មិន​ធម្មតា! ខ្សែភាពយន្ដ​រឿង "ជាតិ​ក្រោយ" ថត​ ២ខែ ក្រុមបច្ចេកទេសជ្រែងជើងគ្នាកាត់​ត​រហូត​ដល់ទៅ ៧ឆ្នាំ

  • 2023-02-16 03:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ជាតិ​ក្រោយ" គឺ​ជា​ខ្សែភាពយន្ដ​បែប​វិទ្យាសាស្ដ្រ​ប្រឌិត​ដំបូង​គេ​បង្អស់​បាន​ចាក់​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ដ​ទីក្រុង Venice បាន​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ តទៅ។ អ្វី​ដែល​ប្លែក​ចំពោះ​ការ​ផលិត​រឿង​មួយ​នេះ គឺ​សហ​ផលិតករ​ខ្មែរ ​និង​បរទេស ​បាន​ចំណាយ​ពេល​ថត ២​ខែ ប៉ុន្ដែ​ការ​កាត់​តវិញ គឺ​ចំណាយ​ពេល​ដល់​ទៅ ៧ឆ្នាំ។

នៅ​ចំពោះ​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ នា​ផ្សារ​ទំនើប​អ៊ីអន១ លោក Jake Wachtel បញ្ជាក់​ថា ទម្រាំ​សម្រេច​បាន​ខ្សែភាពយន្ដ​នេះ​ឡើង គឺ​ត្រូវ​ចំណាយ​ទុន​ច្រើន ដោយ​ក្រុម​ការងារ​បច្ចេកទេស​ខ្មែរ និង​អាមេរិក​កាំង​ចំណាយ​ពេល​ច្រើន​លើសលុប​លើ​ការ​ងារ​កែប្លង់ និង​កាត់​ត​រហូត​ដល់​ទៅ ៧ឆ្នាំ។

លោក Jake Wachtel ៖ "តាម​រយៈ​ស្នាដៃ​ដំបូង​របស់​ខ្ញុំ​នេះ ខ្ញុំ​ចង់​ឲ្យ​អន្ដរជាតិ យល់​ដឹង​ពី​ជំនឿ វប្បធម៌​ខ្មែរ​ឲ្យ​បាន​កាន់​តែ​ច្រើន ព្រោះ​ខ្ញុំស្រឡាញ់​កម្ពុជា។ បើ​មាន​ឱកាស​ផលិត​រឿង​រួម​គ្នា​ជាមួយ​ផលិតករ​ខ្មែរ​ទៀត ខ្ញុំ​នឹង​ថត​រឿង​បែប​វិទ្យា​សាស្ដ្រ​ដដែល ដែល​ទីតាំង​ថត​អាច​យក​តាម​បណ្ដោយ​បឹង​ទន្លេសាប"។

ចំណែក​សហ​ផលិតករ​ខ្មែរ​លោក សុខ វិសាល មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​បច្ចុប្បន្ន​រោងភាពយន្ដ​ខ្មែរ​ទំនើបៗ ប៉ុន្ដែ​សាច់​រឿង​នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​សាមញ្ញ ព្រោះ​ភាពយន្ដ​ភាគ​ច្រើន​ផ្ដោត​តែ​ទៅ​លើ​ស្នេហា​ត្រីកោណ កំប្លុកកំប្លែង។ លោក​បន្ថែម​ថា ភាព​ខុស​ប្លែក​គ្នា​រវាង​រឿង "ជាតិ​ក្រោយ" ជាមួយ​រឿង​ដទៃ គឺ​ត្រង់​ថា រឿង​នេះ​បាន​បង្ហាញ​ពី​ជំនឿ​ទំនៀមទម្លាប់​របស់​ខ្មែរ​ដែល​ទាក់ទង​នឹង​ការ​ចាប់​បដិសន្ធិ​ឡើង​វិញ​រួម​បញ្ចូល​ជាមួយ​បច្ចេកវិទ្យា​នា​ថ្ងៃ​អនាគត ដូច​ជា វិទ្យាសាស្ដ្រ​ប្រព័ន្ធ​ប្រសាត និង​បច្ចេកវិទ្យា AR។

សូម​រំលឹក​ថា ផលិតករ​ជនជាតិ​អាមេរិក Jake Wachtel និង​លោក សុខ វិសាល បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ មុន​ដាក់​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ខ្លួន​បញ្ចាំង​តាម​រោង​ភាពន្ដ​ទាំង​អស់​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ តទៅ។ ក្នុងឱកាស​នោះ​គេ​ក៏​ឃើញ​វត្ដមាន​ផលិតករ​ខ្មែរ និង​បរទេស ព្រម​ទាំង​តារា​សម្ដែង​ជា​ច្រើន​រូប​ផង​ដែរ៕

ជិន សុភ័ក្ដ្រ