រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹង​ធ្វើទស្សនកិច្ចនៅកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះ​ដ៏ធំ និង​ទំនើប​បំផុត​នៅ​កម្ពុជា

  • 2023-02-23 10:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និង​នេសាទ អម​ដំណើ​ដោយប្រតិភូ​ជា​​ថ្នាក់ដឹកនាំក្រសួង នឹង​អញ្ជើញធ្វើដំណើរទស្សនកិច្ច​នៅកសិដ្ឋានគិរីសួគ៌ របស់​ក្រុមហ៊ុនខ្មែរ​ហ្វ្រេស មីល ឯ.ក ​ជាកសិដ្ឋាន​​មួយ​ប្រើ​បច្ចេកវិទ្យាទំនើបបំផុត​ នៅ​ថ្ងៃសុក្រ​ ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កសិដ្ឋាននឹង​ធ្វើការ​បង្ហាញ​ជូន​​ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និង​នេសាទ ប្រតិភូអមដំណើរ និង​អ្នកសារព័ត៌មាន​ជា​ច្រើន​ស្ថាប័ននូវ​​ផ្នែកដាំដុះ រួមមានគ្រឿងចក្រ ម៉ាស៊ីន ដាំដុះ ច្រូតកាត់ ចម្ការពោត ចម្ការ​ស្មៅម៉ុមបាសា ប្រព័ន្ធ​ស្រោចទឹក អាងស្ដុកទឹក និង​ស្ថានីយ៍បូមទឹក។

នៅ​កសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះ​គិរីសួគ៌​ដែល​ស្ថិត​នៅ​ភូមិ​ឱភាសាំង ឃុំ​កណ្ដឹង ស្រុកបាទី ខេត្ត​តាកែវ​នេះ​ផង​ដែរ ក៏​មានការ​បង្ហាញ​នូវ​ដំណើរការចង្វាក់​ផលិតកម្ម​នៃ​ការ​ផលិត​ទឹកដោះគោស្រស់ យ៉ាអួ ស្ដង់ដារ​ក្រោល​គោ និងការ​លាយចំណី ដោយ​ប្រើជាផ្នែក​នៃ​​កសិកម្មទំនើប​។

លោក ជី សិលា សហស្ថាបនិក​នៃ​ក្រុមហ៊ុន ខ្មែរ​ហ្វ្រេស មីល ឯ.ក បាន​មានប្រសាសន៍​ថា៖ «ក្ដីស្រមៃរបស់ខ្ញុំ ខ្ញុំគិតថា ខ្ញុំ​ចង់​ឱ្យមាន​ឱកាសអញ្ជើញថ្នាក់ដឹកនាំ រដ្ឋមន្ត្រីយើង​ឱ្យបានកាន់តែច្រើន ឱ្យ​បាន​ចូលរួម​ ជាពិសេ​ស​រដ្ឋមន្ត្រីក្រសួងកសិកម្ម បើអាច​សម្ដេច​នាយករដ្ឋមន្ត្រីលោកអាចមកទស្សនកិច្ច​នៅកសិដ្ឋានទឹកដោះគោយើងគឺកាន់តែប្រពៃមែនទែន!»។

កសិដ្ឋានគិរីសួគ៌យើងតាំងពីចាប់ផ្ដើមសាងសង់​រហូត​ដល់ទទួល​បានតំណក់ទឹកដោះគោដំបូង​ រហូត​ដល់​ឥឡូវ​នេះ មាន​រយៈពេល​ជាង​៤​ឆ្នាំ​​ហើយ។ កសិដ្ឋាន​ក៏័​បានចែកចាយនៅលើទីផ្សារ តាមផ្សារទំនើប ផ្សារធម្មតា ពីរបីពាន់​កន្លែង​ ដោយ​​ទទួល​បានការគាំទ្រ​ច្រើន​មែនទែន។

លោក ជី សិលា បាន​បន្ត​ថា៖ «ក្នុងន័យ​នេះ​ក៏យើង​គិត​ថា វា​ជាការ​ជោគជ័យ​មួយជំហាន ទី១​ ដែលយើង​បាន​ឈរ​ក្នុង​នាមជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ហើយ​ក៏ជា​កសិដ្ឋាន​ផលិតទឹកដោះគោទី១​ដែលយើង​មានទំហំចែកធំ ហើយ​មានការផលិតធំ»។

ចាប់តាំងពី​វិបត្តិ​កូវីដបានថមថយ កសិដ្ឋានគិរីសួគ៌​​បាន​​បើកទ្វារ​ទទួល​នូវសិស្ស​សាលា ភ្ញៀនិង​វជាច្រើន ដើម្បី​​ចូលទៅមើល​ និង​ទស្សនកិច្ច​សិក្សា​ ក៏ដូចជា​ទៅ​ទទួល​យកចំណេះដឹង​ពី​កសិដ្ឋាន​គិរីសួគ៌​​ ដែល​ប្រើ​បច្ចេកវិទ្យាទំនើប​។ លោក​បាន​បញ្ជាក់ថា៖ «យើង​មិនត្រឹម​តែ​ថា​ប្រើម៉ាស៊ីនច្រើនទេ យើង​ថែមទាំង​ប្រើទាំងផ្នែក Big Data Technology ទៀតដូចជា AI ដើម្បី​ឱ្យដឹង​ថា​គោហ្នឹង​វា​មានជំងឺ ឬ​ក៏សុខភាពល្អ​ ឬ​ក៏​ផឹកទឹក មិនផឹកទឹកអី​ ហើយ​សូម្បី​តែ​ការ​ស្រោចស្រព​ដំណាំ​របស់​យើង​គឺ​យើង​ប្រើ​បច្ចេកវិទ្យា​តាម IOT ( Internet of Things)។

លោក​បាន​បន្ត​ថា៖ «សម្រាប់យើង ក៏វាជាមោទនភាព​ផង​ ដោយសារ​និន្នាការ​របស់​រាជរដ្ឋាភិបាលយើង​ឥឡូវនេះ​កំពុង​​តែ​ផ្ដោត​ទៅលើ​កសិកម្ម​​ឱ្យ​បាន​ច្រើន ជាពិសេស​កសិកម្មទំនើប​។ យើង​ចង់ចូលរួម​ចំណែក​មួយដែរ​ជាមួយរាជរដ្ឋាភិបាល​ ដើម្បីជួយផ្សព្វផ្សាយ​ក៏​ដូចជាលើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគទុន​ក្នុង​ស្រុក ក៏​ដូចជា​ក្រៅ​ស្រុក​ឱ្យ​មក​ស្រុក​ខ្មែរ​ឱ្យ​បានកាន់តែច្រើនដើម្បី​វិនិយោគជួយ​ធ្វើម៉េច​ឱ្យ​ការបង្កើន​ផលិតកម្ម​ ហើយ​បង្កើត​ម៉ាកយីហោ ឬ​ក៏​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​កាន់តែ​ច្រើន»​។

សត្វគោដែល​ត្រូវបានចិញ្ចឹម​នៅ​កសិដ្ឋានគិរីសួគ៌ ត្រូវ​បាន​​ដឹកតាមយន្តហោះ​ពីអូស្ត្រាលី​ចំនួន​ ៥០០​ជាង​ក្បាល​។ មក​ដល់សព្វ​ថ្ងៃនេះ​ សត្វ​គោ​បានកើតកូន​ចៅរហូត​ដល់​ជំនាន់ទី​៣ហើយ ដោយចំនួនសរុប​ចូលជាង ១ពាន់ក្បាល។

លោក ជី សិលា បាន​ឱ្យដឹង​ថា៖ «យើងមាន ៥០០-៦០០ក្បាលដែលផលិតទឹកដោះគោ ក្រៅពីហ្នឹងគឺគោដែលកំពុងតែធំ គោកំពុងតែផើម ឬ​គោ​ដែលកំពុងសម្រាក​ពីការផលិតទឹកដោះ»។

ក្នុង​១​ថ្ងៃ កសិដ្ឋានគិរីសួគ៌​​ផលិត​បាន​ប្រហែលពី​ ១២០០០ ទៅ ១៥០០០​លីត្រ​ ដើម្បី​ឆ្លើយតប​ទៅនឹងកំណើន​​​តម្រូវការ​។ លោកសង្ឃឹមថា ទៅ​មុខ​ទៀត​ក៏​យើង​សង្ឃឹមថា យើងអាចផលិតទឹកដោះគោយើង​កាន់តែ​ច្រើន ហើយទឹកដោះគោយើង​អាចផលិត​បាន​ប្រភេទ​ផ្សេងៗ​ទៀត។

លោក ជី សិលា សហស្ថាបនិក​នៃ​ក្រុមហ៊ុន ខ្មែរ​ហ្វ្រេស មីល ឯ.ក បាន​ឱ្យដឹង​ថា៖ «ឥឡូវហ្នឹង​ យើង​ផលិតទឹកដោះគោស្រស់។ តិចទៀត​យើង​ចង់ផលិតទឹកដោះគោ​ដែលអាចទុកយូរបាន ហើយ​យើង​ឥឡូវ​​ហ្នឹង​មានយ៉ាអួ យើងសង្ឃឹមថា យើង​នឹងមានយ៉ាអួអាចផឹកបាន។ ថ្មីៗ​នេះយើងបានផលិតនូវប័រ និង​ក្រែមទឹកដោះគោ ហើយ​ក៏​យើង​បាន​លក់ទឹកដោះគោស្រស់របស់​យើង​ឱ្យទៅ​ក្រុមហ៊ុនផ្សេងៗទៀតដែល​គាត់ផលិតឈីសលក់នៅតាមទីផ្សារ និង​តាមភោជនីយដ្ឋាន តាមសណ្ឋាគារនានា»។

ជិន សុភ័ក្ដ្រ