មតិ​អ្នក​មើល! ​Slamball ​មាន​បច្ចេកទេស​ល្អ​ទាំង​ផ្សាយ​ផ្ទាល់ ​និង ​Graphic ​កម្រិត​អន្ដរជាតិ​

  • 2023-01-30 06:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​បាន​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ slamball ​មក ​ឃើញ​ថា​អ្នក​ស្រលាញ់​វិស័យ​កីឡា​បាល់ទះ​និយាយ​សរសើរ​គ្រប់​គ្នា ​ថា​ការ​រៀប​ចំ​បាន​ល្អ ​ជា​ពិសេស​ធ្វើ​រូបភាព​បាន​ស្អាតៗ ​ហើយ​ការ​ផ្សាយ​ផ្ទាល់​វិញ​ក៏​បាន​ល្អ​ថែម​ទៀត។

​ការ​ប្រកួត slamball ​បាន​បញ្ចប់​ទៅ​ដោយ​រលូន​នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ។ ក្រុម​ពង្រួល​កំពង់​ស្ពឺ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ត្រី​ឆ្លាំង​ភ្នំពេញ ​ក្នុង​លទ្ធផល ៣-២ យ៉ាង​ស្វិតស្វាញ​តែ​ម្ដង។ ​ជាមួយ​ក្រុម​ចូល​រួម​៨​ក្រុម ​ធ្វើ​ដំណើរ​ប្រកួត​៣​ខែ ​ឆ្លង​កាត់​៨​ខេត្ត​ក្រុង ​មក​ឃើញ​ថា​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទះ​បាន​ស្គាល់​ពាន​រង្វាន់​នេះ​ច្រើន ​ជា​ពិសេស​ពួកគេ​ក៏​សុទ្ធ​តែ​សរសើរ​មិន​ដាច់​ពី​មាត់​ផង​ដែរ​ចំពោះ​ការ​ផ្សាយ​ផ្ទាល់ ដែល​អាច​ចាក់​ត្រលប់​មក​ម្ដង​ទៀត​បាន ឬ​ហៅ​ថា VAR ​នោះ។

​ការឌីហ្សាញ Graphic ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ផ្ទាល់​តែ​ម្ដង ដែល​មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ ​និង​ប្រើ​ពេល​យ៉ាង​យូរ​ផង​ដែរ ដើម្បី​សម្រិតសម្រាង​ឱ្យ​បាន​ល្អ​បំផុត។ ទាំង​ពាន​មាស​ដែល​ធ្វើ​ឡើង​ខុស​ប្លែក​ពី​គេ ​និង​មេដាយ​មាស ក៏​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​ធ្វើ​ផ្ទាល់​ដៃ​ផង​ដែរ ​មិន​បាន​ចម្លង​ពី​ខាង​ណា​ឡើយ។ នេះ​ជា​ចំណុច​លេចធ្លោ​មួយ​សម្រាប់​ក្រុមហ៊ុន សប្បាយ ដែល​រៀប​ចំ​ពាន​នេះ​ផង​ដែរ។

​ងាក​ទៅ​មើល​បច្ចេកទេស​ផ្សាយ​ផ្ទាល់​វិញ ​លោក ង៉ែត វុទ្ធី ​ប្រធាន​បច្ចេកទេស​ផ្សាយ​ផ្ទាល់​បាន​អះអាង​ថា​លោក​សរសើរ​ចំពោះ​ការ​រៀប​ចំ​របស់ សប្បាយ ​ព្រោះ​គ្រប់​យ៉ាង​សុទ្ធ​តែ​ធ្វើ​ឡើង​តាម​ស្ដង់ដារ​អន្ដរជាតិ​ទាំង​អស់។ ​ក្រុម​ការងារ​របស់​លោក​ក៏​មាន​បញ្ហា​ខ្លះ​ដែរ ​ប៉ុន្តែ​ក៏​ជំនះ​បាន ​ទៅ​តាម​ស្ដង់ដារ​ផ្សាយ​ផ្ទាល់​ដែល​អាច​ប្រើ VAR ​ត្រួត​ពិនិត្យ​នៅ​ពេល​មាន​ការ​ត​វ៉ា ​ដូច​ទៅ​នឹង​ការ​ប្រកួត​កម្រិត​អន្ដរជាតិ​ដែរ។ ​ក្រុម​ការងារ​របស់​លោក ត្រូវ​ការ camera ​រហូត​ដល់​៥​គ្រាប់ ​និង Drone ​១​គ្រឿង​ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ទស្សនា​បាន​មើល​ស្រួល។

​ទន្ទឹម​គ្នា​នឹង​ការ​រៀប​ចំ​យ៉ាង​ល្អ​នេះ ​អ្នក​គាំទ្រ​ក៏​រំពឹង​ច្បាស់​ថា ​ការ​ប្រកួត Anchor Slamball ​នឹង​អាច​បន្ដ​រដូវ​កាល​ទី​២​ជាក់ជា​មិន​ខាន ព្រោះ​សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​រដូវ​កាល​ទី​១​ពិត​ជា​ច្រើន ហើយ​ក្រុម​ដែល​ចង់​ចុះ​ឈ្មោះ​ចូល​រួម​ក៏​ច្រើន​ដូច​គ្នា។ ​តែ​មិន​អាច​លេង​បាន ក៏​ព្រោះ​រដូវ​កាល​ទី​១​នេះ slamball ​បាន​កំណត់យក​ត្រឹម​តែ​៨​ក្រុម​ចេញ​ពី​៨​ខេត្ត រាជ​ធានី​សិន​ប៉ុណ្ណោះ៕

អត្ថបទ៖ ប្រុស យុទ្ធ