អាច​មើលសំបកកង់​៣ចំណុចធំៗនេះ​ផ្ទាល់ភ្នែក​ខ្លួន​ឯង​បាន​មុនចេញ​ដំណើរ​ ចៀសវាង​បែកកង់​តាមផ្លូវ

  • 2023-03-15 08:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការត្រួតពិនិត្យ​លើ​ផ្នែក​សំខាន់ៗរបស់​រថយន្តមុនចេញ​ដំណើរ​ ពិតជាមិនអាច​ខ្វះបានឡើយ នូវការ​ឆែកសំបកកង់ ព្រោះ​វាដូចជាជើងមនុស្សយើងដែរ គឺត្រូវធ្វើយ៉ាងណា​បង្ការកុំឱ្យបែក​តាមផ្លូវ ដែល​អាច​បណ្តាល​ឱ្យមានគ្រោះថ្នាក់​ទៀតផង។

ប្រការ​ដែលល្អបំផុត​ បើមានពេល​វេលាគ្រប់គ្រាន់ លោកអ្នក​គួរយកចូល​ការ៉ាស់ជំនាញ​ឱ្យគេ​ឆែកមើលសិនទៅ ដោយគេ​មានឧបករណ៍​គ្រប់គ្រាន់ និង​អាចដឹង​ពីស្ថានភាព​លក្ខណៈសំបកកង់​ជាក់់ស្តែង។ ប៉ុន្តែ បើមិនបាន​យកចូលការ៉ាស់ទេ គឺ​លោកអ្នកក៏អាច​មើលចំណុចសំខាន់ៗ​ចំនួន​៣ លើសំបកកង់​ដោយ​ខ្លួនឯងបានផងដែរ រួមមាន៖

១. ត្រួតពិនិត្យជម្រៅ​ក្រឡាសំបកកង់៖ ចំណុច​នេះគឺងាយស្រួលពិនិត្យជាងគេ​ ដោយ​គ្រាន់តែប្រើប្រាស់​ឧបករណ៍​រង្វាស់​ណាមួយក៏បាន។ សម្រាប់​រថយន្ត​គ្រួសារ មិនត្រូវ​ឱ្យមាន​ជម្រៅតិចជាង ១,៦ម.ម ឡើយ។ បើសិន​សឹក​ដល់កម្រិតនេះ គឺ​ត្រូវ​តែ​ផ្លាស់ប្តូរកង់​ចេញ​ ព្រោះ​វាអាច​ធ្វើឱ្យមានការពិបាក​​ក្នុងការគ្រប់គ្រង​លើ​ផ្លូវសើម និង​ងាយរអិល។

២. ត្រួតពិនិត្យ​សម្ពាធ​កង់​រថយន្ត៖ ត្រូវ​មាន​ខ្យល់​សម​ល្មម​សមស្របតាមទម្ងន់​ផ្ទុក។ សំបកកង់​រថយន្ត​ដែល​ខ្វះខ្យល់​ចាប់ពី ២៥% ឡើងទៅ អាច​ប្រឈម​ទៅនឹង​បញ្ហាគ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងបីដង បើប្រៀបធៀប​ជាមួយ​រថយន្ត​ដែលមាន​ខ្យល់ក្នុងកង់គ្រប់គ្រាន់ ហើយ​វាអាចបណ្តាលឱ្យផ្ទុះ​នៅពេលបើកបរ ឬសំបកកង់​នឹងឆាប់ខូចជាដើម។ ត្រង់ចំណុចនេះដែរ​ បច្ចុប្បន្ន​គឺមានលក់នៅ​លើ​ទីផ្សារយ៉ាងព្រោងព្រាត​ នូវ​ឧបករណ៍​សម្រាប់​វាស់​សម្ពាធខ្យល់​កង់ និងអាចសប់កង់​រថយន្ត​ដោយខ្លួនឯង។ លោកអ្នក​អាច​ត្រួតពិនិត្យ​ការណែនាំ​ការប្រើប្រាស់​សម្ពាធខ្យល់កង់ នៅលើស៊ុមទ្វារ​របស់​អ្នកបើកបរ។

៣. ត្រួតពិនិត្យ​លក្ខខណ្ឌ និង​អាយុកាល​នៃ​សំបកកង់៖ ចំពោះ​ចំណុចនេះ គឺ​លោកអ្នកអាចស្វែងយល់បន្ថែមដោយខ្លួនឯង​ ព្រោះនៅលើសំបកកង់​នីមួយ គឺមាន​លេខ និងអក្សរសម្គាល់ ពីប្រវែងទទឹង កម្ពស់ អង្កត់ផ្ចិតយ៉ាន់ ទម្ងន់ផ្ទុក ស្រទាប់កង់ និងល្បឿន។

ចំណុច​សំខាន់មួយទៀត​ លោកអ្នកក៏ត្រូវប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​ភាពប្រេះស្រាំ និងប៉ោងរបស់សំបកកង់​រថយន្ត ដោយត្រូវ​យកទៅឱ្យអ្នកជំនាញ​​ ឬជាង ពិនិត្យ​មើលថាតើត្រូវជួសជុល ឬប្តូរថ្មីតែម្តង៕

អត្ថបទ៖ សំភី