ផ្លូវជាតិលេខ៤ ដែល​កំពុងធ្វើ ១៧០គ.ម នឹងបញ្ចប់​ឆ្នាំនេះ ខណៈសល់ ២៦គ.មទៀត​ គ្រោងបញ្ចប់ឆ្នាំក្រោយ

  • 2023-02-24 02:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ផែនការ​ដែលបានគ្រោង​ទុក​ ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ​​នៃគម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិលេខ៤ ប្រវែង ១៩៦គីឡូម៉ែត្រ នឹងបញ្ចប់​នៅដំណាច់​ឆ្នាំ​២០២៣នេះ។ ចំណែក​ផ្លូវសល់ប្រវែង ២៦ គីឡូម៉ែត្រ​ទៀត​គ្រោងបញ្ចប់​នៅឆ្នាំ២០២៤។ នេះបើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងពេល​ចុះត្រួតពិនិត្យ​ផ្លូវនេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៣។

ឯកឧត្តម បានបន្តថា ក្នុងគម្រោងនេះ មាន​ស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២កន្លែងនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។

បើតាម​ឯកឧត្តម ឱ្យដឹងទៀតថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។

នៅក្នុងគម្រោងនេះ ក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន ០៤ទីតាំងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

គួររម្លឹកផងដែរថា៖ ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងកំពង់ផែភាគនិរតី ដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា។ ខ្សែផ្លូវនេះ នឹងត្រូវលើកកម្រិតគុណភាពជាពិសេសក្រោម​កម្ចី​សម្បទាន ១១០លានដុល្លាររបស់​ធនាគារពិភពលោក សម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និងកុងតឺន័រ ដើម្បីឱ្យស្របទៅតាមកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសជាតិ៕

អត្ថបទ៖ សំភី