មិនលេងសើចទេ! Mark Zuckerberg អាចរក​លុយ​បានដល់ពាន់លានដុល្លារ​ពីសេវា​បង់ថ្លៃ Meta Verified

  • 2023-02-23 03:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាបង់ថ្លៃប្រចាំ​ខែ​ដែលគម្រោង​ថ្មីរបស់​ក្រុមហ៊ុន Meta ទំនង​ជាជួយ​រកចំណូល​ឱ្យ​ក្រុមហ៊ុនរបស់​លោក Mark Zuckerberg បានរហូតដល់ ១,៧ពាន់លានដុល្លារ​ឯណោះ ក្នុងឆ្នាំ​២០២៤។ នេះបើតាម​ការព្យាកររបស់​ធនាគារអាមេរិក។

សូមជម្រាប​ថា ស្ថាបនិក​ក្រុមហ៊ុន Meta បាន​ប្រកាស​ពីគម្រោង Meta Verified នេះ ដោយ​តម្រូវ​ឱ្យអ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook និង Instagram ​ បង់ ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ​ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។ នៅពេល​ទទួលបាន​សញ្ញាធីក​ពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់​ នឹងទទួលបាន​សុវត្ថិភាព​ជាងមុន ព្រមទាំងការការពារ​បន្ថែម​ពី​ការ​បន្លំគណនី ឬ Fake Account ពីជនទុច្ចរិត​ផងដែរ ហើយ​ជាពិសេសទៀត​នោះ គឺរាល់ពេលបង្ហោះ​អ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែ​ច្រើន​ជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹង​ទទួលបាន​ Recommendation និង search ឆាប់រកឃើញ​ជាដើម។

អ្នកវិភាគ​របស់​ធនាគារ​អាមេរិក បាន​លើកឡើងថា សេវា subscription នេះ នឹង​ទាក់ទាញដល់បណ្តា Influencer និង Creator ព្រមទាំង​ក្រុមហ៊ុនអាជីវកម្ម ឱ្យ​ប្រើប្រាស់​សេវាកម្មមួយនេះ ពោលគឺ​នឹង​អាចមាន​ subscriber រហូតដល់ចំនួន ១២លាន​ត្រឹមដើមឆ្នាំ២០២៤ និងអាចបង្កើតចំណូលបានឱ្យក្រុមហ៊ុន Meta បាន​រហូតដល់ ១,៧ពាន់លានដុល្លារ ​នៅឆ្នាំក្រោយ​ផងដែរ។

គួរដឹងថា គម្រោង​នេះធ្វើឡើង​បន្ទាប់ពីលោក Elon Musk កាលពីខែធ្នូ បាន​សម្រេច​គិតថ្លៃ ៨ដុល្លារក្នុង១ខែ ឬ ៨៤ដុល្លារ​ក្នុង១ឆ្នាំ ពីអ្នកប្រើប្រាស់ Twitter នៅលើ web និង ១១ដុល្លារ​ក្នុង១ខែ នៅលើ iOS និង Android ដើម្បីទទួលបាន​សញ្ញាធីកពណ៌ខៀវគណនី ឬ Verified Account ដែលទទួលបាន​អត្ថប្រយោជន៍​ស្រដៀងនឹង​ Facebook ខាងលើ​នេះ​ដែរ។ សេវាថ្មីរបស់ Twitter នេះ មាន​អ្នក Subscribe ជិត ៣០ម៉ឺនហើយ នៅទូទាំងពិភពលោក គិតត្រឹម​ដើមខែកុម្ភៈ ឆ្នាំ​២០២៣៕

អត្ថបទ៖ សំភី