ឪពុកធ្លាក់ខ្លួនឈឺធ្ងន់ ឆន សុវណ្ណរាជ គ្រវែងចោលការងារតាមទៅថែដល់ក្រៅប្រទេស

  • 2023-02-03 02:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលដែលតារាចម្រៀងប្រុសជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ មានវត្ដមាននៅប្រទេសវៀតណាម ដើម្បីមើលថែឪពុកដែលកំពុងសម្រាក ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ គេឃើញលោកបញ្ចេញរូបថត និងពោលពាក្យក្រៀមក្រំជាបន្ដបន្ទាប់ទាក់ទងនឹងឪពុក។

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ នេះ ឆន សុវណ្ណរាជ និយាយថា កម្លាំងចិត្ដដ៏ធំបំផុតរបស់លោកអ្នកមានគុណនៅពេលដែលលោកឈឺ គឺកូនៗនៅក្បែរ និងមកមើលថែលោក ហើយត្រូវមើលថែលោកឲ្យបានល្អជាងលោកមើលថែ ចិញ្ចឹមបីបាច់យើងតាំងពីតូចទៀត ធ្វើបុណ្យទាន់ខែភ្លឺ។

គិតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថាលោកឪពុករបស់ ឆន សុវណ្ណរាជ មានជំងឺអ្វី ហើយត្រូវការសម្រាករយៈពេលប៉ុន្មានថ្ងៃទៀតនៅមន្ទីរពេទ្យណាមនៅឡើយទេ។ ប៉ុន្ដែគេឃើញតារាចម្រៀងរូបនេះ នៅសម្រាកមើលថែឪពុកយ៉ាងយកចិត្ដទុកដាក់នៅប៉ុន្មានថ្ងៃនេះ។

ដោយមានបទពិសោធន៍បាត់បង់អ្នកមានគុណម្នាក់ហើយកាលពីអំឡុងខែឧសភា ឆ្នាំ២០២១ គឺអ្នកម្ដាយរបស់លោកបានស្លាប់ដោយជំងឺលើសឈាម និងគាំងបេះដូង ដោយមិនទាន់បានមើលថែ និងព្យាបាលឲ្យអស់ចិត្ដកូនៗ ទើបពេលនេះគេឃើញកូនៗ និងលោក ឆន សុវណ្ណរាជ ផ្ទាល់ បានយកចិត្ដទុកដាក់លើការមើលថែឪពុក។ លោកបានប្រើឃ្លាមួយយ៉ាងខ្លីថា៖ “ត្រូវមើលថែអ្នកមានគុណ ឲ្យល្អលើសពីការដែលលោកចិញ្ចឹមបីបាច់យើងទៀត”។

ក្រោយពីបញ្ចេញសារ ដោយមានភ្ជាប់ជាមួយវីដេអូខ្លីបង្ហាញពីលោកឪពុកក្រសោបក្បាលកូនគឺលោក ឆន សុវណ្ណរាជ ទៅថើប បើទោះបីជាឪពុកស្ថិតនៅលើគ្រែពេទ្យក្នុងទឹកមុខមិនស្រូវស្រួលខ្លួនយ៉ាងណាក្ដី តែវាបានបង្ហាញពីភាពកក់ក្ដៅរវាងកូន និងឪពុក ធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរ ហើយបានជូនពរឲ្យឪពុកលោក ឆាប់បានជាសះស្បើយ៕

ជិន សុភ័ក្ដ្រ