ភ្លេចៗខ្លួន! បាំង​តែ ២ខែទៀត​ដល់ព្រឹត្តិការណ៍​​អង្គរសង្ក្រាន្ត​ហើយ ឆ្នាំនេះពង្រីក​កន្លែង​កម្សាន្ត​ច្រើន​ជាងមុន

  • 2023-02-06 09:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​គ្រោង​ធ្វើឡើង​នៅក្នុងអំឡុង​បុណ្យចូលខ្មែរ​ខាងមុខនេះ ត្រូវបាន​ធ្វើពិធី​ក្រុងពាលីហើយ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​ឯកឧត្តម​ ហ៊ុន ម៉ានី និង​ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ នេះបើយោងតាម​ការចុះផ្សាយរបស់​រដ្ឋបាល​ខេត្តសៀមរាប។

រូបថត៖ រដ្ឋបាលខេត្តសៀមរាប

ឆ្នាំនេះ​ជាខួប​គម្រប់​១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដេីម្បីជាការលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកធ្វើការរំលេចឡើងជាផ្ទាំង នៃទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និង សិល្បៈទស្សនីយភាពជាច្រើនទៀត។

អង្គរសង្ក្រាន្ត ឆ្នាំ២០១៨

ព្រឹត្តិការណ៍​នេះ បានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ រួមទាំងផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។

អង្គរសង្ក្រាន្ត ឆ្នាំ២០១៨

នាថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ អង្គរសង្ក្រាន្ត​នឹងវិលត្រឡប់មកសារជាថ្មី នៅលើទឹកដីអង្គរនៃខេត្តសៀមរាប ស្របពេលខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។ មិនតែប៉ុណ្ណោះគឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយឱ្យមានមោទនភាព ស្រឡាញ់នូវវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ និង បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាមហាគ្រួសារខ្មែរតែមួយ ព្រមទាំងបានបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ដួងព្រលឹងជាតិ និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាស សម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និង ចូលរួមចំណែកជម្រុញវិស័យទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។

អង្គរសង្ក្រាន្ត ឆ្នាំ២០១៨

សូមជម្រាប​ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះនឹងមានលក្ខណៈកាន់តែលេចធ្លោ​ធំជាងបណ្ដា​ឆ្នាំមុនៗ ដោយមានការប្រមូលផ្ដុំនូវកម្មវិធី ព្រឹត្តិការណ៍ និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) មកជួបជុំគ្នា ដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន៤៤កម្មវិធី (កើនចំនួន៣៣ កម្មវិធីប្រៀបធៀបក្នុងឆ្នាំ២០១៣) នៅតាមទីតាំង ឬតំបន់ចំនួន ៦ ផ្សេងគ្នា (កើនចំនួន៤ទីតាំង ប្រៀបធៀបក្នុងឆ្នាំ២០១៣) និងមានកំណើនយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម (២៣២៤នាក់ នៅឆ្នាំ២០១៣ និង៤២៤៩នាក់ នៅឆ្នាំ២០១៨។ នេះបើតាម​ការបង្ហោះ​របស់​ផេកហ្វេសប៊ុក «ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត»៕

អង្គរសង្ក្រាន្ត ឆ្នាំ២០១៨
អង្គរសង្ក្រាន្ត ឆ្នាំ២០១៨

អត្ថបទ៖ សំភី

អត្ថបទថ្មី