បុណ្យភូមិឆ្នាំទី១០​ ត្រៀមបង្ហាញទស្សនីយភាពកាន់តែប្លែក និងអស្ចារ្យ

  • 2023-03-04 05:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈកាល ១០ឆ្នាំមកហើយ ដែលបុណ្យភូមិបានកកើតឡើង។ គំនិតតូចមួយពីស្ថាបនិកទាំងបួននាក់ ក្លាយជា មហោស្រពសិល្បៈដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ហើយវាសឹងតែមិនគួរឲ្យជឿផងដែលប្រជាជនខ្មែរគ្រប់ស្រទាប់ វណ្ណៈមានការស្រឡាញ់បុណ្យភូមិដូចពួកគេដែរ។

កាលពីឆ្នាំ ២០១៤ បុណ្យភូមិឆ្នាំដំបូងបានប្រព្រឹត្តឡើងនៅវត្តព្រែកថ្លឹង។ ហើយបុណ្យភូមិមានក្រុមការងារស្ម័គ្រចិត្ត មិនដល់៣០នាក់ទេ។ ក្រុមការងារស្ម័គ្រចិត្តរបស់បុណ្យភូមិដែលយើងដាក់ឈ្មោះថា «ឡេឡេបុណ្យភូមិ» ហើយ កាលពីឆ្នាំ២០១៤នោះ គឺសុទ្ធសឹងតែជាមិត្តភក្តិជិតស្និទ្ធរបស់សហស្ថាបនិកនៃបុណ្យភូមិ។

កាលពីចាប់ផ្ដើមដំបូង បុណ្យភូមិមានឆាកឈើតូចៗដែលធ្វើពីគ្រែ ហើយមិនមានអ្វីធំដំុអស្ចារ្យនោះទេ ប៉ុន្តែមាន ប្រិយមិត្តមកចូលរួម ដែលយើងហៅថា «អ្នកស្រុកបុណ្យភូមិ» នោះ មកជាច្រើនកុះករ។

ពីដំបូងឡើយ បុណ្យភូមិកើតចេញពីសន្ទនាមួយដែលស្ថាបនិកទាំងបួននាក់ដែលមាន រិទ្ធី លំអរពេជ្រ, រិទ្ធី លំអរកេសរ, បូ សកលកិត្យា, និង អ៊ុំ ច័ន្ទទេវី ដែលបាននិយាយគ្នាពីវប្បធម៌នៃការក្រាលកន្ទេលមើលល្ខោន ដែលបានបាត់ប្រជាប្រិយភាពទៅបន្តិចម្ដងៗ។ ហើយបុណ្យភូមិក៏បានកកើតឡើង ដំបូងគិតថាតែមួយល្ងាចទេ តែដោយសារមានអ្នកស្រុកបុណ្យភូមិមកកុះករ ក៏បើកវង់រាំលេង និង លេងល្បែងប្រជាប្រិយ។

ឆ្នាំនេះ ជាឆ្នាំទី១០ នៃបុណ្យភូមិហើយ បុណ្យភូមិចង់បង្ហាញជាសាធារណៈអំពីចក្ខុវិស័យរបស់យើង

ចក្ខុវិស័យ៖1. មហោស្រពសិល្បៈបុណ្យភូមិជាស្ពានចម្លងការយល់ដឹង និងឈ្វេងយល់នៃសិល្បៈ និងវប្បធម៌របស់កម្ពុជា ទៅកាន់ប្រជាជនកម្ពុជាដែលជាយុវជនជំនាន់ក្រោយ ក៏ដូចជាផ្សាភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលផងដែរ។ 2. ជាអ្នកវិនិយោគលើ ការអភិរក្ស និង ការអភិវឌ្ឍន៍ ដែលការវិនិយោគនោះផ្ដោតសំខាន់ទៅលើ ការវិនិយោគ ទៅលើសិល្បករ សមាគមសិល្បៈ អ្នកស្រាវជ្រាវ ដើម្បីឲ្យមានការបន្តបង្កើត និងអភិវឌ្ឍស្នាដៃថ្មីៗ 3. ជាសហគមន៍ច្នៃប្រឌិត ដើម្បីបង្កើតជាបណ្ដាញនៃទឹកចិត្ត និងព្រលឹងនៃខ្មែរក្នុងចំណោមយុវជន នៃប្រទេសកម្ពុជា ដោយវប្បធម៌និងសិល្បៈ តន្រ្តី និងភាពយន្ត

ព័ត៌មានមួយទៀតដែលពួកយើងគិតថា មានប្រិយមិត្តជាច្រើនកំពុងតែរង់ចាំ។​ សំណួរដែលពួកយើងទទួកបានច្រើនបំផុតគឺ “តើបុណ្យភូមិឆ្នាំនេះធ្វើឡើងនៅទីណាដែរ?”

