យុន ​ភ្ញាក់ផ្អើល​ពេល​ភ្នំពេញ​នៅ​តែ​លេង​ល្អ ទោះ​អត់​មាន ធី ម៉េងហ៊ួង​

  • 2023-01-30 07:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់ យុន ស្រែស្រែ ​ឬ​ឈ្មោះ​ពេញ ​ទុយ កុសល ​បាន​និយាយ​ថា​ខ្លួន​ពិត​ជា​ភ្ញាក់ផ្អើល​ចំពោះ​ការ​លេង​បាន​យ៉ាង​ល្អ​របស់​ត្រី​ឆ្លាំង​ភ្នំពេញ ​បើ​ទោះ​ជា​ពួកគេ​មិន​មាន​ស្មាត់​ធំ ធី ម៉េងហ៊ួង។

​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ ​បាន​បាត់​បង់​កីឡាករ​ឆ្នើម​ម្នាក់​ស្មាត់ ធី ម៉េងហ៊ួង ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ដំរី​សៀមរាប​នៅ​ពេល​ព្រឹក។ ​ចំណុច​នេះ​ហើយ ទើប​បាន​ជា​ភ្នំពេញ ​ស្ទើរ​កម្លាំង​បន្ដិច​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ពង្រួល​កំពង់​ស្ពឺ ​របស់​ស្មាត់ យុន ​ខណៈ​ដែល​ក្រុម​នេះ​ពេញ​កម្លាំង​ហើយ ថែម​ទាំង​ពេញ​ដៃ​ល្អ​ថែម​ទៀត ​មិន​មាន​កីឡាករ​របួស​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ភ្នំពេញ ​នៅ​តែ​អាច​តតាំង​រហូត​ដល់​សិត​ទី​៥​ដដែល ទើប​កាត់​សេចក្ដី​ថា​ក្រុម​ណា​ជា​ក្រុម​ឈ្នះ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត ​ហើយ​ក្រុម​យុន ជា​អ្នក​ឈ្នះ​ពាន​រង្វាន់ slamball ​ជាមួយ​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ អម​ជាមួយ​ពាន​មាស​មួយ​ផង​នោះ ​រូបគេ​បាន​និយាយ​បែប​នេះ​ថា​៖ “​មុន​ការ​ប្រកួត​​ខ្ញុំ​គិត​ថា យ៉ាង​ខំ​ណាស់​​ក៏​ខ្ញុំ​ស៊ី​៣-១​​ដែរ តែ​ដល់​ពេល​លេង​ជាក់​ស្ដែង​​ខ្ញុំ​​ឃើញ​ថា គេ​ល្អ​ដែរ​ ចឹង​យើង​ពិបាក​​ដែរ​។ ​​​​​​​ចំណុច​ដែល​ធ្វើ​ឲ្យ​​ក្រុម​ខ្ញុំ​ពិបាក​ស៊ី​គេ​ដែរ​ហ្នឹង ព្រោះ​ថា យើង​លេង​មិន​សូវ​ត្រូវ​គ្នា។ ​ចំពោះ​ពាន​នេះ​វិញ ​ខ្ញុំ​មើល​ឃើញ​ថា​ពិត​ជា​ល្អ ព្រោះ​មាន​ការ​ប្រកួត​តាម​ខេត្ត ដែល​ឱ្យ​កីឡាករ​អាច​បញ្ចេញ​សមត្ថភាព​បាន​”។

​រំលឹក​ថា​ក្រុម​ពង្រួល​កំពង់​ស្ពឺ មាន​សរុប​៥​នាក់​គឺ ​ទុយ កុសល ហៅយុនស្រែស្រែ, ឆ្វេង​ហ្ស៊ីន​ស្រុក​ខ្មែរ ទុយ រាជ ហៅ​អធិរាជ​ប្រអប់​ស្មាត់រាជ, អ្នកប៉ះសេឆ្នើម​ នួន វិចិត្រ មក​ពី​ក្លឹប​អង្គរក្ស៣១១, អតីត​កីឡាករ​ជំនាញ​ដេញ​បាល់​លឿន​ក្លឹប​រដ្ឋបាល​រាជធានីភ្នំពេញ​​ កែវ សុធារិទ្ធ, ​ខ្លាចាស់​កំពូល​ល្បិច ផាត សុភ័ក្ត្រ ហៅទូចអង្គរក្ស និង​ដឹកនាំ​ដោយ​លោក សៅ សាមីត អធិរាជឆា​ស្រុក​ខ្មែរ។ ​ពួកគេ​ធ្វើ​បាន​ល្អ​ណាស់ ពោល​គឺ​ក្នុង​ពាន​រង្វាន់​នេះ​មិន​ចាញ់​មួយ​ប្រកួត​ណា​នោះ​ទេ ​មាន​កំណត់ត្រា​ឈ្នះ​១០០%​តែ​ម្ដង៕

អត្ថបទ៖ ប្រុស យុទ្ធ