ល្បី​ថា ផ្លូវវាងក្រុងកំពង់ឆ្នាំង មានទេសភាពស្អាត​មិនចាញ់​ផ្លូវល្បឿនលឿនទេ

  • 2023-02-09 09:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​​បើកឱ្យប្រើប្រាស់​ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រលេខ៧៤ ដល់គីឡូម៉ែត្រលេខ១១៥ ជាពិសេសគឺក្នុងនោះ​រួមមានទាំង​ផ្លូវវាង​ក្រុង​កំពង់ឆ្នាំងផងដែរ ហើយ​ត្រង់ចំណុចផ្លូវវាងក្រុង​នេះ ត្រូវបានអ្នកធ្វើ​ដំណើរ​ថត​បង្ហោះ​លើបណ្តាញសង្គម​ដោយខ្លះបានរៀបរាប់​ថា គឺ​មាន​ទេសភាពស្អាត​ ហើយ​បើឃើញ​មួយភ្លែត​អាចច្រលំថា ជាផ្លូវល្បឿនលឿនទៀតផង ដោយសារផ្លូវមាន៤គន្លង ខណ្ឌចែកទ្រូងផ្លូវ​ដូចគ្នា។

គួរដឹងថា ចំណុចផ្លូវដែល​ជាផ្នែកមួយ​នៃ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរឡើង​វិញ​កំណាត់ផ្លូវ​ជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) នេះ ត្រូវ​បាន​បើកឱ្យធ្វើចរាចរណ៍​ទាំងសង្ខាង​ កាលពីដើមខែមករា ឆ្នាំ​២០២៣​ថ្មីៗនេះ។ តាមបណ្តោយផ្លូវនេះ គឺឃើញទេសភាពយ៉ាងស្អាត ជាពិសេសពោរពេញទៅដោយដើមត្នោត ជាមួួយនឹង​ជួរភ្នំ។

សូម​ទស្សនាវីដេអូខាងក្រោមនេះ តាមរយៈឆាណែលមួយឈ្មោះថា «Sengthai Travel Cambodia»៖

សូម​ជម្រាប​ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម​សាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយ​ថវិកាប្រមាណ ៥០០ លានដុល្លារ​អាមេរិក។ ផ្លូវនេះ ត្រូវបាន​ពង្រីកពី ២ ដល់ ៤គន្លង ក្រាលកៅស៊ូ AC ខណ្ឌដោយសួនច្បារ​នៅចំកណ្តាល៕

អត្ថបទ៖ សំភី