បន្ទាប់ពីផ្លូវជាតិលេខ៥! ខេត្ត​កំពង់ឆ្នាំង នឹង​ទទួល​បាន​លាភ២ទៀត គឺ​ផ្លូវភ្ជាប់ទៅកំពង់ធំ និងស្ពាន​វែងជាងគេនៅស្រុកខ្មែរ

  • 2023-03-09 07:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពង់ឆ្នាំង​ នឹងកាន់តែ​មានភាពលេចធ្លោខ្លាំង​ ដោយសារ​មានគម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធធំៗរួចជាស្រេចហើយ​ ពោលគឺ​បន្ទាប់ពីផ្លូវជាតិលេខ៥ ត្រូវបានពង្រីក​ដល់៤គន្លង​ហើយនោះ ខេត្តភ្នំនាងកង្រីនេះ នឹង​ត្រូវសាងសង់ផ្លូវភ្ជាប់ទៅខេត្តកំពង់ធំ រួមជាមួយស្ពាន​ឆ្លងកាត់ទន្លេ៣ ដែល​វែងជាងគេ​នៅកម្ពុជា។

ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ ក្នុងពេល​ចុះ​ពិនិត្យទីតាំង​សាងសង់​កំពង់ផែ​ពហុ​បំណង និង​មណ្ឌល​ភស្តុភារកម្ម​កំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២៣ថា សម្តេចតេជោ ហ៊ុន សែន ​បានបើកភ្លើងខៀវ​ឱ្យ​រកថវិកា​សាងសង់​ផ្លូវលេខ ៥០C ដែលជាផ្លូវចំកណ្តាលប្រទេសភ្ជាប់ពី​ខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ ឱ្យបាន​នៅឆ្នាំ​២០២៤ ក្រោយ​សិក្សាឃើញថា គម្រោងនេះ​មិនប៉ះពាល់​ដល់បរិស្ថាននោះទេ។

ឯកឧត្តម​ បញ្ជាក់ទៀតថា ភ្ជាប់​ជាមួយនឹងផ្លូវលេខ៥០Cនេះ ក៏នឹងមានការសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ដែល​មានប្រវែង ៣,៣គីឡូម៉ែត្រ (សិក្សាលើកមុន ៣,៩គីឡូម៉ែត្រ) ​ឆ្លងកាត់​ទន្លេក្នុងខេត្ត​កំពង់ឆ្នាំងនេះទៀតផង។ តម្លៃប៉ាន់ស្មាន​នៃការសាងសង់នេះ គឺ​ប្រហែល ២៥០លានដុល្លារ ក្នុងនោះ ផ្លូវ ១៥០លានដុល្លារ និងស្ពាន ១០០លានដុល្លារ។

សូម​រំលឹក​ថា ​ក្នុង​ពិធីបុណ្យទន្លេ កាលពីខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ឆ្នាំង សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​​សម្រេច​ចិត្ត​ឱ្យ​មាន​ការ​សាងសង់ស្ពាន និង​ផ្លូវភ្ជាប់ពីខេត្ត​កំពងឆ្នាំង ទៅ​ខេត្តកំពង់ធំ ដើម្បីសម្រួល​ដល់ការធ្វើដំណើរ ចំណេញ​ពេលវេលា និងកាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ។

សម្តេច​បញ្ជាក់​ថា ផ្លូវនេះ មាន​ចម្ងាយ​ជាង ៥៧គីឡូម៉ែត្រ ដែល​តភ្ជាប់ពី​ស្រុក​កំពង់លែង នៃ​ខេត្ត​កំពង់ឆ្នាំង ទៅកាន់​ក្រុងស្ទឹងសែន នៃខេត្ត​កំពង់ធំ។ ក្នុងនោះ​គឺត្រូវ​ធ្វើស្ពាន​ដែល​វែង​ជាងគេ​នៅក្នុងប្រទេស​កម្ពុជា គឺមាន​ប្រវែង​រហូត​ទៅដល់ ៣៩០០ម៉ែត្រ ដែល​ឆ្លង​ដៃ​ទន្លេ​ទាំង៣ គឺ៖ ទន្លេ​ផ្សារក្រោម, ទន្លេ​ជល់មុខ និង​ទន្លេកំពង់ហាវ។ ក្រៅពីនេះ ក៏មានការសង់ស្ពាន​ចំនួន២ នៅក្រុងស្ទឹងសែន​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី