១ថ្ងៃចំណេញ៣កន្លែង៖ បើទៅ ទេទឹកពុះ កុំភ្លេចទៅហួសតែបន្តិចទេ នឹង​ទៅដល់ ទំនប់តាសាល ហើយមកវិញអាច​ចូលលេងទឹកធ្លាក់ជ្រាវបានទៀត

  • 2023-03-14 07:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំខ្មែរនេះ មានគម្រោងទៅណាហើយឬនៅ? ថ្ងៃនេះ Sabay សូម​បង្ហាញ​រមណីយដ្ឋាន​​៣កន្លែង​នៅក្នុងខេត្តកំពង់ស្ពឺ ដោយលោកអ្នក​គ្រាន់តែចំណាយពេលតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺ​តំបន់ទេសចរណ៍ទាំង៣ ស្ថិតនៅក្បែរៗគ្នា ងាយស្រួលធ្វើដំណើរ និងចំណេញ​ពេលវេលា នោះគឺ ទេទឹកពុះ ទំនប់តាសាល និងទឹកធ្លាក់ជ្រាវ។

ចំពោះ​តំបន់ទេសចរណ៍ទាំង៣នេះ យើង​សូមណែនាំ​ឱ្យ​លោកអ្នកគួរទៅលេងនៅរមណីយដ្ឋាន ទេទឹកពុះ ឬ ទំនប់តាសាលមុន ព្រោះ​រមណីយដ្ឋាន​ទាំងពីរ​ ស្ថិតនៅលើ​ផ្លូវជាមួយគ្នាតែម្តង ហើយ​ពេលត្រឡប់មកវិញ អាចចូលលេងទឹកធ្លាក់ជ្រាវ សម្រាកបន្ធូរអារម្មណ៍​ដល់ល្ងាចតែម្តង ចាំធ្វើដំណើរមកផ្ទះវិញ ក៏មិនថ្វី។

សម្រាប់​អ្នករាជធានីភ្នំពេញ អាច​ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឬតាមផ្លូវល្បឿនលឿន រហូតដល់​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួចបត់ចូលជិះតាមផ្លូវជាតិលេខ៤៤ រហូតដល់រង្វង់មូលស្រុកឱរ៉ាល់ ហើយបន្តទៅត្រង់​ទៀត បន្តែស្ថានភាព​ផ្លូវរាងពិបាក​បន្តិច​ចាប់ពីចំណុចរង្វង់មូលនេះទៅ ប្រហែល ២៤គីឡូម៉ែត្រ​ នឹង​ទៅដល់​រមណីយដ្ឋានទេ​ទឹកពុះ។ ចំពោះការចូលទស្សនារមណីយដ្ឋាននេះ មិនចំណាយពេលច្រើន​នោះទេ ដោយសារវាជាទីតាំងតូចប៉ុណ្ណោះ ដោយលោកអ្នកគ្រាន់តែលូកដៃស្ទាបកម្តៅទឹក និងថតរូបលេងកម្សាន្ត។

ក្រោយចេញពីទេ​ទឹកពុះ លោកអ្នកគ្រាន់តែធ្វើដំណើរទៅមុខបន្តិចទៀតប្រហែល ១៤គីឡូម៉ែត្រ នឹងទៅដល់ទំនប់តាសាល ដែលមានទេសភាពយ៉ាងស្រស់ស្អាត។ លោកអ្នកគ្រាន់តែចំណាយពេលថតរូបលេងកម្សាន្តប៉ុណ្ណោះ ព្រោះថាទំនប់​នេះគ្មានកន្លែង​សម្រាប់​ងូតទឹកលេងឡើយ។

ពេលធ្វើដំណើរ​ត្រឡប់មកវិញ ដល់ចំណុចរង្វង់មូលស្រុកឱរ៉ាល់ គឺ​លោកអ្នកអាចបត់ឆ្វេងទៅផ្លូវលេខ១៣២ ចម្ងាយ​ប្រហែលតែ៣៧គីឡូម៉ែត្រ​ នឹង​ទៅដល់​ផ្លូវបំបែក​មួយ​នៅអមលាំង ស្រុកថ្ពង ដែលជាច្រកឆ្ពោះទៅទឹកធ្លាក់ជ្រាវ។ ចាប់ពីចំណុចផ្លូវបំបែកនេះ ទៅដល់ទឹកធ្លាក់ជ្រាវ មានចម្ងាយប្រហែល ២០គីឡូម៉ែត្រ។ ដូច្នេះ លោកអ្នក​អាច​ទទួលទានអាហារ ក៏ដូចជា ​ងូតទឹកលេងកម្សាន្ត រហូតដល់ពេល​ល្ងាច​ សឹមវិលមកផ្ទះវិញ៕

អត្ថបទ៖ សំភី