ដឹងអត់? កម្ពុជាជាស្ថាបនិកមួយនៃការបង្កើតស៊ីហ្គេម
- 2023-02-16 06:57:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់? កម្ពុជាជាស្ថាបនិកមួយនៃការបង្កើតស៊ីហ្គេម
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាគឺជាស្ថាបនិក នៃការបង្កើត កីឡាស៊ីហ្គេមជាមួយ៥ប្រទេសផេ្សងទៀតរួមមាន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ និងវៀតណាម ។
កីឡាស៊ីហ្គេមដែលមានឈ្មោះជាភាសាអង់គ្លេសថា The Southeast Asian Games ឬហៅកាត់ (SEA Games) ជាព្រឹត្តិការណ៍កីឡាចម្រុះមួយដែលគេរៀបចំរៀងរាល់ពីរឆ្នាំម្ដង សម្រាប់បណ្ដាប្រទេសដែលស្ថិតនៅតំបន់អាស៊ីភាគអាគ្នេយ៍ដែល បច្ចុប្បន្នមានប្រទេសចូលរួមទាំងអស់ចំនួន១១។ ការរៀបចំធ្វើជាម្ចាស់ផ្ទះត្រូវបានផ្លាស់ប្ដូរវេនគ្នាក្នុងចំណោមប្រទេសជាសមាជិក និងមានរយៈពេល២ឆ្នាំម្តង។ ការប្រកួតត្រូវរៀបចំឡើងស្ថិតនៅក្រោមច្បាប់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងមានការត្រួតពិនិត្យពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាអូឡាំពិករបស់អាស៊ី(Olympic Council of Asia) ។
ទាក់ទងនឹងប្រវត្តិ ដំបូងឡើយព្រឹត្តិការណ៍នេះត្រូវបានគេឲ្យឈ្មោះថា The Southeast Asian Peninsular Games ហៅកាត់ថា (SEAP Games) និងជាភាសាខ្មែរកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍។ នៅថ្ងៃ ២២ ខែឧសភា ឆ្នាំ១៩៥៨ គណៈប្រតិភូមកពីប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលបានចូលរួម ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី៣ដែលរៀបចំនៅទីក្រុងតូក្យូប្រទេសជប៉ុន បានបើកកិច្ចប្រជុំមួយនិងបានព្រមព្រៀងគ្នាបង្កើតព្រឹត្តិការណ៍កីឡាករក្នុងតំបន់។ SEAP Games ត្រូវបានផ្ដួចផ្ដើមគំនិតដោយលោក លួងសុខុមណៃប្រាដិត ដែលពេលនោះជាអនុប្រធានគណកម្មការអូឡាំពិចថៃ។ មូលហេតុនៃការស្នើបង្កើតនោះគឺដើម្បីធ្វើសហប្រតិបត្តិការលើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់និងរឹតចំណងមិត្តភាពនិងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។
ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ វៀតណាម កម្ពុជា និងសិង្ហបុរី គឺជាសមាជិកស្ថាបនិកដំបូងគេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។ ប្រទេសទាំងនេះបានឯកភាពគ្នារៀបចំឲ្យមានការប្រកួតរៀងរាល់២ ឆ្នាំម្ដង ហើយ គណៈ កម្មាធិការសហព័ន្ធកីឡា SEAP Games ត្រូវបានលេចរួបរាងឡើង។
ការប្រកួតកីឡា SEAP Games លើកដំបូងត្រូវគេរៀបចំនៅទីក្រុងបាងកកប្រទេសថៃពីថ្ងៃ ១២-១៧ ខែធ្នូ ឆ្នាំ ១៩៥៩ ដែលមានអត្តពលិកនិងមន្ត្រីចូលរួមចំនួន ៥២៧ នាក់ មកពីប្រទេសថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងឡាវ ដោយមានវិញ្ញាសាប្រកួតចំនួន១២ ខណៈគ្មានវត្តមានប្រទេសកម្ពុជានោះទេ។
សម្រាប់ការប្រកួតលើកទី៨ ក្នុងឆ្នាំ ១៩៧៥ សហព័ន្ធកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ SEAP Games បានពិចារណាគ្នាដើម្បីដាក់បញ្ចូលប្រទេស ឥណ្ឌូណេស៊ី និងហ្វីលីពីនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់តំបន់មួយនេះ។ ក្នុងឆ្នាំ ១៩៧៧ សហព័ន្ធក៏បានប្រកាសបញ្ចូលប្រទេសទាំងពីរនេះជាផ្លូវការជាសមាជិកពេញសិទ្ធិ ហើយវាស្របពេលគ្នាដែលសហព័ន្ធកីឡា SEAP Games បានប្ដូរឈ្មោះទៅជា Southeast Asian Games Federation (SEAGF) ហើយព្រឹត្តិការណ៍កីឡាបានប្ដូរឈ្មោះជា SEA Games វិញ។
នៅឆ្នាំជាមួយគ្នានោះ ប្រទេសប្រ៊ុយណេក៏ទទួលបានសិទ្ធិ ចូលរួមប្រកួតពេលព្រឹត្តិការណ៍កីឡានេះរៀបចំធ្វើជាលើកទី១០ នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី និងចុងក្រោយនៅឆ្នាំ២០០៣ប្រទេសទីម័រខាងកើតជាប្រទេសកូនពៅគេដែលមានឈ្មោះចូលរួមប្រកួត SEA Games ដែលរៀបចំជាលើកទី២២ នៅទីក្រុងហាណូយប្រទេសវៀតណាម។ ចំពោះប្រទេសកម្ពុជាដែលជាសមាជិកស្ថាបនិកដំបូងដែរនោះនឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ Sea Games ដំបូងនៅឆ្នាំ២០២៣នេះនៅខែឧសភាខាងមុខ។