Soccer League រដូវ​កាល​ទី​៦រក​ឃើញជើងឯកដោយ ក្រោយ ក្រុម ស.ស.យ.ក បំបាក់​គូប្រកួត ២ ទល់០

  • 2023-02-13 03:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ដ៏​តាន​តឹង​ពេញ ៩០​នាទី នៅ​ទី​បំផុត​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក​. ខេត្តកណ្ដាល បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ ​Soccer League​រដូវ​កាល​ទី​៦​ ហើយ​ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-០ នៅ​លើ​ទីលាន​ស្មា​ត RSN កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ។

ជាមួយ​គ្នា ក្រុម​សុ​ភី​ណា​អេ​ហ្វ​ស៊ី​ ក៏​បាន​ក្លាយ​ជា​ជើង​ឯកនារី​ក្នុង​ពានរង្វាន់​តែ​មួយ​នេះ​ដែរ។ សម្រាប់​ការ​ប្រកួត​រវាង​ក្រុម​បាល់ទាត់ផ្នែក​បុរស រវាង​ក្រុម​បាល់ទាត់ស​.​ស​.​យ​.​ក​. ខេត្តកណ្ដាល និង​ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ​ នៅ​តង់​ទី​១ ក្រុម​ទាំង​ពីរ មាន​ឱកាស​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​រកបាល់​សម្រាប់​ក្រុម​រៀង​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ ក្រុម ស.ស.យ.ក ខេត្ត​កណ្ដាល ហាក់​ដាក់​សម្ពាធ​លើ​ដៃគូ និង​មាន​ឱកាស​នាំ​បាល់​ចូល​ប្រអប់​ទី​របស់ ហនុមាន ច្រើន​ជាង ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន។ ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​វគ្គ​ទី១​ក្នុង​លទ្ធផល ០ៈ០។

ចូល​ដល់​វគ្គទី​២ ក្រុម ស.ស.យ.ក នៅ​តែ​មាន​ឱកាស​ច្រើន​នៅ​មុខ​ទី​របស់​ក្រុម ហនុមាន ប៉ុន្តែ​ការវាយបក​ម្ដង​ៗ​របស់ ហនុមាន ក៏​បាន​ធ្វើ​ឲ្យ​ក្រុម ស.ស.យ.ក ខេត្ត​កណ្ដាល លស់​ព្រលឹង​១សារ​ៗដែរ ខណៈ​ក្រុម​អ្នក​គាំទ្រ​ទាំង​សងខាង​ស្រែកហ៊ោ​យ៉ាង​កង​រំពង។ ការ​ប្រកួត​នៅ​តែ​ស្វិតស្វាញ រហូត​មក​ដល់​ចុង​ម៉ោង​ទៅ​ហើយ ទើប​ក្រុម ស.ស.យ.ក ខេត្ត​កណ្ដាល​បំបែក​ពងមាន់បាន ដែល​រក​គ្រាប់​បាន​ដោយ​កីឡាករ​ពាក់​ស្លាកលេខ ៦៦ ជា​ប្រធាន​ក្រុម។

ប៉ុន្មាន​នាទី​មក​ទៀត ក្រុម​ស.ស.យ.ក ពាក់​ឯកសណ្ឋាន​ពណ៌​ផ្កាឈូក បាន​រក​បាល់​ថែម​បាន​១​គ្រាប់​ទៀត នាំ​ឲ្យ​បញ្ចប់ ៩០នាទី ក្រុម ស.ស.យ.ក ខេត្ត​កណ្ដាល បាន​យក​ឈ្នះ​លើ ក្រុម​ហនុមាន​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-០ ក្លាយ​ជា​ជើង​ឯក Soccer League រដូវ​កាល​ទី​៦។

ការ​ប្រកួត​បាល់ទាត់​ជើងឯក​ពានរង្វាន់ Soceer League​រដូវ​កាល​ទី​៦​ឆ្នាំ​២០២៣ មាន​ក្រុម​បាល់​ទាត់​សរុប​ចំនួន ៧៤​ក្រុមបាន​​ចូលរួម ក្នុង​នោះ​ផ្នែក​បុរស​មាន​៦៤​ក្រុម និង​ផ្នែក​នារី​មាន​១០​ក្រុម។តាមគណៈកម្មការ​រៀបចំ​ការ​ប្រកួត ក្រុម​ដែល​ដណ្ដើម​បាន​តំណែង​ជា​ម្ចាស់​ជើងឯក​ទទួល​បាន​ពាន​១ ប្រាក់​រង្វាន់​ចំនួន​២៥​លាន​រៀល ជើងឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់​១០​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​៥​លាន​រៀល​៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី