សម្ដេចតេជោ សរសើរអ្នកជួយ និងបំផុសស្មារតី «វប្បធម៌ជួយគ្នា» ក្នុងនាមជាតិសាសន៍ខ្មែរ

  • 2023-01-25 03:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរអ្នកជួយ និងបំផុសស្មារតី «វប្បធម៌ជួយគ្នា» ក្នុងនាមជាតិសាសន៍ខ្មែរ ។ សម្ដេចលើកឡើងបែបនេះ ក្រោយពីឆ្លើយតបការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងករណី បុរសម្នាក់ដែលបានជួយលើកម៉ូតូជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើស្ពានជ្រោយចង្វា កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។

សម្ដេចលោកបានលើកថា «គាំទ្រការបកស្រាយនិងពន្យល់របស់ក្មួយ ស សុខា។ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះអ្នកបានជួយដែលនេះជាវប្បធម៍ដ៍ល្អនៃជាតិសាសន៍យើង»

ទន្ទឹមនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ឆ្លើយតបចំពោះការបញ្ចេញមតិរបស់សម្ដេចថា «ក្មួយសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រសាសន៍ពោរពេញដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស បំផុសស្មារតី«វប្បធម៌ជួយគ្នា»ក្នុងនាមជាតិសាសន៍ខ្មែរ។ សូមសម្ដេចតេជោ មេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីក្មួយ»

ឯកឧត្តម ស សុខា សរសេរនៅលើផេកហ្វេសប៊ុកផ្លូវការថា មកដល់ពេលនេះ ប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង។ តាមការកត់សម្គាល់ លោកឃើញមតិប្រឆាំងនឹងជំហររបស់អ្នក Live ផ្ទាល់(លោក សុវណ្ណ រិទ្ធី) ច្រើនជាងការគាំទ្រ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ លោកក៏សូមបញ្ចេញមតិខ្លះៗ មានដូចខាងក្រោម ៖

ទី១. យើងថា បងប្រុសដែលឃើញម៉ូតូដួល ហើយគាត់ស្ទុះទៅជួយលើកខុសក៏អាចថាបាន។ តែយើងគួរគិត ឬរកឱ្យឃើញជាមុនថា តើគាត់មានចេតនាបែបណា ? ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលគាត់ស្ទុះទៅលើកនោះក្នុងស្ថានភាពដូចម្ដេច និងកាយវិការរបស់គាត់មានទម្រង់ប្រឆាំងនឹងសមត្ថកិច្ចជំនាញឬយ៉ាងណា ? តាមខ្ញុំយល់ ពេលដែលគាត់កំពុងបើកម៉ូតូឌុបប្រពន្ធបីកូនតូចនៅនឹងដៃ អារម្មណ៍គាត់អាចត្រឹមតែគិតថា អ្នករងគ្រោះបើកដួលខ្លួនឯងដោយយថាហេតុណាមួយ ដោយគាត់ខ្លាចឡាននិងម៉ូតូផ្សេងៗមកបុកបន្ថែមពីលើជាដើម។ ខ្ញុំថា បើយើងបន្ទោសឬដាក់កំហុសលើគាត់ ហាក់ដូចជាយើងនាំគ្នាបំផុសឬលើកទឹកចិត្តឱ្យបោះបង់វប្បធម៌ជួយយកអាសាគ្នាទៅវិញ។ ជារួម ក្នុងស្ថានភាពនោះបើសិនជាយើងវិញ យើងក្ដី មហាជនក្ដី គិត ឬមើលឃើញថាជាករណីដួលដោយខ្លួនឯង ដែលគួរចុះជួយជាដើម ។

