ប្រសាសន៍សម្តេចតេជោ៖ អង្គរសង្ក្រាន្តឆ្នាំនេះសប្បាយណាស់ ចាំមើលៗ!
- 2023-02-24 07:16:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសាសន៍សម្តេចតេជោ៖ អង្គរសង្ក្រាន្តឆ្នាំនេះសប្បាយណាស់ ចាំមើលៗ!
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញពីភាពរីករាយ និងក្តីសង្ឃឹមជាមុនរួចស្រេចហើយថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ នឹងបង្កើតការសប្បាយរីករាយយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីខកខានរយៈពេល៣ឆ្នាំមក។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានមានប្រសាសន៍ថា «ជិតដល់ចូលឆ្នាំហើយ អង្គរសង្ក្រាន្តសប្បាយណាស់ឆ្នាំនេះ កុំសូវពេក ចាំមើលៗ»។
សម្តេចបន្តថា ក្រោយធ្វើពិធីបើកព្រឹត្តិការណ៍នេះរួចរាល់ហើយ សម្តេចនឹងអញ្ជើញទៅលេងអង្គរវត្ត។ «ឆ្នាំនេះ ខ្ញុំគិតថា ដើរលេងអង្គរវត្តឱ្យណាណីម្តង ព្រោះអត់សូវបានដើរ» ។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលធ្វើឡើងនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដេីម្បីជាការលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកធ្វើការរំលេចឡើងជាផ្ទាំង នៃទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និង សិល្បៈទស្សនីយភាពជាច្រើនទៀត។
អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះនឹងមានលក្ខណៈកាន់តែលេចធ្លោធំជាងបណ្ដាឆ្នាំមុនៗ ដោយមានការប្រមូលផ្ដុំនូវកម្មវិធី ព្រឹត្តិការណ៍ និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) មកជួបជុំគ្នា ដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន៤៤កម្មវិធី (កើនចំនួន៣៣ កម្មវិធីប្រៀបធៀបក្នុងឆ្នាំ២០១៣) នៅតាមទីតាំង ឬតំបន់ចំនួន ៦ ផ្សេងគ្នា (កើនចំនួន៤ទីតាំង ប្រៀបធៀបក្នុងឆ្នាំ២០១៣) និងមានកំណើនយុវជនស្ម័គ្រចិត្តជាច្រើនចូលរួម (២៣២៤នាក់ នៅឆ្នាំ២០១៣ និង៤២៤៩នាក់ នៅឆ្នាំ២០១៨។ នេះបើតាមការបង្ហោះរបស់ផេកហ្វេសប៊ុក «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»៕