មន្ទីរពេទ្យខ្នាតធំមួយ ក្នុងស្រុកកោះធំ សម្រេចបានជាង៨០%ហើយ នឹងលេចរូបរាងឡើងឆាប់ៗនេះ

  • 2023-02-01 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារមន្ទីរពេទ្យតេជោសែនកោះធំ ឋិតនៅស្រុកកោះធំ ខេត្តកណ្ដាលសម្រេចបានប្រមាណ ៨០.៥១%ហើយនឹងលេចរូបរាងឡើងឆាប់ៗនាពេលខាងមុខនេះហើយ ក្រោមការត្រួតពិនិត្យរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។

មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ បន្ថែមពីលើនោះមន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេសចំពោះពលរដ្ឋអ្នកស្រុកកោះលែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។

សូមជម្រាបជូនថា៖ គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ ៕

ប្រភព៖ ក្រសួងសាធារណការ

អត្ថបទដោយ៖ ស៊ូ អីន