តាំង ហួងហាវ សម្រេចិត្ដបោះជើងមួយជំហានទៀត ដើម្បីបំបែកកំណត់ត្រាពិភពលោក លើកមុខមាត់កម្ពុជា
- 2023-01-19 08:59:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំង ហួងហាវ សម្រេចិត្ដបោះជើងមួយជំហានទៀត ដើម្បីបំបែកកំណត់ត្រាពិភពលោក លើកមុខមាត់កម្ពុជា
ចន្លោះមិនឃើញ
យុវជនខ្មែរដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកជំនួញនៅសហរដ្ឋអាមេរិក បានបោះជើងមួយជំហានទៀតដឹកដៃប្រជាជនកម្ពុជាទៅបំបែកកំណត់ត្រាស៊ីក្លូយក្ស ឬទោចក្រយានធំជាងគេលើពិភពលោក ក្រោយពីមហាជនចាប់អារម្មណ៍លើសកម្មភាពលោកបង្កើតធុងសហគមន៍ស៊ីក្លូ ក្រោមពាក្យស្លោក “អ្នកមានដាក់ អ្នកខ្វះដក"។
ស្ថាបនិកLocal4Local លោក តាំង ហួងហាវ ដែលផ្ដើមគំនិតបង្កើតធុងសហគមន៍ស៊ីក្លូ ជាមួយសមាគមអភិរក្សស៊ីក្លូកម្ពុជាកាលពីខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា លោកទទួលបានសិទ្ធិពី Guinness World Records ក្នុងការបង្កើតស៊ីក្លូយក្ស ឬទោចក្រយាន្ដធំជាងគេលើលោក ក្រោយលោកដាក់សំណើរកាលខែឧសភា ឆ្នាំ២០២២។
និស្សិតខ្មែរទើបបញ្ចប់ការសិក្សានៅក្រៅប្រទេសរូបនេះ បញ្ជាក់ថា ស៊ីក្លូយក្ស ក៏ត្រូវធ្វើឲ្យធំ ហើយអាចជិះបានទៅតាមលក្ខណ្ឌតម្រូវរបស់ Guinness World Records ដែរ។ ដូច្នេះវាជាពេលវេលាមួយដ៏លំបាក និងប្រុងប្រយ័ត្នក្នុងការធ្វើវាឡើង ហើយបើគម្រោងនេះបានសម្រេចលោកជឿថា នឹងបានលើកមុខមាត់កម្ពុជា ជួយអ្នកធាក់ស៊ីក្លូ និងអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
តាមគម្រោង ស៊ីក្លូយក្ស ឬទោចក្រយាន្ដដែលធំជាងគេលើពិភពលោកនៅថ្ងៃអនាគត គឺមានកម្ពស់ ១៣.២ម៉ែត្រ បណ្ដោយ ១២.២ម៉ែត្រ ហើយរង្វង់កង់មានអង្កត់ផ្ចិត ៥.៥ម៉ែត្រ។ ចំពោះថវិកា ដើម្បីបង្កើតស៊ីក្លូនេះឡើង លោក តាំង ហួងហាវ បានដាក់សំណើរទៅក្រុមហ៊ុនដែលមានលទ្ធភាពខ្ពស់មួយចំនួនដែលមានទីតាំងនៅរាជធានីភ្នំពេញ បាត់ដំបង និងខេត្ដសៀមរាប ហើយគ្រោងជួបជជែកគ្នាលំអិតនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ តែមិនទាន់ដឹងតម្លៃជាក់លាក់នោះទេ។
ការសិក្សាបឋមពីលោក តាំង ហួងហាវ និងសមាគមអភិរក្សស៊ីក្លូកម្ពុជា បានរកឃើញថា ស៊ីក្លូធម្មតាដែលកំពុងមានវត្ដមាននៅកម្ពុជា គឺមានតម្លៃចន្លោះពី៥០០ ទៅ៧០០ ដុល្លារ ទើបធ្វើបាន។ ដូច្នេះការវាយតម្លៃក្នុងការទិញដែក និងសម្ភារៈផ្សេងៗ ដើម្បីធ្វើស៊ីក្លូយក្សក៏ប៉ាន់ស្មានទៅតាមតម្លៃគោលនេះដែរ។
លោក តាំង ហួងហាវ អាចចាត់ទុកជាយុវជនឆ្នើមម្នាក់ក្នុងកិច្ចការជួយសង្គម ជាពិសេសជួយអ្នកធាក់ស៊ីក្លូ និងទុរគតជន។ មហាជន ចាប់ផ្ដើមស្គាល់ និងចាប់អារម្មណ៍លើសកម្មភាពរបស់យុវជនរូបនេះនៅអំឡុងពេលបិទខ្ទប់តំបន់ជាច្រើនក្នុងរាជធានីភ្នំពេញដោយសារការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ តាំងពីចុងឆ្នាំ២០១៩។
កាលពីណោះរូបលោកបានស្វែងរកប្រភពជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីទិញស្បៀងសម្រាប់តាៗធាក់ស៊ីក្លូ និងអ្នកខ្វះខាតកំពុងជាប់គាំងនៅតំបន់ក្រហម ឬតំបន់ដែលត្រូវហាមឃាត់ការចេញចូលកាលពីអំឡុងពេលកូវីដ។
ក្រោយៗមកទៀតលោក ក៏បានលើកកម្ពស់វិស័យស៊ីក្លូនៅកម្ពុជា តាមរយៈការបង្កើតធុងសហគមន៍ស៊ីក្លូដែលបើកឱកាសឲ្យអ្នកមានអាចបរិច្ចាគ ហើយអ្នកខ្វះខាតទទួលបានភេជ្ជៈ ឬទឹកសុទ្ធ ដើម្បីពិសាដោយឥតគិតថ្លៃ៕