​ផ្ដើម​កើត​ពី​សត្វ​ចម្លែក​១​ក្បាល ដែល​មាន​ឈ្មោះ​ថា "Nian (年)"។ វា​មាន​ធ្មេញ​ស្រួចៗ ហើយ​និង​ស្នែង​នៅ​លើ​ក្បាល។ សត្វ​ចម្លែក​នេះ​រស់នៅ​ក្នុង​បាត​សមុទ្រ​ដ៏​ជ្រៅ​អស់​រយៈពេល​ជា​យូរ​ណាស់​មក​ហើយ។ ឲ្យ​តែ​ដល់​​ថ្ងៃ​​ថ្មី​នៃ​​ការ​ចាប់ផ្ដើម​ប្រតិទិន​ចន្ទ​គតិ វា​​​នឹង​ចេញ​មក​លើ​គោក ដើម្បី​​ចាប់​មនុស្ស ឬ​សត្វ​ពាហនៈ​ជា​ចំណី។ ហេតុដូច្នេះ​ទើប​មនុស្ស​ម្នា​នៅ​ក្នុង​ភូមិ​រមែង​តែ​​ឡើង​ទៅ​លើ​ភ្នំ​នៅ​ចំ​ថ្ងៃ​នោះ ដើម្បី​គេច​ពី​ការ​វាយ​ប្រហារ​របស់​សត្វ "Nian"។ រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ រហូត​ដល់​មាន​ម្ដង​នោះ​អ្វីៗ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ក្រោយ​ពេល​មាន​បុរស​ចំណាស់​ម្នាក់​​ស្លៀក​ពាក់​​ខោអាវ​កញ្ចាស់​​មាន​កាន់​ឈើ​ច្រត់​​បាន​ធ្វើ​ដំណើរ​​ចូល​មក​ក្នុង​ភូមិ។

ដូច​សព្វ​មួយ​ដង អ្នក​ភូមិ​មាន​ការ​ភិតភ័យ ប្រញាប់​ប្រញាល់​រៀបចំ​​​បង្វៀច​​ គេច​ខ្លួន​ទៅ​លើ​ភ្នំ។ ស្ថិត​ក្នុង​សភាព​ច្របូកច្របល់​ដូច្នេះ គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​​អ្នក​ចំណូល​ថ្មី​នោះ​ឡើយ លើក​លែង​តែ​ស្ត្រី​វ័យ​ជរា​ម្នាក់។ ស្ត្រី​នោះ​បាន​ឲ្យ​អាហារ​មួយ​ចំនួន​ទៅ​កាន់​បុរស​នោះ ហើយ​ប្រាប់​គាត់​អំពី​សត្វ​ចម្លែក​ដ៏​កាច​សាហាវ ដោយ​បញ្ចុះ​បញ្ចូល​ឲ្យ​គាត់​រត់​គេច​ខ្លួន​ទៅ​ជាមួយ​អ្នក​ភូមិ។ យ៉ាង​ណា​មិញ បុរស​នោះ​​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​សម្ដី​ដែល​បាន​ប្រាប់ តែ​គាត់​បាន​ត្រដុស​ព្រុយ​ពុកមាត់​យ៉ាង​រំភើយ ដោយ​តប​ទៅ​វិញ​ថា គាត់​សុំ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្ត្រី​ចំណាស់​នោះ​​មួយ​យប់ ហើយ​គាត់​នឹង​បណ្ដេញ​សត្វ​ចម្លែក​នេះ​ឲ្យ​បាន​ជា​ការ​តប​ស្នង​គុណ។

ស្ត្រី​នោះ​មិន​ជឿ​ពាក្យ​សម្ដី​របស់​បុរស​​នោះ​ឡើយ ហើយ​នៅ​បន្ត​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចាកចេញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បុរស​នោះ​មិន​​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទេ។ គ្រប់​គ្នា​បាន​ចាកចេញ​ស្ងាត់​ភូមិ នៅ​ឡើយ​តែ​បុរស​នោះ។ លុះ​ដល់​ពាក់​កណ្ដាល​យប់ ស្រាប់​តែ​សត្វ​ចម្លែក​បាន​ចេញ​មក​មែន។ ប៉ុន្តែ​វា​​បាន​សង្កេត​​ឃើញ​រឿង​រ៉ាវ​ប្លែក​ខុស​ពី​រាល់​ឆ្នាំ។ រាល់​ដង មនុស្ស​ម្នា​ចាក​ចេញ ហើយ​ភូមិ​​ពុំ​មាន​ភ្លើង​បំភ្លឺ ពោល​គឺ​ងងឹត​សូន្យ​ឆឹង តែ​លើក​នេះ​ចម្លែក​ត្រង់​ថា​ផ្ទះ​នៅ​ភាគ​ខាង​កើត​១​ខ្នង​មាន​អុជ​ទាន​បំភ្លឺ​ទៅ​វិញ។ វា​បាន​ដើរ​ចូល​ទៅ​កាន់​ផ្ទះ​នោះ​ដោយ​យឺតៗ រួច​ប្រទះ​ឃើញ​​​នៅ​លើ​ទ្វារ​ និង​បង្អួច​ មាន​បិទ​ក្រដាស​ពណ៌​ក្រហម ហើយ​នៅ​ក្នុង​ផ្ទះ​មាន​អុជ​ទាន​ជា​ច្រើន​ដើម។