មហោស្រពសិល្បៈបុណ្យភូមិ សូមប្រកាសថា នៅក្នុងឆ្នាំទី ១០នេះដែរ មហោស្រពសិល្បៈបុណ្យភូមិ នឹងធ្វើឡើង រយៈពេល ១០ ថ្ងៃ និងនៅទីតាំងចំនួនបី។ ទាំង១០ថ្ងៃនេះ យើងនឹងបែងចែកជា ៣ សប្ដាហ៍។

» សប្ដាហ៍ទី១ យើងឲ្យឈ្មោះថាជា សប្ដាហ៍សិល្បៈសម័យ ដែលយើងនឹងធ្វើនៅ ហ្វេកតូរី ភ្នំពេញ នៅថ្ងៃទី ១ និង២ ខែមេសា។ នេះជាសប្ដាហ៍ថ្មីមួយដែលយើងបានបង្កើតឡើងពីឆ្នាំ ២០២២ នៅហ្វេកតូរី ភ្នំពេញ។ » សប្ដាហ៍ទី ២ យើងឲ្យឈ្មោះថាជា សប្ដាហ៍ពិសេស ដែលយើងនឹងធ្វើនៅ ផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ នៅថ្ងៃទី ៣ ៤ ៥ និង៦ ខែមេសា។ » សប្ដាហ៍ទី ៣ យើងឲ្យឈ្មោះថាជា «សប្ដាហ៍បុរាណ» ដែលយើងនឹងធ្វើនៅ ទីតាំងវត្តដែលមានចម្ងាយ ៤៥នាទីពីទីក្រុង នៅថ្ងៃទី ៧ ៨ និង៩ ខែមេសា។

បន្ថែមជាមួយនឹង សប្ដាហ៍សិល្បៈបែបគំនូរ ដែលនឹងធើ្វឡើងនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ នៅវិចិត្រសាល នៃសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ដែលនឹងចាប់ផ្ដើមដាក់តាំងពី ថ្ងៃទី ១មេសា ដល់ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣

មហោស្រពសិល្បៈបុណ្យភូមិ ពិតជាមានអ្នកគាំទ្រ និងអ្នកឧបត្ថម្ភល្អបំផុត អញ្ចឹងហើយពួកយើងចង់ប្រកាស អ្នកឧបត្ថម្ភរបស់យើងនៅឆ្នាំនេះ។

សម្រាប់សប្ដាហ៍បុរាណ ដែលជាសប្តាហ៍ធ្វើនៅវត្ត គឺនាំមកជូនដោយ Smart Axiata ដែលក្រុមហ៊ុន ស្មាត តែងតែ ជាដៃគូរបស់យើងជាច្រើនឆ្នាំមកហើយ ហើយពួកយើងក៏សូមថ្លែងអំណរគុណជាអនេក ចំពោះ ក្រុមហ៊ុនស្មាត ដែលតែងតែគាំទ្រពួកយើង សង្ឃឹមថាការសហការមួយនេះនឹងមានអាយុកាលយូរអង្វែង។ សម្រាប់ សប្ដាហ៍ពិសេស ដែលយើងទើបតែបន្ថែមចូលនៅឆ្នាំនេះគឺយើងបានទទួលការឧបត្ថម្ភពីភេសជ្ជៈ Express ក៏ដូចជាការសហការផ្ដល់ទីតាំងប្រើប្រាស់ ទីតាំងប្រារព្ធមហោស្រពសិល្បៈបុណ្យភូមិ នៅជីបម៉ុង មេហ្គាម៉ល ដោយ ឥតគិតថ្លៃ។

ចំពោះសប្ដាហ៍សិល្បៈសម័យវិញ យើងមិនស្វែងរកអ្នកឧបត្ថម្ភនោះទេ ប៉ុន្តែសប្ដាហ៍នេះនឹងប្រព្រឹត្តទៅបាន គឺ នឹងដោយសារការគាំទ្ររបស់អ្នកស្រុកបុណ្យភូមិទាំងអស់គ្នា ដែលនឹងអញ្ជើញមក ដោយការទិញសំបុត្រ ចូលរួមទស្សនា។ កម្រៃដែលយើងនឹងរកបាន វានឹងចូលទៅកាន់ការគាំទ្រសិល្បករនៅថ្ងៃកម្មវិធី ហើយអ្វីដែល ពិសេសទៀតនោះ កម្រៃនោះក៏នឹងទៅឧបត្ថម្ភ ដល់គម្រោងប្អូនរបស់បុណ្យភូមិមួយទៀត ដែលក៏ជាការរៀបចំរបស់ បុណ្យភូមិដែរ។

តើហេតុអ្វីមហោស្រពសិល្បៈដែលធ្លាប់តែបើកឲ្យចូលដោយសេរី តែហេតុអ្វីទើបពេលនេះបែរជាលក់សំបុត្រ ទៅវិញ? » មហោស្រពសិល្បៈនៅតែបើកឲ្យចូលដោយសេរី លើកលែងតែសប្ដាហ៍សិល្បៈសម័យប៉ុណ្ណោះ ដែលនឹងបើកលក់ ជាសំបុត្រដើម្បីចូលរួមទស្សនា។

