ប៊ី សុធារី ឈ្នះឈុត​តំណាង​ជាតិ ក្នុង​ការ​ប្រកួត​អន្ដរជាតិ Miss Charm 2023 នៅប្រទេសវៀតណាម

  • 2023-02-17 04:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ី សុធារី ដែល​ជាMiss Charm Cambodia 2023 តំណាង​ឲ្យ​ជាតិ​កម្ពុជា បាន​ចេញ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ។​ កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០២៣។ ទើបមក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ ការប្រកួត​វគ្គផ្ដាច់​ព្រ័ត្រ នៃ​កម្មវិធីMiss Charm International បង្ហាញ​លទ្ធផល​ថា កញ្ញា​ប៊ី សុធារី បាន​ឈ្នះ​ក្នុង​ឈុត​តំណាង​ជាតិ។

យោង​តាម​គណនី​ហ្វេសប៊ុក​លោក កៅ សីហា និង​គេហទំព័រ​កម្មវិធី​ប្រឡង​បវរកញ្ញា​អន្ដរជាតិ​មួយ​ឲ្យ​ដឹង​ថា កញ្ញា ប៊ី សុធារី បាន​ឈ្នះ​ឈុត​តំណាង​ជាតិ ក្នុង​ចំណោម​បវរកញ្ញា​ពីរ​រូប​ផ្សេង​ទៀត គឺ​បវរកញ្ញា​មក​ពី​ប្រទេស​វៀតណាម និង​មីយ៉ាន់មា ក៏​បាន​ឈ្នះ​ឈុត​តំណាង​ជាតិ​ដែរ។

ផលិតករ​ដ៏​ល្បី​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស កៅ សីហា បាន​សម្ដែង​ការ​ត្រេកអរ និង​គំាទ្រ​សកម្មភាព​របស់​កញ្ញា ប៊ី សុធារី ថា សូម​អបអរ​សាទរ សេដ្ឋី​នី យ៉ាន ក្នុង​រឿង"ម្ចាស់​កីតម្បាញ" បាន​ឈ្នះ​ឈុត​តំណាង​ជាតិ​ក្នុង​ការ​ប្រឡង Miss Charm ហើយ។

គេសង្កេត​ឃើញ​ថា លោក កៅ សីហា បាន​តាមដាន​សកម្មភាព​ប្រឡង​របស់​កញ្ញា ប៊ី សុធារី ជា​ប្រចាំ ដោយ​ទាំង​មុន និង​ក្រោយ​ការ​ប្រឡង​គេ​ឃើញ​លោក​ប្រកាស​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន និង​អ្នក​គាំទ្រ​កញ្ញា ប៊ី សុធារី ឲ្យ​ជួយ​លើក​ទឹកចិត្ដ ឬ​គាំទ្រ​កញ្ញា​ក្នុង​អំឡុង​ពេល​ប្រឡង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ចាប់​តាំង​ពី​ថ្ងៃ​ទី៥ រហូត​មក​ដល់​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ៕

ជិន សុភ័ក្ដ្រ