ទី២. ជាការពិត រឿងជំនាញវាស់វែងរបស់នគរបាលចរាចរណ៍ជារឿងត្រឹមត្រូវ ដែលត្រូវវាស់វែងគូសគំនូសសម្គាល់ទីតាំងយានបង្កនិងយានរងគ្រោះ ដើម្បីកំណត់ថាភាគីណាខុសភាគីណាត្រូវ។ ប៉ុន្តែយើងក៏ដាក់ជាសំណួរដែរថា តើពេលនោះបងប្រុសដែលលើកម៉ូតូនោះបានឃើញវត្តមាននគរបាលចរាចរណ៍ដែរទេ ? ដូចខ្ញុំលើកឡើងខាងលើ ប្រហែលជាពេលនោះ គាត់មិនបានឃើញនគរបាលចរាចរណ៍មានវត្តមាននៅទីនោះ និងឃើញសភាពធម្មតា ដែលគាត់មិនអាចបើកហួស ឬឃើញស្លាប់មិនជួយនោះទេ។ តែខ្ញុំមិនសន្មតថា ពេលនោះគ្មានវត្តមាននគរបាលចរាចរណ៍នោះឡើយ។ ដូច្នេះ ការដែលពុំបានដឹង ពុំបានឃើញ ហើយមានបំណងយកអាសាគ្នា ខ្ញុំថា ជារឿងល្អទៅវិញ។ ក្រៅតែពីការវាស់វែងបាញ់គំនូស នៅមានធម្យោបាយច្រើនទៀតដែលអាចប្រមូល និងបង្ហាញភស្ដុតាងបាន ដូចជា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបើសិនជាមាន, ស្លាកស្នាមនៅកន្លែងកើតហេតុ, ចម្លើយរបស់ភាគី, អ្នកឃើញហេតុការណ៍ និងវីដេអូ ដែលអ្នក Live បានទៅដល់មុនគេនោះ…សុទ្ធតែអាចយកធ្វើជាមូលដ្ឋានបាន ។

ទី៣. ចំពោះអ្នក Live ផ្ទាល់វិញ ជាការយល់តិចតួចរបស់ខ្ញុំ យើងគប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់។ ពោលគឺ ផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។ ក្នុងនោះ ក្នុងនាមអ្នកសារព័ត៌មាន មានតួនាទីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឱ្យអ្នកទស្សនាបានដឹង និងថ្លឹងថ្លែងតាមរយៈការអត្ថាធិប្បាយហេតុការណ៍ដែលខ្លួនឃើញពិត, សម្ភាសភាគីទាំងសងខាង, សម្ភាសអ្នកឃើញហេតុការណ៍, សម្ភាសសមត្ថកិច្ច, សម្ភាសបងប្រុសដែលស្ទុះទៅលើកម៉ូតូដួលនោះ…។ ម្យ៉ាងវិញទៀត បើយើងចង់ផ្ញើសារជូនមហាជនថា ការលើកយានករណីបែបនេះ បណ្ដាលឱ្យប៉ះពាល់ដល់ជំនាញ ឬបាត់ដានក្នុងការរកអ្នកខុសអ្នកត្រូវ គប្បីបង្វែរសំណួរទៅសួរសមត្ថកិច្ចជំនាញដែលមានវត្តមាននៅទីនោះឱ្យលោកពន្យល់វិញ។ ចៀសវាងយើងនៅតែតាមថត តាមលើកហេតុផល តាមពន្យល់បងប្រុសអ្នកលើកម៉ូតូឥតឈប់ ក្នុងខណៈពេលគាត់បានលើកដៃសូមទោសនិងបញ្ជាក់ពីចេតនាសុចរិតរបស់គាត់ម្ដងហើយម្ដងទៀត ។

ទី៤. សរុបសេចក្ដីទៅ គួរលើកកម្ពស់ឬបំផុសវប្បធម៌ជួយគ្នា។ ក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច ហើយគ្នាសូមទោស គួរកុំដេញដោលបន្ត។ តាមខ្ញុំមើលវីដេអូ ខ្ញុំឃើញគាត់លើកដៃសុំទោស៤-១០ដង និងដោយចិត្តស្មោះ។ អ៊ីចឹង រឿងហួសហើយ ឱ្យវាហួសទៅ តើឱ្យបកក្រោយយ៉ាងម៉ិចនឹងកើត។ មែនទែនទៅ ខ្ញុំមិនកាត់សេចក្ដីអីទេ តែតាមវីដេអូ ភាគីខាងអ្នក Live ទៅវិញទេ ដែលសង្ខើញនិងតឹងសរសៃក ចំណែកខាងបងប្រុសលើកម៉ូតូគាត់ព្យាយាមពន្យល់អំពីចេតនាសុចរិតរបស់គាត់ដោយសម្ដីសម្ដៅនិងកាយសមទំនង។ ចំពោះសមត្ថកិច្ចជំនាញ ករណីទទួលព័ត៌មានគួរស្រូតចុះសម្របសម្រួលអន្តរាគមន៍កន្លែងកើតហេតុធ្វើការតាមជំនាញឱ្យលឿនតាមដែលអាចធ្វើបាន ហើយបើអាចធ្វើបានទៀតនោះ គួរការពារឬហ៊ុំព័ទ្ធកន្លែងកើតហេតុជាដើម។ ក្នុងនាមអ្នកសារព័ត៌មានគប្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ កុំឱ្យហួសដែនសមត្ថកិច្ច។ ខ្ញុំគាំទ្រចំពោះការជួយយកអាសាគ្នា តែដើម្បីការពារខ្លួន សូមបងប្អូនពិនិត្យតាមសភាពជាក់ស្ដែង ចៀសវាសធ្វើគុណបានទោស។ យើងគប្បីឈ្វេងយល់ពីគ្នា និងឈានទៅយោគយល់គ្នាតាមរយៈហេតុផល កុំចង់ចាញ់ចង់ឈ្នះគ្នា ឬធ្វើដើម្បីផលប្រយោជន៍ណាមួយ។ ទោះយ៉ាងណា យើងត្រូវរួមគ្នាផ្សព្វផ្សាយវប្បធម៌ជួយគ្នា! ។

ក្រោយពីលោក ស សុខា បានបានបញ្ចេញមតិ ពាក់ព័ន្ធរឿងរ៉ាវ បុរសម្នាក់ដែលបានជួយលើកម៉ូតូជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើស្ពានជ្រោយចង្វារ រួចមក ឃើញថា ទទួលបានការសាទរ និងគាំទ្រពីអ្នកលេងបណ្តាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់ ផងដែរ ។

ជាមួយគ្នានេះ ដោយសារតែមានការពិភាក្សាច្រើន អំពី វិជ្ជាជីវៈសារព័ត៌មាន ក៏សូមអនុញ្ញាតចែករំលែក គោលការណ៍សំខាន់១០យ៉ាង នៃវិជ្ជាជីវៈសារព័ត៌មាន មានដូចជា ៖

១. កាតព្វកិច្ចដំបូងរបស់សារព័ត៌មាន គឺការពិត

២. សារព័ត៌មាន ត្រូវមានភាពស្មោះត្រង់ ចំពោះប្រជាពលរដ្ឋជាសំខាន់

៣. សារសំខាន់របស់សារព័ត៌មាន គឺត្រូវមានវិន័យ នៃការពិនិត្យផ្ទៀងផ្ទាត់ការពិត

៤. អ្នកសារព័ត៌មាន ត្រូវមានឯករាជ្យភាពពីអ្នកដែលខ្លួនធ្វើសេចក្តីរាយការណ៍អំពី

៥. សារព័ត៌មាន ត្រូវដើរតួនាទីជាអ្នកតាមដានអំណាចដោយឯករាជ្យ

៦. សារព័ត៌មាន ត្រូវផ្តល់វេទិកាមួយសម្រាប់សាធារណជនធ្វើការរិះគន់ និងការសម្របសម្រួល

៧. សារព័ត៌មាន ត្រូវរក្សាភាពសំខាន់ ដែលគួរអោយចាប់អារម្មណ៍ និងមានភាពពាក់ព័ន្ធ

៨. សារព័ត៌មាន ត្រូវតែធ្វើអោយព័ត៌មានមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមាមាត្រ

៩. អ្នកសារព័ត៌មាន ត្រូវតែបានអនុញ្ញាតអោយបំពេញការងារតាមមនសិការផ្ទាល់ខ្លួនរបស់ពួកគេ

១០. ប្រជាពលរដ្ឋក៏មានសិទ្ធិ និងការទទួលខុសត្រូវផងដែរ នៅពេលនិយាយដល់ព័ត៌មាន ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម