ទៅលេង​សៀមរាប កុំភ្លេចចូលទស្សនា​ចម្លាក់គុនខ្មែរ​នៅ​តាមប្រាសាទ​ក្នុងតំបន់អង្គរ

  • 2023-02-03 07:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវទេសចរ​ដែលបានទៅលេង​តំបន់អង្គរ គឺភាគច្រើន​បាន​រំលង​នូវការ​ចូលទស្សនា​ចម្លាក់គុនខ្មែរ ដែលបាន​ឆ្លាក់នៅតាម​ប្រាសាទ​នានា​ក្នុងតំបន់នេះ ដូចជា ប្រាសាទ​តាព្រហ្ម បាយ័ន​ អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និង​ប្រាសាទប្រីជាដើម ដោយសារ​តែ​ជាចម្លាក់ល្អិត ដូច្នេះ​ពុំសូវមានអ្នកស្គាល់ និង​ចាប់អារម្មណ៍នោះទេ។ នេះបើតាមការចុះផ្សាយ​របស់​អាជ្ញាធរជាតិអប្សរា។

លោក ភឹង តារា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បាន​ពន្យល់ថា ភាគច្រើន​ចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជាចម្លាក់តូចៗ មានឆ្លាក់នៅខឿន​ខាងផ្នែក​ខាងក្រោម​ប្រាសាទ។ តួយ៉ាង​នាខឿន​ខាងត្បូង​សាលរបាំ នៃ​ប្រាសាទតាព្រហ្ម គឺមាន​ចម្លាក់ប្រមាណ៨រូប បានឆ្លាក់តម្រៀបគ្នាជាជួរ ដោយមានជាក្បាច់ឱប ក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេនៅផ្នែកខាងត្បូងនៃប្រាសាទនេះផងដែរ។

អ្នកជំនាញរូបនេះ បន្តថា នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្សពីរនាក់ឡើងជង្គង់ អាច​ជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់​កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំចាប់ក្បាលអ្នកនៅខាងឆ្វេងសង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញឡើងជង្គង់ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ​យកដៃស្តាំរបស់ខ្លួនចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។ លោក​យល់ថា នេះប្រហែលជាការប្រកួតនៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអីនៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់អង្គុយបញ្ឈរជង្គង់ យកដៃចង្អុលមកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។

ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង​ តារា ពន្យល់ថា គេឃើញនៅ​លើសសរផ្អោប ឃើញមានមនុស្សពីរនាក់ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំនោះវិញក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឲ្យកាច់ផ្តួលខ្លួនបាន៕

ប្រភពរូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ សំភី