កៅ សីហា និយាយពីចរិត សឿ សុធារ៉ា កាលនៅថតរឿងជាមួយលោក

  • 2023-02-01 07:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ និងដឹកនាំសម្ដែងប្រចាំនៅផលិតកម្មរស្មីហង្សមាស លោក កៅ សីហា ត្រូវបានគេចាត់ទុកថាជាផលិតករជើងចាស់ម្នាក់ ហើយលោកធ្លាប់សម្គាល់អត្ដចរិកសិល្បករ-សិល្បការិនីជាច្រើនរូបក្នុងពេលដែលធ្វើការជាមួយលោក។

ក្នុងចំណោមសិល្បករ-សិល្បការិនីទាំងនោះ ក៏មានអតីតតារាសម្ដែង សឿ សុធារ៉ា ម្នាក់ដែរ។ លោកនិយាយថា រូបលោក និងសឿ សុធារ៉ា បានជួប និងធ្វើការងារជាមួយគ្នាជាច្រើនឆ្នាំ ហើយខ្សែភាពយន្ដ និងMV ដែលសឿ សុធារ៉ា ថតដឹកនាំសម្ដែងដោយរូបលោកផ្ទាល់នោះក៏មានច្រើនដែរ។

តាមរយៈការស្គាល់គ្នាច្រើនឆ្នាំ ផលិតកររូបនេះ អះអាងថា សឿ សុធារ៉ា គឺជាតារាស្រីម្នាក់មានភាពហ្មត់ចត់រឿងពេលវេលា មិនសូវនិយាយច្រើន ហើយការសម្ដែងវិញក៏ចូលតួបានល្អទៀត។ ប៉ុន្ដែក្រោយពី សឿ សុធារ៉ា បាក់ទឹកចិត្ដ ធ្លាក់ខ្លួនឈឺ ស្រាប់តែក្លាយទៅជាមនុស្សនិយាយច្រើនមិនសូវមានសាច់ការទៅវិញ។

ក្នុងនាមជាអ្នកសិល្បៈដូចគ្នា ហើយធ្លាប់ស្គាល់គ្នាយូរមកហើយនោះ រូបលោកនៅតែអាណិតស្រឡាញ់ ហើយថ្ងៃខាងមុខលោកក៏មានគម្រោងផលិតរឿងបុរាណមួយដែលមានតួសម្ដែងអ្នកនាង សឿ សុធារ៉ា តែម្ដង។ ការបង្ហើបពីគម្រោងថតរឿង និងលើកពីអត្តចរិតរបស់ សឿ សុធារ៉ា នេះ ធ្វើឡើងក្នុងពេលដែលលោក កៅ សីហា ទៅចូលរួមមហោស្រពភាពយន្ដជាតិខ្នាតខ្លីកាលពីចុងឆ្នាំ២០២២ នាសាលមហោស្រពចតុម្មុខ។

ផ្អែកលើស្ថានភាពជាក់ស្ដែងរបស់តារាសម្ដែងសម្បូរទឹកភ្នែក សឿ សុធារ៉ា បច្ចុប្បន្ន គេក៏សង្កេតឃើញអ្នកនាងនិយាយច្រើន ហើយមានទឹកមុខស្រងូតស្រងាត់ ក្រោយពីផ្ទុះរឿងជំពាក់លុយតុងទីនគេ ប្រី-ប្រពន្ធបែកបាក់គ្នា ហើយម្ដាយក៏ព្រាត់ស្លាប់ក្នុងពេលបន្ដបន្ទាប់គ្នា៕

ជិន សុភ័ក្ដ្រ