សត្វ​ចម្លែក​ "Nian" ពិត​ជា​ភ័យ​ខ្លាំង ហើយ​​ក៏​ខឹង​​​យ៉ាង​ខ្លាំង​ផង​ដែរ ទើប​សម្រេច​​​ដើរ​ទៅ​​ទ្វារ​ខាង​មុខ។ ពេល​នោះ​ស្រាប់​តែ​​មាន​សំឡេង​ក្ដុងក្ដាំង​យ៉ាង​​ឮ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​រអា​មិន​ហ៊ាន​ទៅ​ជិត។ ទ្វារ​មុខ​ក៏​បើក ហើយ​​មាន​ចាំង​ពន្លឺ​ភ្លឺ​​ព្រោងព្រាត បុរស​ចំណាស់​ម្នាក់​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​ស្លៀក​ពាក់​សំពត់​វែង​ក្រហម​នៅ​ឈរ​ចំ​​ពី​មុខ ហើយ​គាត់​បាន​បញ្ចេញ​សំឡេង​សើច។ ក្នុង​សភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះ សត្វ​ចម្លែក​ក៏​​ភិតភ័យ​​ខ្លាំង រួច​រត់​យ៉ាង​លឿន​​ចូល​ទៅ​ទី​ងងឹត​បាត់​សម្រាល​តែ​ម្ដង។

ព្រឹក​ឡើង​​​ពេល​អ្នក​ភូមិ​​ចុះ​ពី​ភ្នំ​មក​វិញ សភាព​នៅ​ក្នុង​ភូមិ​គ្មាន​ការ​ខូចខាត​​នោះ​ទេ។ ពួក​គេ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់។ ខណៈ​នោះ​ស្ត្រី​ចំណាស់​​ដែល​ឲ្យ​ផ្ទះ​បុរស​មិន​ស្គាល់​នោះ​ស្នាក់​នៅ ក៏​​បាន​ប្រាប់​អ្នក​ភូមិ​ពី​​​ការ​សន្យា​របស់​បុរស​​ម្នាក់​នោះ។ ព្រោះ​ចង់​ដឹង​ថា​មាន​រឿង​អី​កើត​ឡើង គ្រប់​គ្នា​បាន​សម្រុក​ទៅ​មើល​ផ្ទះ​របស់​ស្ត្រី​នោះ ហើយ​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​បិទ​ក្រដាស​ក្រហម​ពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រាត​នៅ​លើ​បង្អួច និង​មាត់​ទ្វារ រួម​ទាំង​ទាន​ជា​ច្រើន​ដើម​នៅ​ក្នុង​ផ្ទះ ឯ​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីធ្លា​​ផ្ទះ​មាន​បំពង់​​ឫស្សី​ដែល​ដុត​​កាំជ្រួច​រួច​ហើយ។

ក្រោយ​មក​អ្នក​ភូមិ​ក៏​បាន​ដឹង​ថា របស់របរ​ទាំង​នោះ​គឺ​ជា​សោ​មាស​សម្រាប់​បណ្ដេញ​សត្វ​ចម្លែក​។ ជា​ការ​អបអរ​លើ​ជ័យជម្នះ​នេះ អ្នក​ភូមិ​បាន​ស្លៀក​ពាក់​ខោអាវ​ថ្មី ហើយ​ចែក​រំលែក​ក្ដី​សប្បាយ​រីករាយ​ជា​មួយ​គ្នា។ ពួក​គេ​ក៏​​បាន​​បន្ត​ធ្វើ​ដូច្នេះ​តៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ថ្មី​នៃ​ប្រតិទិន​ចន្ទគតិ ដោយ​មាន​បិទ​ផ្ទាំង​ក្រដាស​ក្រហម​ជុំវិញ​ផ្ទះ អុជ​ទាន និង​ដុត​កាំជ្រួច ដើម្បី​បណ្ដេញ​សត្វ​ចម្លែក។ ទម្លាប់​នេះ​ក៏​បន្ត​ធ្វើ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ៕

ប្រភព៖ travelchinaguide