សហព័ន្ធ​ E-Sports​ បង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​នៅ​ស៊ីហ្គេម​ បន្ទាប់​ពី​ឃើញ​សមត្ថភាព​របស់​ជើងឯក​ VALORANT

  • 2023-03-05 15:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ បង្ហាញ​ទំនុក​ចិត្តខ្ពស់​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ថា​នឹង​ទទួល​បាន​ជោគជ័យ​ ខណៈ​បាន​ឃើញ​ផ្ទាល់​ជើងឯក​ប្រចាំ​វិញ្ញាសា​ VALORANT ​បញ្ចេញ​ថ្វីដៃ​ស្ទាត់ជំនាញ។​

លោក​ លន់​ សាមឌី

លោក​ លន់​ សាមឌី​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ Road to 32nd SEA GAMES 2023 ​លើ​វិញ្ញាសា​ VALORANT​ និង​ WILD RIFT ​មើល​ឃើញ​ថា​ក្រុម​ជើងឯក​ AG ESPORTS​ គឺ​លេង​បាន​ល្អ​ និង​មាន​សមត្ថភាព​ខ្លាំង​តែ​ម្ដង។​ ពោល​តាំង​ពី​វគ្គ​ជម្រុះ​រហូត​ដល់​ផ្ដាច់ព្រ័ត្រ​គឺ​ក្រុម​ AG ESPORTS​ បង្ហាញ​ទម្រង់​ល្អ​មែនទែន។​ តាម​រយៈ​ទឹក​ដៃ​ប្រកួត​នេះ​សហព័ន្ធ​ជឿជាក់​ពួកគេ​នឹង​ធ្វើ​បាន​ល្អ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​ខាង​មុខ​នេះ។​

ទិដ្ឋភាពបិទការប្រកួត

ទន្ទឹង​និង​នេះ​សហព័ន្ធ​នឹង​តាមដាន​ការ​ប្រកួត​របស់​ពួកគេ​នៅ​ Pre-Sea Games​ ដែល​នឹង​រៀបចំ​ឆាប់​ៗ​នៅ​ពេល​ខាង​មុខ​បន្ត​ទៀត។​ ក្នុង​នាម​សហព័ន្ធ​នឹង​ជួយ​ជំរុញ​លើ​ការ​ហ្វឹកហាត់​បន្ថែម​ដល់​កីឡាករ​ទាំង​វិញ្ញាសា​ VALORANT​ និង​ WILD RIFT​ និង​ការការពារ​ខ្លួន​ពី​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ក្នុង​កីឡា​ជា​ដើម​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ ខែ​ឧសភា​ ខាង​មុខ។​

លោក​ ធី វាយ​

លោក​ ធី វាយ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ Road to 32nd SEA GAMES 2023​ ត្រូវ​បាន​បញ្ចប់​ហើយ​ ប៉ុន្តែ​ប្រសិន​បើ​សហព័ន្ធ​ស្នើ​ដល់​ T-Y Media​ ជួយ​លើ​កិច្ចការ​បច្ចេកទេស​ ឬ​ជួយ​រៀបចំ​កម្មវិធី​អ្វី​ផ្សេង​ទៀត​នោះលោកគឺ​រីករាយ​នឹង​ជួយ​ជា​និច្ច។​

តំណាង​ T-Y Media​ បន្ថែម​ទៀត​ថា​ ចំពោះ​ពេលវេលា​ ថវិកា​ និង​បច្ចេកទេស ​គឺ​ខាង​ក្រុម​ហ៊ុន​លោក​បាន​ជួយ​អស់​ហើយ​ ដូច្នេះ​សូម​កីឡាករ​ កីឡា​ការិនី​ខ្លួន​ឯង​ត្រូវ​ខំប្រឹង​ឲ្យ​ខ្លាំង​ដើម្បី​សម្រេច​ក្ដី​បំណង​ឈ្នះ​មេដាយ​ជូន​ជាតិ​មាតុភូមិ​ទាំង​អស់​គ្នា​នៅ​ស៊ីហ្គេម​ ខែ​ឧសភា​ ឆ្នាំ​២០២៣។​

ក្រុម AG ESPORTS

បញ្ជាក់​ដែរ​ថា​ ល្ងាច​ថ្ងៃ​ទី៥​ ខែ​មិនា​ ឆ្នាំ​២០២៣​ នេះ​សហព័ន្ធ E-Sports ​បញ្ចប់​ការ​ប្រកួត​ Road to 32nd SEA GAMES 2023 ​លើ​វិញ្ញាសា​ VALORANT​ និង​ WILD RIFT​ ក្នុង​ការ​ស្វែង​រក​ជើងខ្លាំង​តំណាង​កម្ពុជា​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ហើយ។​ វិញ្ញាសា​ VALORANT​ បាន​លើ​ក្រុម​ AG ESPORTS​ ក្រោយ​ឈ្នះ​ D-ROAR (3-0) ចំណែក​វិញ្ញាសា​ WILD RIFT​ បាន​លើ​ក្រុម​ Team Max​ ក្រោយ​ឈ្នះ​ក្រុម​ Anxiety Crew (3-1)។​ ការ​ប្រកួត​នេះ​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ T-Y Media​៕​

ក្រុម Team Max​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី