ក្មេងៗអែបគៀន! អ្នកឧកញ៉ា គិត ម៉េង បង្ហោះសារយ៉ាងផ្អែមល្ហែម ក្នុងថ្ងៃខួបកំណើត ភរិយាសំណព្វ

  • 2023-02-21 03:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់ប្រទេសកម្ពុជា ក្ដោមក្ដាប់ជំនួញរាប់រយពាន់លានក្នុងដៃ និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន បង្ហោះសារយ៉ាងផ្អែមល្ហែម ក្នុងថ្ងៃខួបកំណើត ភរិយាសំណព្វ ជំទាវស្រីតូច ចំណាន ឃើញហើយឡើងរំជួលចិត្ត អាចញញឹមម្នាក់ឯងក៏ថាបាន។

តាមប្រភពហ្វេសបុកផ្ទាល់របស់ អ្នកឧកញ៉ា គិត ម៉េង ស្នេហារវាងអ្នកទាំងពីរពោលគឺគាត់កាន់តែចាស់កាន់តែផ្អែមល្ហែម មិនចាញ់ក្មេងៗនោះទេ ចង់ដឹងថាស្នេហាវ័យចំណាស់នៃអ្នកមានស្ដុកស្ដម្ភរូបនេះ ផ្អែមប៉ុណ្ណា សូមមកដឹងពីខ្លឹមសារជូនពរ ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅខាងក្រោមនេះ៖

អ្នកឧកញ៉ា គិត ម៉េង «មនុស្សខ្លះអានសៀវភៅ និងរឿងដើម្បីស្វែងរកអត្ថន័យនៃពាក្យ “សេចក្តីស្រឡាញ់”។ សម្រាប់បង អត្ថន័យនៃស្នេហា គឺការសម្លឹងមើលកែវភ្នែកដ៏ស្រទន់របស់អូន។ រីករាយថ្ងៃខួបកំណើតអូន ចំណាន ភរិយាសម្លាញ់របស់បង!

បងពុំចាំបាច់ឱ្យហ្វេសប៊ុក ឬកម្មវិធី Google ប្រតិទិន រំឭកបងពីថ្ងៃកំណើតរបស់អូនទេ។ ថ្ងៃដ៏ពិសេសនេះ ត្រូវបានសរសេរ និងស្ថិតក្នុងក្រអៅបេះដូងបង ដូចជាក្តីស្នេហ៍ដែលបងមានចំពោះអូននោះដែរ។ បងពិតជាមិនគួរឱ្យជឿជាមួយនឹងថ្ងៃខួបកំណើតកន្លងមក អូននៅតែឆោមយុង រក្សាបានភាពក្មេង ដូចថ្ងៃដែលយើងប្រតិព័ទ្ធគ្នាគ្រាដំបូង។ ស្របពេលដែលអូនធ្វើពិធីខួបកំណើតនេះ បងចង់ឱ្យអូនចងចាំជានិច្ចថាបងពិតជាទទួលបានពរជ័យដ៏ប្រពៃដែលមានអូនជាភរិយា។

អូនគឺជាភរិយា ជាម្តាយដ៏អស្ចារ្យរបស់កូនៗយើង ជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ជាស្ត្រីដែលមានសប្បុរសធម៌ថ្លៃថ្លា និងជាម្ចាស់បេះដូងរបស់បង។ បងស្រទ្បាញ់អូនដូចថ្ងៃនៃការចាប់ផ្តើមក្តីស្នេហ៍ដំបូងរបស់យើង។ អូនមិនដែលបោះបង់ទាល់តែសោះនូវការខិតខំរបស់អូន ដើម្បីកូនៗយើង និងរូបបង។ ក្នុងឱកាសខួបកំណើតរបស់អូន យើងទាំងអស់គ្នាសូមប្រសិទ្ធពរជ័យ មហាប្រសើរជូនចំពោះអូន។ រីករាយថ្ងៃខួបកំណើតដល់នារីពិសេសដែលតែងតែស្នេហ៍បងជាស្វាមី និងស្រទ្បាញ់គ្រួសារយើងដោយគ្មានលក្ខខណ្ឌ។ ប្រយោគជូនពរតែប៉ុន្មានឃ្លារបស់បងចំពោះអូន គឺមិនអស់ពីទំហំចិត្តរបស់បងទេ។

ដូចឆ្នាំមុនដែរ បងសូមបួងសួងឱ្យអូនមានភាពសប្បាយរីករាយ និងគ្មានកង្វល់។ សូមឱ្យថ្ងៃខួបកំណើតរបស់អូន ពោរពេញទៅដោយភាពរីករាយដ៏ភ្ញាក់ផ្អើល។ សូមឱ្យអ្វីៗដែលអូនពេញចិត្តធ្វើ ផ្តល់កម្លាំងចិត្តឱ្យអូនជារៀងរាល់ថ្ងៃ។

ជាមួយនឹងក្តីស្រទ្បាញ់ដ៏លើសលប់របស់បងចំពោះអូន បងសូមជូនពរឲ្យអូនប្រារព្ធពិធីខួបកំណើតរបស់អូន ពោរពេញដោយសោមនស្ស។ រីករាយថ្ងៃខួបកំណើត អូន ចំណាន!» ៕

អត្ថបទដោយ ៖ ស៊ូ អីន