សប្ដាហ៍ពិសេសដែលនឹងធ្វើនៅ ជីបម៉ុង មេហ្គាម៉ល ២៧១ និងសប្ដាហ៍បុរាណដែលនឹងធ្វើនៅទីតាំងវត្ត ដែលមានចម្ងាយ ៤៥នាទី ពីទីក្រុង គឺបើកឲ្យទស្សនាដោយសេរី ដោយសារយើងមានការឧបត្ថម្ភពី ស្មាត និង ភេសជ្ជៈ EXPREZ។ មហោស្រពសិល្បៈបុណ្យភូមិ មិនមែនជាកម្មវិធីរកកម្រៃនោះទេ។ រាល់កម្រៃដែលទទួលបានពីអ្នកឧបត្ថម្ភ គឺចូលទៅ កាន់ការផ្គត់ផ្គង់ផលិតកម្មនៃកម្មវិធីទាំងមូល រួមទាំងការផ្គត់ផ្គង់យុវជនស្ម័គ្រចិត្ត សិល្បករ និងក្រុមការងាររៀបចំ កម្មវិធីទាំងមូល ដែលជាក្រុមការងារភ្លើងគប់។

អញ្ចឹងបកទៅការលក់សំបុត្រសម្រាប់សប្ដាហ៍សិល្បៈសម័យនោះគឺ ៖ ក្នុងឆ្នាំនេះបុណ្យភូមិនឹងទទួលបានកម្រៃបន្ថែមទៀតពីការលក់សំបុត្រនៅសប្ដាហ៍សិល្បៈសម័យកម្រៃទាំងនោះផង ដែរ នឹងក្លាយជាកម្រៃផ្គត់ផ្គង គម្រោងប្អូនមួយទៀតរបស់បុណ្យភូមិ ដែលមានឈ្មោះថា «បុណ្យភូមិមានជើង»។

២. បុណ្យភូមិ និង ភ្លើងគប់ មានការភាន់ច្រឡំមួយដែលបានលើកឡើងថា បុណ្យភូមិ និង ភ្លើងគប់ គឺជាស្ថាប័នតែមួយ។ អញ្ចឹងដើម្បី បកស្រាយចម្ងល់ ពួកយើងសូមប្រកាសជាសាធារណៈថា បុណ្យភូមិ ជាមហោស្រពសិល្បៈឯករាជ្យ ដែលមិននៅ ជាមួយក្រោមការដឹកនាំ ឬជាស្ថាប័នតែមួយជាមួយភ្លើងគប់នោះ​ទេ។ បុណ្យភូមិ ជាគម្រោងមួយនៃគម្រោងជាច្រើនផ្សេងទៀតដែលក្រោមការរៀបចំរបស់ភ្លើងគប់។ ភ្លើងគប់ ជាក្រុមហ៊ុនមួយនៅប្រទេសកម្ពុជាដែលជំនាញឯកទេសរបស់យើង គឺទៅលើផ្នែកគម្រោងច្នៃប្រឌិតដូចជា ភាពយន្ត មហោស្រពសិល្បៈនិងតន្ត្រី និងការប្រគំតន្រ្តី ព្រមទាំងគ្រប់គ្រងសិល្បករផងដែរ។ មហោស្រពសិល្បៈ បុណ្យភូមិ ជាគម្រោងដំបូងគេបង្អស់ដែលភ្លើងគប់ទទួលរៀបចំ។

៣. បុណ្យភូមិមានជើង

បុណ្យភូមិមានជើង ជាគម្រោងមួយដែលពួកយើងបានគិតទុកជាយូរមកហើយព្រោះថា ប្រិយមិត្តនៅតាមខេត្ត ជាច្រើនបានអញ្ជើញ មហោស្រពបុណ្យភូមិ ទៅកាន់ខេត្តរបស់ពួកគេ។ បុណ្យភូមិមានជើង នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ចក្ខុវិស័យរបស់បុណ្យភូមិមានជើង៖ • បង្កើនប្រជាប្រិយភាពទៅដល់ខេត្តនានា ដែលមិនសូវមានប្រជាប្រិយភាព • បង្កើតសហគមន៍ច្នៃប្រឌិតនៅតាមបណ្ដាខេត្ត ដើម្បីបង្កើតជាបណ្ដាញនៃទឹកចិត្តនិងព្រលឹងនៃខ្មែរក្នុង ចំណោមយុវជននៃប្រទេសកម្ពុជា ដោយវប្បធម៌និងសិល្បៈ តន្រ្តីនិងភាពយន្ត • ឡេឡេតាមតំបន់ • វិនិយោគលើ ការអភិរក្ស និង ការអភិវឌ្ឍន៍ទៅលើសិល្បករនៅតាមតំបន់ និងតាមបណ្ដាខេត្តនានា ដែលការវិនិយោគនោះផ្ដោតសំខាន់ទៅលើ ការវិនិយោគទៅលើសិល្បករនៅតាមតំបន់ សមាគមសិល្បៈ អ្នកស្រាវជ្រាវនៅតាមតំបន់ ដើម្បីឲ្យមានការបន្តបង្កើត និងអភិវឌ្ឍស្នាដៃថ្មីៗ

សូមអរគុណ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក លី សីលៈវតី៖ +855 17 294 967 និង ចំរើន៖ +855 97 530 8312

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី