មើលទៅ Mark Zuckerberg កំពុងកប់ផ្នូរ Metaverse យ៉ាងស្ងៀមស្ងាត់ ងាកមកផ្តោត​លើ Facebook វិញ

  • 2023-03-06 02:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Meta លោក Mark Zuckerberg បាន​ប្រកាស​ចេញគម្រោងថ្មី​សម្រាប់​ក្រុមហ៊ុន គឺការអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់​ Platform របស់ខ្លួន ពោលគឺគ្មាន​ការបង្ហើប​អ្វីបន្តិចទាល់តែសោះនូវ​គម្រោង Metaverse ដែល​លោកបាន​ចាក់លុយចោលអស់​រាប់ពាន់លានដុល្លារ​កាលពីឆ្នាំមុន។

ពិភពសិប្បនិម្មិត Metaverse ត្រូវបាន​លោក Mark Zuckerberg ផ្តោតយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស Reality Labs ដែល​ជាផ្នែក​ដ៏ធំមួយនៃគម្រោងនេះ ទំនងជាមិនទៅមុខនោះទេ ដោយខាតបង់អស់ជិត ២៤ពាន់លានដុល្លារឯណោះ ហើយលោកក៏​ប្រហែល​ជាដឹងកំហុសផងដែរ ទើប​ក្នុងរយៈពេលដើមឆ្នាំ២០២៣​នេះ លោក​មិនបាន​និយាយអ្វីសោះឡើយពីវា។ ដូច្នេះ គេប៉ាន់ស្មានថា មហាសេដ្ឋីរូបនេះ​កំពុង​កប់ផ្នូរ Metaverse បណ្តើរៗយ៉ាងស្ងៀមស្ងាត់ហើយ។

ផែនការបង្កើត​​បច្ចេកវិទ្យា​ AI ថ្មី​ ដែល​លោក Mark Zuckerberg ប្រកាសកាលពីសប្តាហ៍មុននោះ គឺ​អាចនឹង​ជាអ្នក​ចូលមក​ជំនួស Metaverse ដោយ​ក្រុមហ៊ុន Meta នឹង​បង្កើត​ក្រុមផលិតផលកម្រិត​ខ្ពស់​ថ្មីមួយ​ដែលផ្តោត​ការអភិវឌ្ឍ​លើបច្ចេកវិទ្យា AI សម្រាប់បណ្តាញសង្គម Facebook, Instagram និង WhatsApp ជាដើម។

គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈ លោក Mark Zuckerberg បាន​ប្រកាស​ពីគម្រោង Meta Verified ដោយ​តម្រូវ​ឱ្យអ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook និង Instagram ​ បង់ ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ​ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។ នៅពេល​ទទួលបាន​សញ្ញាធីក​ពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់​ នឹងទទួលបាន​សុវត្ថិភាព​ជាងមុន ព្រមទាំងការការពារ​បន្ថែម​ពី​ការ​បន្លំគណនី ឬ Fake Account ពីជនទុច្ចរិត​ផងដែរ ហើយ​ជាពិសេសទៀត​នោះ គឺរាល់ពេលបង្ហោះ​អ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែ​ច្រើន​ជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹង​ទទួលបាន​ Recommendation និង search ឆាប់រកឃើញ​ជាដើម។

អ្នកវិភាគ​របស់​ធនាគារ​អាមេរិក បាន​លើកឡើងថា សេវា subscription នេះ នឹង​ទាក់ទាញដល់បណ្តា Influencer និង Creator ព្រមទាំង​ក្រុមហ៊ុនអាជីវកម្ម ឱ្យ​ប្រើប្រាស់​សេវាកម្មមួយនេះ ពោលគឺ​នឹង​អាចមាន​ subscriber រហូតដល់ចំនួន ១២លាន​ត្រឹមដើមឆ្នាំ២០២៤ និងអាចបង្កើតចំណូលបានឱ្យក្រុមហ៊ុន Meta បាន​រហូតដល់ ១,៧ពាន់លានដុល្លារ ​នៅឆ្នាំក្រោយ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី