AIA​ បាន​ក្លាយ​ជា​ដៃ​គូ​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​បាល់ទាត់​ជើងឯកវិទ្យាល័យ ​រយៈ​ពេល​៣​ឆ្នាំ​

  • 2023-02-23 08:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ AIA បាន​ក្លាយ​ជា​ដៃ​គូ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជើង​ឯក​វិទ្យា​ល័យ​ រយៈ​ពេល​៣​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០២៣​ដល់​២០២៥។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រាជធានីភ្នំពេញ ក្លឹប​បាល់​ទាត់​បឹងកេត​ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៣​ នាអគារខេមរានី។ ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​ស្រី​ ពុធ ធីតា ​ប្រធាន​ក្លឹប​កីឡា​បាល់ទាត់​បឹង​កេត ​បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ក្នុង​ការ​សហការ​ ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង AIA ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ​ជា​ពិសេស​​ការ​ប្រកួត​ជើង​ឯក​វិទ្យាល័យ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​នេះ។ ​ព្រឹត្តិការណ៍​នេះ ​នឹង​ជួយ​ដល់​ប្អូន​ៗ​វិទ្យាល័យ​បាន​បញ្ចេញ​នូវ​ទេព​កោសល្យ ​កសាង​សមត្ថភាព ​ដើម្បី​រួម​ចំណែក​ក្នុង​វិស័យ​កីឡា ​ក្រោម​ពាក្យ​ស្លោក ពលរដ្ឋ​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ​យ៉ាង​តិច​ប្រចាំ​ជីវិត។

​ដោយ​ឡែក​ឯកឧត្តម​ ឃុត ចាន់ដារ៉ា ​អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ​ក៏​បាន​អះអាង​ដែរ​ថា សសយក ​បាន​សហការ​រៀប​ចំ​ព្រឹត្តិការណ៍ ជើង​ឯក​វិទ្យាល័យ ​ចំនួន​២​លើក​មក​ហើយ ​និង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​តាម​បណ្ដា​វិទ្យាល័យ​។ ​ខណៈ​ដែល​វត្តមាន​របស់​ក្រុមហ៊ុន AIA ​មក​ចូល​រួម​សហការ​ទៀត ​នោះ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​បាល់ទាត់​មួយ​នេះ​កាន់​តែ​ជក់​ចិត្ត​មិន​ខាន។ ឯកឧត្តម ​ពិត​ជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន AIA ​ដែល​បាន​ជួយ​គាំទ្រ​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​ដល់​ការ​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​វិទ្យាល័យ​រដូវ​កាល​ទី​៣​នៅ​ឆ្នាំ​២០២៣​នេះ។

​សម្រាប់​ក្រុមហ៊ុន​ធានារ៉ាប់រង AIA Cambodia ​វិញ ​លោក ​Andrew Loh ​ដែល​ជា CEO ​នៅ​កម្ពុជា ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​ការ​សហការ​គ្នា​នេះ​នឹង​មាន​កម្មវិធី​រហូត​ដល់​ទៅ​៣​ឯ​ណោះ។ AIA High School League ​ដែល​ពី​មុន​ឈ្មោះ​ជើង​ឯក​វិទ្យាល័យ ​នឹង​ចាប់​ផ្ដើម​ពី​ខែ​មិថុនា​ដល់​សីហា​ឆ្នាំ​២០២៣​ក្នុង​កម្រិត U18 ​។ ពាន​រង្វាន់​ទី​២​គឺ AIA Children’s Day Tournament ​ដែល​ជា​ព្រឹត្តិការណ៍​ធ្វើ​ឡើង​១​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​កម្រិត U15 ​និង​ពាន​រង្វាន់​ទី​៣​នោះ​គឺ AIA Corporate Cup ​ដែល​បើក​ឱ្យ​ភាគី​ចូល​រួម។ គោលដៅ​ដែល​ក្រុម​ហ៊ុន AIA ​សហការ​ក្នុង​វិស័យ​បាល់ទាត់​នេះ គឺ​ចង់​លើក​ស្ទួយ​ទៅ​លើ​យុវជន ជា​ពិសេស​ទៅ​លើ​ការ​ធានា​រ៉ាប់រង​សុខភាព​របស់​ពួកគេ​ផ្ទាល់​តែ​ម្ដង៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី