ពូឃ្លាំង ត្រៀមខ្លួនទទួលកុងត្រាថ្មីជាមួយក្រុមហ៊ុនដ៏ធំ នៅចុងខែនេះ

  • 2023-01-24 02:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េប ពូឃ្លាំង បោះជំហានកាន់តែលឿន និងខ្លាំងជាងមុនក្នុងអាជីពសិល្បៈនៅដើមឆ្នាំ២០២៣។ លោកអះអាងថា នៅចុងខែមករា ឬដើមខែកុម្ភៈ ខាងមុខនេះ លោកនឹងទទួលបានលាទសំណាងថ្មីមួយទៀត ក្នុងនាមជាBA ឲ្យក្រុមហ៊ុនស្រាបៀរមួយ។

ក្នុងឱកាសចូលរួមសម្ពោធរឿងមួយនៅផ្សារអ៊ីឌិនហ្គាឌិន ស៊ីធី បឹងកក់កាលពីពេលថ្មីៗ ពូឃ្លាំង បានប្រាប់Sabay ថា តាមពិតថៅកែក្រុមហ៊ុនបានផ្ដល់ឱកាសនេះឲ្យលោកតាំងពីដើមខែមករា ប៉ុន្ដែរូបលោក និងថៅកែក្រុមហ៊ុនចេះតែរវល់ការងារឃ្វាងគ្នា ទើបពន្យារពេលមកដល់ពេលនេះ។ ប៉ុន្ដែលោកនឹងចុះកុងត្រានេះដោយមិនអល់អែក ឬខ្លាចគេរិះគន់ឡើយដែលលោកផ្សព្វផ្សាយលក់ស្រា។

ពូឃ្លាំង៖ “កុងត្រាមួយហ្នឹង(BA)គ្រាន់បើដែរ…បងមិនបារម្ភទេ វាជារឿងធម្មតាទេគ្រាន់តែលាបម៉ាកាយ៉េក៏នៅតែខុស លាបឡេក៏នៅតែខុស តែយើងត្រូវដឹងថាច្បាប់គេឲ្យយើងលក់ហ្នឹង ស្រុកខ្មែរឲ្យលក់! ឥឡូវគេស្រឡាញ់យើង ហើយយើងជួយលក់គេ…មានអីខុស”។

បើតាមតារាចម្រៀងរ៉េបចាស់វស្សារូបនេះ ពិធីចុះកុងត្រាអាចនឹងធ្វើនៅទីកន្លែងដ៏សមរម្យ គឺអាចរៀបចំនៅរាជធានីភ្នំពេញ ឬក្រុងព្រះសីហនុ ព្រោះនៅថ្ងៃទី២៨ ខែមករា ខាងមុខនេះរូបលោក នឹងទៅក្រុងព្រះសហនុ ដើម្បីជួបថៅកែក្រុមហ៊ុនពិភាក្សាគ្នាលម្អិត ហើយពិធីចុះហត្ថលេខាផ្លូវកាក៏អាចធ្វើនៅពេលនោះតែម្ដង។

ងាកមកមើលការងារសិល្បៈវិញ ពូឃ្លាំង និងក្រុមការងារ ទទួលបានការគាំទ្រផ្នែកថវិកាយ៉ាងក្រាសក្រែលពីក្រុមហ៊ុនមួយ ដោយរូបលោកគ្រាន់តែផលិតបទចម្រៀងថ្មីៗឲ្យគេយ៉ាងតិច ១០បទ ក្នុង១ឆ្នាំ វាជាការស្រេច។ លោកថា ចំណូលពីសិល្បៈឥឡូវ គឺទទួលបានច្រើនជាង កាលពីលោកប្រឡូកពេញលេញទៅទៀត៕

ជិន សុភ័ក្ដ្រ