សាកទាយទាំងអស់គ្នា! អង្គរសង្ក្រាន្តឆ្នាំនេះ គ្រោងបំបែកឯកត្តទកម្មពិភពលោក ២ទៀត បន្ទាប់ពីអន្សមយក្ស និងរាំម៉ាឌីហ្សុន
- 2023-02-07 07:55:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកទាយទាំងអស់គ្នា! អង្គរសង្ក្រាន្តឆ្នាំនេះ គ្រោងបំបែកឯកត្តទកម្មពិភពលោក ២ទៀត បន្ទាប់ពីអន្សមយក្ស និងរាំម៉ាឌីហ្សុន
ចន្លោះមិនឃើញ
កម្ពុជា គ្រោងនឹងបំបែកឯកត្តទកម្មពិភពលោកចំនួន ២ទៀតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ បន្ទាប់ពីធ្វើបានជោគជ័យរួចមកហើយនូវអន្សមយក្ស និងការរាំចង្វាក់ម៉ាឌីហ្សុន។ នេះបើតាមការចុះផ្សាយរបស់ផេក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប៉ុន្តែយ៉ាងណាមិញ ទំព័រហ្វេសប៊ុកនេះ មិនបានបញ្ជាក់ថា វាជាអ្វីខ្លះនោះទេ។
យោងតាមប្រភពផ្លូវការនេះ បានសរសេរយ៉ាងដូច្នេះថា៖ «ក្នុងឆ្នាំ២០២៣នេះ អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ សូមរង់ចាំមើលទាំងអស់គ្នា ថាតើអ្វីនឹងក្លាយជាសមិទ្ធផលថ្មីសម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ?»។
សូមរំលឹកថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន។ នៅឆ្នាំ ២០១៥ ដដែល កម្ពុជាក៏មានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ផងដែរ។
ជាមួយគ្នានេះ កម្ពុជាក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលធ្វើឡើងពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដេីម្បីជាការលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកធ្វើការរំលេចឡើងជាផ្ទាំង នៃទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និង សិល្បៈទស្សនីយភាពជាច្រើនទៀត។
អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះនឹងមានលក្ខណៈកាន់តែលេចធ្លោធំជាងបណ្ដាឆ្នាំមុនៗ ដោយមានការប្រមូលផ្ដុំនូវកម្មវិធី ព្រឹត្តិការណ៍ និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) មកជួបជុំគ្នា ដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន៤៤កម្មវិធី (កើនចំនួន៣៣ កម្មវិធីប្រៀបធៀបក្នុងឆ្នាំ២០១៣) នៅតាមទីតាំង ឬតំបន់ចំនួន ៦ ផ្សេងគ្នា (កើនចំនួន៤ទីតាំង ប្រៀបធៀបក្នុងឆ្នាំ២០១៣) និងមានកំណើនយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម (២៣២៤នាក់ នៅឆ្នាំ២០១៣ និង៤២៤៩នាក់ នៅឆ្នាំ២០១៨។ នេះបើតាមការបង្ហោះរបស់ផេកហ្វេសប៊ុក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»៕
ប្រភពរូបភាព៖ ផេកហ្វេសប៊ុក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»