បច្ចុប្បន្ន ខ្ញុង មានប្រភពចំណូលពីរ ដែលគិតថាធំអាចមានឱកាសរលាស់ខ្លួនចេញពីបំណុលដ៏សម្បើមបាន

  • 2023-03-15 08:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែង ស្រេង សុកាន់ដា ហៅនាងខ្ញុង នៅតែតស៊ូរកស៊ីមិនដាក់ដៃដាក់ជើង ដើម្បីបានប្រាក់ទ្រទ្រង់ជីវភាព និងដោះបំណុលគេបានខ្លះ។ បច្ចុប្បន្នខ្ញុង មានប្រភពចំណូលចំនួនពីរ ដែលនាងយល់ថា ជាប្រភពចំណូលធំជាងគេ ហើយនាងអាចធ្វើបាន គឺលក់គ្រឿងហូបចុកតាមអនឡាញ និងការងារសិល្បៈដែលអ្នកនាងទើបទទួលច្រើននៅដើមឆ្នាំ២០២៣ នេះ។

តារាស្រីសម្បូរវោហាររូបនេះ បានប្រាប់Sabay នៅថ្ងៃទី១៥ ខែមីនា ថា រូបនាង និងគ្រួសារនៅតែខ្វល់ចិត្ដខ្លាំងរឿងបំណុល ប៉ុន្ដែអ្នកនាងនឹងប្រឹងឲ្យអស់លទ្ធភាព ដើម្បីដោះបំណុលគេឲ្យរួច ហើយបច្ចុប្បន្នពុំមានពឹងលើប្រភពចំណូលណាក្រៅពីលក់ប្រហុកផ្អក និងការងារសិល្បៈ។ មុខរបរទាំងពីរនេះ អាចដំណើរការទៅបានក៏អាស្រ័យលើការគាំទ្ររបស់មហាជន។

ខ្ញុង៖ “ខ្ញុំអត់មានពាក្យអីក្រៅពីអគុណបងប្អូនខ្មែរយើងដែលបានគាំទ្រ និងលើកទឹកចិត្ដខ្ញុំតាំងពីដើមមករហូតដល់ឥឡូវទេ ទោះបីដល់ឥឡូវបងប្អូននៅតែជួយទិញរបស់ខ្ញុំ ហើយការងារសិល្បៈក៏ខ្ញុំចាប់ផ្ដើមចាប់យកច្រើនដែរ។ តែពឹងលើចំណូលទាំងពីរហ្នឹង វាមិនងាយដោះស្រាយបំណុលគេរួចទេ…ម្ល៉ោះហើយបានខ្ញុំប្រឹងណាស់ ពីនេះទៅនោះ ពីនោះមកនេះ អត់ដាក់ដៃដាក់ជើងទេ”។

ទោះជាយ៉ាងណាអ្នកនាង ខ្ញុង ដែលជាអតីតដៃគូសម្ដែងដ៏ល្បីជាមួយនាយពាក់មី មិនចង់បញ្ចេញនូវទំហំប្រាក់បំណុលដែលនៅជំពាក់គេនោះទេ ដោយអ្នកនាងថា រក្សាទុកក្នុងចិត្ដ ហើយខ្នះខ្នែងរកស៊ីសងគេឲ្យទាល់តែរួចអស់។ ទន្ទឹមនឹងការប្ដេជ្ញាចិត្ដនេះ ក៏មានអ្នកគាំទ្រ និងមិត្ដសិល្បៈមួយចំនួន បានសម្ដែងការកោតសរសើរចំពោះទឹកចិត្ដតស៊ូរបស់អ្នកនាងក្នុងពេលដែលខ្លួនរួមរិតដោយបំណុល បើទោះបីជាលក់អស់ទ្រព្យសម្បត្ដិក៏មិនទាន់ដោះអស់៕

ជិន សុភ័ក្ដ្រ