ក្រោយ​មាន​រឿង ឯកឧត្តម វ៉ាត់ ចំរើន ថា ថៃបានជួយ​ឲ្យ "គុន​ខ្មែរ" ចំណេញច្រើន

  • 2023-03-03 04:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ទុះ​នៃ​ការ​គាំទ្រ “គុន​ខ្មែរ" បាន​មក​ដល់​ចំណុច​ខ្ពស់​មួយ​នា​ពេល​បច្ចុប្បន្ន មិន​ថា​តែ​នៅ​ក្នុង​ស្រុក និង​សូម្បី​ក្រៅ​ស្រុក ហើយ​ចំណុច​មួយ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នៅ​រយៈ​ចុង​ក្រោយ​នេះ គឺ​ថៃ​បាន​ជួយ​ឲ្យ "គុន​ខ្មែរ" របស់​យើង​ចំណេញ​ច្រើន។

រឿង​ចម្រូងចម្រាស់​អំពី​ "គុន​ខ្មែរ" និង "មួយថៃ" បាន​កើត​ឡើង ក្រោយ​ពី​កម្ពុជា​បាន​សម្រេច​ដាក់​បញ្ចូល​វិញ្ញាសារ "គុន​ខ្មែរ" ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​សហព័ន្ធ​មួយ​ថៃ​អន្តរជាតិ​ប្រតិកម្ម  ហើយ​ពួក​គេ​ថា នឹង​មិន​បញ្ជូន​កីឡា​របស់​ខ្លួន​ប្រភេទ​នេះ​មក​ចូល​រួម​នោះ​ទេ។ មិនត្រឹម​ប៉ុណ្ណឹង ពួក​គេ​នៅ​បាន​ព្រមាន សមាជិក​ដទៃ​ទៀត​មិន​ឲ្យ​ចូល​រួម​ដែរ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ «Asian Indoor and Martial Arts Games» នៅប្រទេសថៃនាចុងឆ្នាំនេះទេ។

មិន​ត្រឹម​តែ​កម្រិត សហព័ន្ធ ប៉ុន្តែ​សូម្បី​អត្តពលិក ដូច​ជា​កីឡាករ​ប្រដាល់ ប៊ូខាវ ក៏​បាន​ចេញ​មក​អះអាង​ថា ខ្លួន​មិន​ជាប់​ឈាម​ជ័រ​ជា​ខ្មែរ ពោល​គឺ​ជនជាតិ​គួយ​ក្នុង​ពេល​តំណាល​គ្នា​ថែម​ទៀត។ រឿង​រ៉ាវ​ទាំង​នេះ បាន​ជំរុញ​ទឹក​ចិត្ត​ស្រឡាញ់​ក្នុង​ស្រុក​ផ្ដើម​ស្រឡាញ់​ប្រភេទ​កីឡា​ប្រភេទ​នេះ​របស់​ខ្មែរ ក្នុង​នោះ​គេ​ឃើញ​ក្រុម​អ្នក​មាន​ទ្រព្យធន ឧកញ៉ា ជា​ច្រើន​បាន​បរិច្ឆាគ​ធនជាតិ​ជូន​កីឡាករ​គុន​ខ្មែរ​បង្ហាញ​ពី​ការ​រួបរួម​គ្នា គាំទ្រ​គុន​ខ្មែរ។

មិន​ត្រឹម​តែ​នៅ​ក្នុង​ស្រុក ប៉ុន្តែ​នៅ​ក្រៅ​ស្រុក​ក៏​ដូច​គ្នា ជាក់​ស្ដែង សូម្បី​កីឡាករ​ប្រដាល់​ មួយថៃ និង​ជា​ពិធីករ​ល្បី​ឈ្មោះ​របស់​ថៃ អាំង​ទាន់ ពីនតូ ក៏​បាន​សរសេរលើ​បណ្ដាញ​សង្គម​របស់​គេ​ដែរ​ថា គេ​កត់​សម្គាល់​ថា នៅ​ពេល​នេះ មនុស្ស​ជា​ច្រើន​ឡើងៗ គាំទ្រ​គុន​ខ្មែរ។

ក៏​ដូច​គ្នា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ក្នុង​ថ្ងៃ សន្និសីទសារព័ត៌មាន​ស្ដី​ពី​វឌ្ឍនភាព​នៃការ​ត្រៀម SEA GAMES-ASEAN Para Games 2023​នៅ NOCCរៀប​ចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​លើក​ឡើង​ថា ថៃ​បាន​ជួយ​ឲ្យ​គុនខ្មែរ​ចំណេញច្រើន​ពី​ករណី​នេះ។

ក្រៅ​ពី​ការ​បណ្ដុះស្មារតី​គាំទ្រ​គុន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុង​នោះ​ កម្ពុជា​ក៏​ចំណេញ​លើ​សមាជិកភាព​នៃ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ទៀត​ផង។ ឯកឧត្តម លើក​ឡើង​ថា តាំង​ពី​មាន​រឿង​មក មាន​ប្រទេស​ជា​ច្រើន​សុំ​ចូល​ជា​សមាជិក "សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ" ពី​ជាង ២០ប្រទេស មក​ជាង ៥០​ប្រទេស​ហើយ​នា​ពេល​បច្ចុប្បន្ន។

ឯកឧត្តម​បន្ត​ថា ប្រទេស​ធំ​ៗ​មាន​ដូច​ជា ឥណ្ឌា អ៊ីរ៉ង់ ជា​ដើម​សុំ​ចូល​ជា​សមាជិក "សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ" ដោយ​ពួក​គេ​ស្រាវជ្រាវ​ហើយ​យល់​ថា គុន​ខ្មែរល្អ មានមូលដ្ឋាន​គ្រឹះ មាន​​ក្បួន​ច្បាប់​ត្រឹម​ត្រូវ​ មាន​មូលដ្ឋាន​ច្បាស់ ហើយ​គុន​ខ្មែរ​មាន​មូលដ្ឋានស៊ីជម្រៅ​ផ្នែក​វប្បធម៌​របស់​ខ្លួន។ ដូច្នេះហើយ ទើប​ប្រទេស​ជា​ច្រើន​សុំ​ចូល​ជា​សមាជិក​បន្ត​បន្ទាប់៕

អត្ថបទ៖ ទារិកា