ពលិកម្ម​មិន​ធម្មតា Jackie ទាហាន​ស្វាតែ​មួយ​គត់ ​ក្នុង​អំឡុង​សង្រ្គាម​លោក​លើក​ទី ១

  • 2023-01-25 13:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្គ្រាម​លោក​លើក​ទី ១ (១៩១៤-១៩១៨) គឺ​ជា​សង្គ្រាម​មួយ​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ១០​លាន​នាក់​ និង​របួស​ជា​ច្រើន​លាន​នាក់​ទៀត។ ក្នុង​អំឡុង​ពេល​ ៤​ឆ្នាំ​នៃ​មហា​សង្គ្រាម​មួយ​នេះ មាន​ហេតុការណ៍​ជា​ច្រើន​បាន​កើត​ឡើង​នៅ​តាម​សមរភូមិ​ប្រយុទ្ធ។

ទោះ​ជា​យ៉ាង​ណា ហេតុ​ការណ៍​ខ្លះ​មិន​ត្រូវ​បាន​យក​មក​សរសេរ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ឡើយ។ ការ​ចូល​ធ្វើ​ទាហាន​របស់​ស្វា​ឈ្មោះ Jackie ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី ១ ក៏​ស្ថិត​ក្នុង​ចំណោម​ហេតុការណ៍​ប្រភេទ​នេះ​ផង​ដែរ។

Jackie គឺ​ជា​ស្វា​ប្រភេទ​ប៉ាប៊ូ​មួយ​ក្បាល​ដែល​ត្រូវ​បាន​ម្ចាស់ លោក Albert Marr (ប្រភពខ្លះថា Andrew Marr) យក​មក​ចិញ្ចឹម​ក្នុង​ នៅ​ក្នុង​កសិដ្ឋាន​មួយ​របស់​លោក​ក្នុង​ទី​ក្រុង Pretoria ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ដោយ​ពេល​នោះ​គឺ​ជា​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី ១ ហើយ​អាហ្វ្រិក​ខាង​ត្បូង​ជា​សម្ព័ន្ធ​មិត្ត​របស់​អង់គ្លេស និង​បារាំង​ដែល​ជា​បដិបក្ខ​មួយ​ក្រុម​ក្នុង​សង្គ្រាម បុរស​វ័យ​ក្មេង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​មួយ​នេះ​បាន​ជាប់​ឈ្មោះ​ធ្វើ​ជា​ទាហាន ហើយ​លោក Albert Marr ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ជាប់​ឈ្មោះ​នេះ​ផង​ដែរ កាល​ពី​ខែ​សីហា​ ឆ្នាំ ១៩១៥។ ដោយ​ទឹក​ចិត្ត​ស្រលាញ់​Jackie លោក Marr ក៏​បាន​សុំ​មេ​បញ្ជា​របស់​លោក ដើម្បី​សុំ​យក​ស្វា​ចិញ្ចឹម​ទៅ​តាម​ក្នុង​នាម​ជា​ទាហាន ហើយ​មេ​របស់​លោក​ក៏​យល់​ព្រម។

ស្វា​ Jackie គឺ​ជា​ស្វា​មួយ​ដ៏​ឆ្លាត។ ក្នុង​អំឡុង​ពេល​សមរភូមិ​នៅ​អេហ្ស៊ីប, បែលហ្សិក និង​បារាំង Jackie បាន​ប្រើ​ប្រាស់​ភ្នែក​ និង​ត្រចៀក​ដ៏​វៃ​របស់​ខ្លួន ដើម្បី​តាម​ដាន​អំពី​ចលនា​របស់​ទ័ព​សត្រូវ រួច​ធ្វើ​​ការ​ផ្ដល់​ដំណឹង​ដល់​កង​ទ័ព​សម្ព័ន្ធមិត្ត​តាម​រយៈ​ការ​បញ្ចេញ​សំឡេង​ខ្លាំង​ៗ។ បន្ថែម​ពី​លើ​នេះ ក្រៅ​ពី​ភាព​ប៉ិន​ប្រសប់​ ក្រៅ​ពី​ការងារ​ឲ្យ​ការណ៍​ក្នុង​សមរភូមិ ស្វា Jackie ចេះ​ឈរ​គោរព​យ៉ាង​ម៉ឺងម៉ាត់ ពេល​មេ​បញ្ជាការ​ដើរ​កាត់​ខ្លួន។ ស្វា​មួយ​នេះ​ ចេះ​ទាំង​អុជ​បារី​ឲ្យ​យុទ្ធមិត្ត​របស់​ខ្លួន​ដែល​ជា​មនុស្ស​ជក់​ទៀត​ផង។

ទោះ​ជា​វាង​វៃ​បែប​នេះ​ក្ដី ក្នុង​សមរភូមិ​មួយ​នៅ​បែលហ្សិក ក្នុង​ឆ្នាំ ១៩១៨ ស្វា Jackie បាន​រង​របួស​ជើង​ស្ដាំ​ដោយ​ត្រូវ​អំបែង​គ្រាប់​ ដែល​បាញ់​ផ្លោង​ពី​សំណាក់​កង​ទ័ព​សត្រូវ។ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ជើង​ស្ដាំ​របស់ Jackie ត្រូវ​បាន​កាត់​ចោល។

​ខែ​មេសា ឆ្នាំ ១៩១៨ Jackie ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចប់​បេសកកម្ម​យោធា​របស់​ខ្លួន​។ នៅ​ពេល​បទ​ឈប់​បាញ់​ជិត​ត្រូវ​បាន​ធ្វើ​ឡើង (ខែ​វិច្ឆិកា ឆ្នាំ ១៩១៨) ស្វា Jackie បាន​ទទួល​មេដាយ​មួយ ដើម្បី​រំលឹក​ពី​ភាព​ក្លាហាន​របស់​គេ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​នៅក្នុង​សង្គ្រាម​លោក​លើក​ទី ១។

នៅ​ពេល​សង្គ្រាម​បាន​បញ្ចប់ Jackie និង​ម្ចាស់ លោក Marrបាន​ត្រលប់​មក​កសិដ្ឋាន​របស់​ខ្លួន​វិញ​អាហ្វ្រិក​ខាង​ត្បូង​វិញ។ Jackie រស់​រហូត​ដល់​ឆ្នាំ ១៩២១ (ប្រភពខ្លះថាឆ្នាំ ១៩២២) ខណៈ លោក Marr ដែល​ជា​ម្ចាស់​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ ១៩៧៣៕

លោក Marr និង ស្វា Jackie

ប្រភព៖ BBC | Dailymail | wildlifetv.wordpress   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី