ស្ត្រីខ្មែរនាយិកាសាលាច្នៃម៉ូដ នឹងចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដអន្តរជាតិ Spectrum KH International Fashion Festival

  • 2023-03-10 10:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំ Spectrum KH International Fashion Festival នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៤ មីនា ឆ្នាំ ២០២៣ នៅអគារ Morgan Tower ដោយមានការចូលរួមពីសិល្បករ តារាល្បីៗ ស្ថានទូត អ្នកវិនិយោគវិស័យហ្វេសសិន បណ្ដាស្ថាប័នផ្សព្វផ្សាយ សារព័ត៌មាន តារាបណ្ដាញសង្គម និងសហគមន៍អ្នកលេងម៉ូដសម្លៀកបំពាក់យ៉ាងច្រើនកុះករ។

ក្នុងចំណោមវត្តមានអ្នកច្នៃម៉ូដល្បីៗមកពីបណ្ដាប្រទេសនានា សម្រាប់កម្ពុជា អ្នកស្រីនាយិកា​សាលាបណ្ដុះបណ្ដាលផ្នែកច្នៃម៉ូដ MaPa Fashion Design Academy (MFDA) នឹងបញ្ចេញស្នាដៃក្រោមម៉ាកយីហោ «SIENG។

នៅលើទំព័របណ្ដាញសង្គម Spectrum KH ឈុតសម្លៀកបំពាក់ 'SIENG' គឺជាបណ្ដុំធាតុផ្សំនៃភាពជាស្ត្រីទន់ភ្លន់តែរាំងមាំ ដោយទាក់ទាញចំណាប់អារម្មណ៍ខ្លាំងទៅលើភាពលម្អិតផ្ចិតផ្ចង់នៃសម្លៀកបំពាក់ នៅពេលដែលអ្នកគ្រងឈុតនោះធ្វើចលនា។

ម៉ាកយីហោ 'SIENG' ត្រូវបានបំផុសគំនិត និងអារម្មណ៍ផ្សារភ្ជាប់ដោយវប្បធម៌ខ្មែរ ក្រោមគោលការណ៍រចនាដេរយ៉ាងឥតខ្ចោះដែលជាទឹកដៃជាងខ្មែរ។

អ្នកស្រី រ៉ាណែត ហៅ «បូបូ» ដែលជាអ្នកច្នៃម៉ូដ និង នាយិកាសាលាបណ្ដុះបណ្ដាលច្នៃម៉ូតសម្លៀកបំពាក់ មិនដឹងខ្លួនថាអ្នកស្រីជាអ្នកស្រឡាញ់ហ្វេសសិននោះទេ។ អ្នកស្រីគ្រាន់តែដឹងថា ខ្លួនស្រឡាញ់ ចូលចិត្តថែខោអាវ និងគិតគូរគ្រឿងតុបតែងខ្លួនតាំងពីក្បាលដល់ចុងជើង។

សាវតាគ្រួសារ និងមិត្តភ័ក្ដិបានជួយបំភ្លឺផ្លូវអ្នកស្រីឱ្យចាប់អារម្មណ៍រៀនផ្នែកហ្វេសសិនឌីហ្សាញ។ ដោយមានជីដូនធ្លាប់លក់ក្រណាត់ កាលពីកុមារភាព អ្នកស្រីធ្លាប់មុជតាមក្រណាត់ដែលជីដូនហាលចោល។ រីឯជីដូនម្នាក់ទៀតរបស់អ្នកស្រីគឺជាស្ត្រីពូកែតែងខ្លួន ដោយប្រើសម្លៀកបំពាក់ពណ៌ស្រស់បំព្រងទាក់ចិត្តមែនទែន។

មួយទៀតធាតុផ្សំខាងក្រៅ គឺអ្នកស្រីមានមិត្តភក្ដិម្នាក់ដែលបំផុសគំនិតឱ្យអ្នកស្រីបើកអាជីវកម្មលក់មួក និងអាវយឺត រហូតវិវឌ្ឍនជាគំនិតទៅរៀនផ្នែកឌីហ្សាញ។

ឆ្លងកាត់បទពិសោធន៍មានគ្រួសារ និងធ្វើការងារជាច្រើន ទើបអ្នកស្រីរកឃើញថា ខ្លួនឯងស្រឡាញ់ហ្វេសសិនឌីហ្សាញពិតប្រាកដផុសចេញពីបេះដូងខ្លួនឯងតែម្ដង។

ដោយចាប់ផ្ដើមចង់រៀនផ្នែកហ្វេសសិនឌីហ្សាញទាំងនៅក្នុងស្រុក និងបន្តការសិក្សានៅប្រទេសប្រមាណ២ឆ្នាំ អ្នកស្រីបាននាំយកចំណេះជំនាញនេះមកបើកសាលារៀន។

អ្នកស្រីសម្គាល់ឃើញថា មនុស្សជាច្រើនយលល់ខុសថា វិស័យហ្វេសសិនអត់មានទីផ្សារ និងរចនាសម្លៀកបំពាក់ឆ្កួតៗ។

អ្នកស្រី បូបូ លើកឡើងថា ការតុបតែសម្លៀកបំពាក់បែបឆ្កួតៗហ្នឹង គ្រាន់តែរំញោចការទាក់ទាញមកលើការច្នៃម៉ូដរបស់អ្នកឌីហ្សាញប៉ុណ្ណោះ។ និយាយរួមទៅអ្នកជំនាញហ្វេសសិនឌីហ្សាញ គាត់អាចធ្វើបានទាំងម៉ូដឆ្កួតៗ និងម៉ូដបែបត្រឹមត្រូវទៅតាមស្ដង់ដារក្បួនខ្នាត និងម៉ូដតាមពេលវេលាជាក់លាក់ (Trend)៕