ទូរទស្សន៍ក្រៅប្រទេសចំនួន ៤ហើយ ដែលបានទិញសិទ្ធិផ្សាយស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ

  • 2023-03-17 02:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) កាលពីព្រឹកថ្ងៃទី១៦ ខែមីនានេះ បានរៀបចំសន្និសីទមួយ ស្តីពីសារព័ត៌មាន និងការផ្សព្វផ្សាយ ព្រឹត្តិការណ៍ទាំងពីរខាងលើ ដោយមានការចូលរួមពីប្រពន្ធផ្សព្វផ្សាយ សារព័ត៌មានជាតិ និងអន្តរជាតិ ជិត១០០នាក់។

សន្និសីទកាសែត ដែលធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ ជាថ្ងៃទី១ នៃកិច្ចដំណើរការកម្មវិធី ដោយមានការប្រកាសបើកកម្មវិធីដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ក៏ដូចជាការចូលរួមពីសំណាក់ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២​។

ជាមួយគ្នានោះដែរ ការប្រកាសជាផ្លូវការពីដៃគូផ្សព្វផ្សាយនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏បានធ្វើឡើងនៅថ្ងៃនេះ ស្របពេលដែលសារព័ត៌មានទាំងអស់ នឹងទទួលបានការធ្វើបទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និង បទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

មកដល់ពេលនេះ ដំណើរការលក់សិទ្ធិផ្សាយបានឈានដល់សម្រេចបាន ៥០ភាគរយ ពោលគឺមានទូរទស្សន៍ក្រៅប្រទេសចំនួន ៤ហើយដែលបានទិញសិទ្ធិផ្សាយ រួមមានវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី បូករួមទាំងកម្ពុជា ដែលមានទូរទស្សន៍កីឡាកម្ពុជា (CSTV) ជាអ្នករក្សាសិទ្ធិផ្សាយ សហការជាមួយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