មកស្គាល់អគារខ្ពស់បំផុតនៅថៃ ចាយលុយសាងសង់អស់ជាង ៦០០លានដុល្លារ

  • 2023-03-13 04:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ ជាប្រទេសមួយនៅក្នុងតំបន់អាស៊ានដែល មានទីក្រុងបាងកក ជារាជធានី។ ប្រទេសនេះ មានភាពជឿនលឿនទៅលើវិស័យស្ថាបត្យកម្ម រួមមានស្ពាន ផ្លូវថ្នល់ និង អគារខ្ពស់ៗកប់ពពកប្រមូលផ្តុំនៅកណ្តាលក្រុងស៊ីវិល័យនៃប្រទេសមានព្រំប្រទល់ជាប់កម្ពុជាមួយនេះ។

ទីក្រុងបាងកក មានអគារខ្ពស់ៗកប់ពពកជាច្រើនអនេក ប៉ុន្តែអគារដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងប្រទេសនេះ គឺមានឈ្មោះថា អគារ Mahanakhon ដែលវិនិយោគដោយក្រុមហ៊ុន King Power។ អគារនេះ មានឈ្មោះពេញជាផ្លូវការថា King Power Mahanakhon ដែលមានទីតាំងស្ថិតចំកណ្តាលទីក្រុងបាងកក កន្លែងប្រមុំម្តុំទៅដោយមនុស្សម្នា យ៉ាងមមាញឹក។

អគារដែលខ្ពស់ជាងគេបំផុតនៅប្រទេសថៃនេះ មានកម្ពស់រហូតដល់ទៅ ៣១៤,២ម៉ែត្រ និងមានជាន់សរុបទាំងអស់ចំនួន ៧៧ជាន់។ នៅក្នុងឆ្នាំ ២០១៦ គណៈកម្មការត្រួតពិនិត្យសំណង់អគារនិងលំនៅដ្ឋានរបស់ថៃ បានសម្រេចបញ្ចូលអគារ King Power Mahanakhon ជាអគារដែលខ្ពស់បំផុតនៅក្នុងប្រទេសថៃ។

បច្ចុប្បន្ន អគារខ្ពស់ជាងគេបំផុតនៅថៃមួយនេះ បានក្លាយជាកន្លែងសម្រាប់បម្រើដល់ការិយាល័យការងារ សណ្ឋាគារ ភោជនីយដ្ឋាន និង ហាងលក់ទំនិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងអគារមានខុនដូ រហូតដល់ ២០០យូនីត ដែលក្នុងមួយយូនីត មានតម្លៃចន្លោះពី ១លាន១សែនដុល្លារ ទៅ ១លាន៧សែនដុល្លារ។ នេះជាតម្លៃខុនដូដែលថ្លៃបំផុតនៅក្នុងទីក្រុងបាងកក។

អគារ Mahanakhon ត្រូវបានអភិវឌ្ឍន៍និងបោះទុនសាងសង់ដោយក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ថៃ គឺក្រុមហ៊ុន King Power។ អគារមួយនេះ ចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១១ ហើយបញ្ចប់ការសាងសង់រួចជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ ២០១៦។ ក្រោយមកទៀតបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦។ សរុបថ្លៃសាងសង់ ក្រុមហ៊ុន King Power ចាយលុយអស់ប្រមាណ ២១ពាន់លានបាត (៦២០លានដុល្លារអាមេរិក)៕

អត្ថបទ ៖ សង្ហា