កម្ពុជាបង្ហាញជំហរផ្ដល់ភាពកក់ក្ដៅចំពោះប្រតិភូ និងកីឡាករពីបណ្ដាប្រទេសចូលរួមប្រកួតស៊ីហ្គេមលើកទី៣២

  • 2023-01-26 04:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់មិន ១០០ថ្ងៃទៀតទៀតទេ កម្ពុជា នឹងសម្រេចក្ដីស្រមៃក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យកីឡាតាមរយៈការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ។

ក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ កាលពីរាត្រីថ្ងៃទី២៥ ខែមករា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ថ្លែងមានប្រសាសន៍ថា ក្នុងនាមឯកឧត្ដមផ្ទាល់សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ គណៈកម្មការជាតិអូឡាំពិក និងប្រតិភូ SEAGF ទាំងអស់ដែលនឹងអញ្ជើញមកកាន់កម្ពុជា ហើយក៏អបអរសាទរពិធីរាប់ថយ នៅពហុកីឡដ្ឋានមរតកតេជោ ហើយពហុកីឡដ្ឋានជាតិនេះ ក៏នឹងត្រៀមសម្រាប់ពិធីបើក និងពិធីបិទ ជាផ្លូវការ និងការប្រកួតកីឡាជាច្រើនផងដែរ។

ឯកឧត្ដមបានបន្ថែមថា ស៊ីហ្គេមមិនត្រឹមតែជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំប្រចាំតំបន់ ប៉ុណ្ណោះទេ, វាមិនត្រឹមតែផ្ដល់ឱកាស សម្រាប់អត្តពលិកចូលរួមប្រកួតប្រជែង ដោយស្មើភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់មិត្តភាព ការ គោរពគ្នា និងសាមគ្គីភាពក្នុងគោលទិសដៅកសាងសហគមន៍អាស៊ីអាគ្នេយ៍មួយដែលមានសន្តិភាព ស្ថិរភាព ។ យោងតាមគោលការណ៍គ្រឹះរបស់ IOC អត្តពលិកគឺជាបេះដូងនៃចលនាអូឡាំពិក។

អាទិភាពចម្បង របស់ IOC គឺការការពារអត្តពលិកស្អាតស្អំ និងគាំទ្រពួកគេទាំងក្នុងនិងក្រៅទីលានប្រកួត។ នៅក្នុងស្មារតី កីឡាអូឡាំពិក អ្វីដែលសំខាន់បំផុតគឺត្រូវចូលរួមដោយយុត្តិធម៌ និងប្រកួតប្រជែងឱ្យអស់ពីសមត្ថភាព។

ក្នុងនាម SEAGF ឯកឧត្ដមសូមស្នើសុំឱ្យគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ ធ្វើការចុះឈ្មោះអត្តពលិក របស់ខ្លួនឱ្យបានគ្រប់ប្រភេទកីឡានិងវិញ្ញាសាសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ខាងមុខនេះ ដើម្បីផ្ដល់ឱកាសឱ្យអត្តពលិកទាំងអស់បានចូលរួមដោយស្មើភាព ។ ការចូលរួមរបស់ អត្តពលិកទាំងអស់ នឹងបង្ហាញពីការអបអរជាប្រវត្តិសាស្ត្រ សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលបន្សល់ទុកនូវមរតកជាវិជ្ជមានដ៏សំខាន់ សម្រាប់ចលនាអូឡាំពិកក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុង តំបន់៕

ជិន សុភ័ក្ដ្រ