ពិតជាមិនធ្លាប់មាន ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី រៀបចំ​ព្រឹត្តការណ៍​រត់​ប្រណាំង​កម្សាន្ត​បណ្តាក់​ជា​ក្រុម​ដ៏​ធំ តាម​បណ្ដោយ​ឆ្នេរ​​ខេត្ត​ព្រះសីហនុ

  • 2023-01-24 15:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា បានប្រកាសអំពីវត្តមានផលិតផលថ្មីរបស់ខ្លួនគឺភេសជ្ជៈកីឡា ដែលមានឈ្មោះថា វី-អាកទីវជាមួយនឹងព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុមដ៏ធំ និងមិនធ្លាប់មានពីមុនមកនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃតារារះនាទិសនិរតីក្នុងខេត្តព្រះសីហនុ។

ភេសជ្ជៈកីឡា វី-អាកទីវគឺជាសម្ធិផលទី៦ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីដាក់ឲ្យដំណើរការផលិតផលស្រាបៀរ វឌ្ឍនៈ ស្រាបៀរគ្រុឌ ស្រាបៀរប្រណីតទឺកខ្មៅ ដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍ ដោយជោគជ័យក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមរយៈពេលយ៉ាងខ្លី។

ដោយមើលឃើញពីនិន្នាការ បរិបទនៃការរស់នៅ និងចំណះដឹងអំពីសុខភាពកាន់តែទូលំទូលាយរបស់ប្រជាជន​កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានជំរុញ និងបង្កើតឲ្យមានភេសជ្ជៈកីឡា វី-អាកទីវដែលជាជម្រើសបន្ថែមឆ្លើយតបទៅតាមតម្រូវការសម្រាប់អតិថិជនដែលនិយមការលេងកីឡាការហាត់ប្រាណ ការរស់នៅបែបសកម្ម និងមមាញឹក ហើយចាំបាច់ត្រូវការផលិតផលភេសជ្ជៈមួយដែលអាចទ្រទ្រង់ និងជំនួយដល់រាង្គកាយរបស់ពួកគេបានបន្ទាប់ពីបាត់បង់ ឬខ្សោះជាតិទឹក និងជាតិរ៉ែពីក្នុងខ្លួន។

ការហាត់ប្រាណ និងការបញ្ចេញកម្លាំងពលកម្មមានសារៈសំខាន់បំផុតសម្រាប់សុខភាព តួយ៉ាងដូចជា ជួយ​ដុត​រំលាយកាឡូរី និងគ្រប់គ្រងទម្ងន់ ធ្វើឲ្យប្រសើរឡើងនៃសុខភាពផ្លូវចិត្ត បេះដូង សួត និងលំពែង ការរំលាយ​អាហារធ្វើឲ្យឆ្អឹង និងសន្លាក់រឹងមាំ។

យ៉ាងណាមិញ ការបញ្ចេញពលកម្មដ៏ត្រឹមត្រូវ មានប្រសិទ្ធភាព ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះគឺទាមទារ​ឲ្យយើងបំពេញជាតិទឹក និងសារធាតុផ្សេងៗដែលបាត់បង់ពីរាង្គកាយឡើងវិញពីការបញ្ចេញញើស។

ញើសមិនត្រឹមតែផ្ទុកជាតិទឹកប៉ុណ្ណោះទេ តែក៏បាននាំទៅជាមួយសារធាតុដ៏ចាំបាច់ក្នុងខ្លួនរបស់យើងឈ្មោះ​ថា អេឡិចត្រូលីត រឺហៅបានថាសារធាតុរ៉ែ មានដូចជា សូដ្យូម ប៉ូតាស្យូម ដែលមានសារៈសំខាន់ក្នុងប្រតិបត្តិការ​សារពាង្គកាយដូច្នេះហើយការទទួលទឹកតែមួយមុខ ពិតជាមិនគ្រប់គ្រាន់ដើម្បីធ្វើអោយមានតុល្យភាពឡើង​វិញនៃរាងកាយរបស់យើងនោះឡើយ។

ការទទួលទានភេសជ្ជៈ កីឡា វី-អាកទីវពិតជាមានសារៈប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាក្នុងការរស់នៅប្រចាំថ្ងៃដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន បំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ឡើងវិញ បង្កើនថាមពល និងសមត្ថភាពខួរក្បាលកាន់តែប្រសើរ និងផ្តល់ភាពស្រស់ស្រាយ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជាច្រើនក្នុងការផលិតផលិតផលដែលមានគុណភាព ដែលកត្តាគុណភាពនេះ និងភាពច្នៃប្រឌិត តែងតែស្ថិតនៅក្នុងសរសៃឈាម (DNA) របស់យើងខ្ញុំ។ ដូច្នេះហើយយើងខ្ញុំនៅតែបន្តបង្កើតផលិតផលដែលល្អ និងមានសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនយើង។ ភេសជ្ជៈកីឡា វី អាកទីវ គឺជាម៉ាកសញ្ញា​ដែលកើតចេញពីម៉ាកសញ្ញា វឌ្ឍនៈ ដែលមានអក្សរ វី (V) ជាតំណាង បង្កើតឡើងដើម្បីផ្តល់ភាពរីករាយ អំណរសាទរក្នុងជីវិត និងការជួបជុំ។ ម៉ាកសញ្ញានេះតែងតែត្រូវបានគេទទូលស្គាល់ពីប្រណីតភាព និងគុណភាពរបស់វា។ ក្នុងជីវិតប្រចាំថ្ងៃ ទោះបីយើងគ្រប់គ្នាមានភាពមមាញឹកយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុតដូច្នេះការហាត់ប្រាណ និងលេងកីឡាពិតជាមានសារៈសំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ»។

អ្នកឧកញ៉ា បានបន្តទៀតថា៖ «វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតនៅកម្ពុជាដែលនឹងជួយជំរុញលើកស្ទួយ​រាល់សកម្មភាពពលកម្មទាំងនេះ។ ការបំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ទៅពិតជាមានសារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី អាកទីវ មានសារធាតុរ៉ែស្រដៀងទៅនឹងសារធាតុរ៉ែដែលមាននៅក្នុងខ្លួនយើងដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុទាំងនោះឡើយវិញបានយ៉ាងល្អ និងឆាប់រហ័សព្រមទាំងជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនបានយូរជាងទឹកធម្មតា។ បើយើងមិនមានជាតិទឹកគ្រប់គ្រាន់ ខួរក្បាល​យើងក៏មិនទទួលបានជាតិទឹកគ្រប់គ្រាន់ដែរ ដូច្នេះហើយសមត្ថភាពខួរក្បាល និងការគិតរបស់យើងក៏ចុះខ្សោយ មិនអាចផ្តោតអាម្មណ៍ និងបំពេញភារកិច្ចផ្សេងៗបានល្អនោះឡើយ»។

ការរៀបចំព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ស្របពេលដាក់ដំណើរការជាផ្លូវការវត្តមានភេសជ្ជៈកីឡាវី-អាកទីវលើទីផ្សារ បង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការបន្តលើកកម្ពស់​វិស័យកីឡា និងសុខមាលភាពសង្គមតាមរយៈការហាត់ប្រាណ និងលេងកីឡា។

ព្រឹត្តការណ៍នេះក៏មានការចូលរួមនិងគាំទ្រដោយរដ្ឋបាលខេត្តព្រះសីហនុ និងសហភាពសហព័ន្ធយុវជនកម្ពុជា​តាមរយៈយុទ្ធនាការ #BeyondTheGames ដែលជាយុទ្ធនាការរៀបចំសកម្មភាពទាក់ទងនឹងវិស័យកីឡាជាច្រើន ទទួលបានការចូលរួមយ៉ាងសកម្មពីមហាជនក្នុងការផ្សារភ្ជាប់កម្ពុជាទៅនឹងភាពជាម្ចាស់ផ្ទះ និងត្រៀមខ្លួនក្នុងការលើកតម្កើងភាពអស្ចារ្យរបស់កម្ពុជាដោយពុំគិគពីលទ្ធផលចាញ់ រឺឈ្នះសម្រាប់មហាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។

V-Active Fun Run នឹងធ្វើឡើងជាក្រុមដែលមួយក្រុមមាន​ចំនួន​៧នាក់ រត់បណ្តាក់គ្នាពីចំនុចចាប់រង្វង់មូលព្រះសិវៈ និងព្រះនាងឧមាវតីរហូតទៅដល់ទីលានសម្តេចតេជោមានរយៈចម្ងាយ ១៩គីឡូម៉ែត្រ។

ព្រឹត្តការណ៍នេះប្រព្រឹត្តទៅនាវេលាព្រឹកម៉ោង ៥ និង ៣០នាទី ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៣ និងបើកឲ្យចូលរួមដោយសេរី និងឥតគិតថ្លៃ។ មិនត្រឹមតែទទួលបានភាពរីករាយ សុខភាពប៉ុណ្ណោះទេ វឌ្ឍនៈ ប៊្រូវើរី ក៏មានជារង្វាន់លើកទឹកចិត្តសម្រាប់ក្រុមដែលទទួលបានជ័យជម្នះ​ចំនួន ៣ ក្រុមជាទឹកប្រាក់ចំនួន ២លានរៀល ១ លានរៀល និង ៥០ម៉ឺនរៀលព្រមទាំងការប្រគំតន្ត្រីរយៈពេល ២ ថ្ងៃពេញគឺថ្ងៃទី ២៨ និង​ ២៩ ខែមករា ចាប់ពី ៥ល្ងាចតទៅនៅទីលានសម្តេចតេជោ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបន្តថា៖ «ព្រឹត្តការណ៍នេះធ្វើឡើងដើម្បីប្រារព្វ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ របស់យើងដែលនេះបង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការលើកស្ទួយសុខភាព និងសុខមាលភាពសង្គម ហើយយើងជ្រើសរើសការរត់ឫដើរព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្តបំផុត មិនទាមទារសម្ភារបរិក្ខារ និងមានលក្ខណៈធម្មជាតិពិតៗ»។

អ្នកឧកញ៉ាមានប្រសាសន៍ទៀតថា៖ «ការរត់ ឬដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើយ៉ាងហោចណាស់ពី ២០នាទី ទៅ៣០នាទីឲ្យបានទៀងទាត់ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។ យើងខ្ញុំសង្ឈឹមថាព្រឹត្តការណ៍នេះ នឹងក្លាយទៅជាសារមួយជួយក្រើនរំលឹកដល់ប្រជាជនយើងឲ្យបន្តនិងចូលរួមហាត់ប្រាណកាន់តែច្រើន»។

គួរបញ្ចាក់ថា វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ សម្រាប់ពត័មានលម្អិតពីចូលរួម សូមទាក់ទងមកលេខទូរស័ព្ទ ០៨៨ ៨៦៦ ៦៩៩០ ឫធ្វើការចុះឈ្មោះដោយផ្ទាល់តាមរយៈតំណនេះ Link

អត្ថបទពេញនិយម