កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ឈាន​ដល់​ឆ្នាំទី៣ ក្រោមភាព​ជា​ដៃគូរវាង​វិទ្យាស្ថានជាតិ​សហគ្រិនភាព និងនវានុវត្តន៍ ជាមួយ​សហគ្រិនខ្មែរ

  • 2023-02-07 18:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) និង សហគ្រិនខ្មែរ (KE) បានរៀបចំ សន្និសីទសារពត៌មាន និងពិធីចុះហត្ថលេខាគាំទ្រគម្រោងស្តីពីកម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ និងកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២ ដែលប្រព្រឹត្តទៅ នៅទីស្នាក់ការសហគ្រិនខ្មែរ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ (KE) និង ឯកឧត្តមបណ្ឌិត តាន់កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។

ក្នុងភាពជាដៃគូ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានរួមគ្នាបង្កើតឱ្យមាន កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិអស់រយៈពេល ៣ឆ្នាំ កន្លងមកហើយ និងបានបន្តពង្រីកភាពជាដៃគូ បន្ថែមលើ កម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដល់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី១ ចំនួន ១០០សហគ្រាស និងដំណាក់កាលទី២ ចំនួន១០០សហគ្រាសបន្ថែមទៀត ក្នុងគោលបំណងលើកកម្ពស់ វិស័យសហគ្រិនភាពនិងពង្រឹងប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជាតាមរយៈយន្តការ

  • ទី១៖ លើកកម្ពស់លើការ យល់ដឹងជាសាធារណៈអំពីសហគ្រិនភាព ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន

  • ទី២៖ ពង្រឹង សមត្ថភាពម្ចាស់សហគ្រាសធុនតូចនិងមធ្យម និងការកសាងបណ្តាញដើម្បីផ្សារភ្ជាប់និងពង្រឹងប្រព័ន្ធអេកូ សហគ្រិនភាពថ្នាក់ខេត្តនិងជាតិ និង

  • ទី៣៖ ជំរុញ​ការចូលរួមពីសំណាក់សហគ្រាសធុនតូចនិងមធ្យមលើការ អភិវឌ្ឍសមត្ថភាពជំនាញ និងគុណភាពនៃសេវាកម្មនិងផលិតផលដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ នាពេលអនាគត។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរមានប្រសាសន៍ថា៖ «កិច្ចសហការនេះបាន ដើរស្របទៅនឹងបេសកម្មរបស់សហគ្រិនខ្មែរទៅលើសកម្មភាពស្នូលចំនួន២ គឺ៖ ទី១ ការបំផុស និងផ្សព្វផ្សាយ វប្បធម៍សហគ្រិនភាពទៅដល់អ្នកដែលមានបំណងចង់ក្លាយជាសហគ្រិននៅតាមបណ្តារាជធានីខេត្ត និង ទី២៖ ការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រិនក្នុងស្រុកឲ្យកាន់តែពូកែកម្រិតថ្នាក់ជាតិ និងអាចឈានទៅដល់ ការប្រកួតប្រជែងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ។ សហគ្រិនខ្មែរមានយុទ្ធសាស្ត្រពង្រីកវិសាលភាពប្រតិបត្តិការ ទូទាំងប្រទេសតាមរយៈការសហការជាមួយដៃគូទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធ្វើការរួមគ្នាទៅលើការអនុវត្ត សកម្មភាព, និងការគៀងគរថវិការមកពីប្រភពស្របច្បាប់ផ្សេងៗដែលជាប្រយោជន៏សម្រាប់សហគ្រិនផ្ទាល់ និង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា»។

យោងតាមរបាយការណ៍នៃកម្មវិធីពានរង្វានសហគ្រិនថា្នក់ជាតិរយៈពេល ៣ឆ្នាំកន្លងមក មានសហគ្រិនប្រមាណ ជាង​ ៦៥២ សហគ្រាសបានដាក់ពាក្យចូលរួមយ៉ាងសកម្មនិងគាំទ្រលើគំនិតផ្តួចផ្តើមរបស់​រាជរដ្ឋាភិបាលកម្ពុជាតាមរយៈវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងគាំទ្រថវិកាដោយសហគ្រិនខ្មែរ។

លើសពីនេះ តាមរយៈ របាយការណ៍នៃកម្មវិធីបណ្តុះបណ្តាលការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១ វិទ្យាស្ថានជាតិ សហគ្រិនភាពនិងនវានុវត្តន៍ដោយមានការគាំទ្រពីសហគ្រិនខ្មែរបានបណ្តុះបណ្តាលសហគ្រិន ចំនួន ១០១នាក់ និងបានផ្តល់គ្រូបង្វិកដល់ម្ចាស់សហគ្រាសចំនួន ៣០ សហគ្រាស ដើម្បីបន្តគាំទ្រនិងអភិវឌ្ឍម្ចាស់សហគ្រាស រយៈពេល ៥ខែ បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងគោលបំណង ធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាព តាមរយៈការគាំទ្រទាំង ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យ អាទិភាពដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្មឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់ សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងសហគ្រិនខ្មែរមានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការ កសាងសហគមន៍សហគ្រិនភាពនិងពង្រឹងប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួត ប្រជែងនាពេលអនាគត និងពង្រឹងតួនាទីរបស់ស្ថាប័នសាធារណៈលើការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីនិរន្តរភាពសេដ្ឋកិច្ ចនិងសង្គមកម្ពុជា។

អត្ថបទថ្មី