ធ្លាប់ជីវិតធ្លាក់ដល់សូន្យ បំណុលវ័ណ្ឌក ឥឡូវ ខ្ញុង បង្ហាញតម្រុយអាចរលាស់ខ្លួនចេញបាននៅឆ្នាំនេះ

  • 2023-03-21 07:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង កាន់តែមានភាពម្ចាស់ការលើខ្លួនឯង ចាប់តាំងពីតារាស្រីរូបនេះ សម្រេចចាប់យកអាជីពសម្ដែងឡើងវិញ ក្រោយពីឃ្លាតឆ្ងាយពីទស្សនិកជន ដោយសារជំពាក់បំណុលគេរាប់ម៉ឺនដុល្លារពុំមានលទ្ធភាពបង្វិលប្រាក់សងគេវិញភ្លាមៗ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខ្ញុង បានបង្ហាញតម្រុយថ្មីមួយទៀត អំពីស្ថានភាព នៃការដោះបំណុល។

តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន នាងខ្ញុង បានថ្លែងលើកទឹកចិត្តខ្លួនឯងថា អរគុណខ្លួនឯងដែលរឹងមាំចាប់តាំងពីទទួលការងារឡើងវិញមក។ មិនសូវបានមានពេលសម្រាកទេ តែសង្ឃឹមថាឆ្នាំនេះនឹងអាចដោះស្រាយរួចរាល់គ្រប់បញ្ហា។ អ្នកនាងក៏ឆ្លៀតអរគុណស្វាមី និងកូន ដែលជាកម្លាំងចិត្ដដ៏ធំជំរុញឲ្យអ្នកនាងក្រោកឡើងបាន ហើយអាចប្រឈមមុខបានគ្រប់យ៉ាងរហូតមកដល់ពេលនេះ។

ខ្ញុង៖ “អរគុណបងប្អូនដែលបានទុកឱកាសឲ្យ ហើយខ្ញុំនឹងប្រើសមត្ថភាព និងកម្លាំងរបស់ខ្ញុំនេះ មិនឲ្យខ្វះមួយកាក់មួយសេន ណាឡើយ។ អរគុណកូន អរគុណប្ដី កម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំ”។

កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ តារាសម្ដែងខ្ញុង និងស្វាមី បានទៅបង្ហាញមុខជាសាធារណៈនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងប្រកាសថាខ្លួនរកស៊ីខាត ពុំមានលទ្ធភាពបង់ការប្រាក់ និងប្រាក់ដើមដល់ម្ចាស់បំណុលមិនក្រោម ១០នាក់ឡើយ។ កាលណោះអ្នកនាងបង្ហើបថា បានជំពាក់គេសរុបចំនួន ៥៧ម៉ឺនដុល្លារ។

ក្រោយពីមានការសម្របសម្រួលពីម្ចាស់បំណុល និងអ្នកនាងខ្ញុង វិធីសាស្ដ្រដោះបំណុលមួយចំនួនបានកើតឡើង ដោយភាគីអ្នកនាងខ្ញុង សំណូមពរឲ្យតែម្ចាស់បំណុលទាំងអស់ទុកពេលឲ្យអ្នកនាងនៅក្រៅឃុំ ដើម្បីមានលទ្ធភាពរកប្រាក់សងវិញតាមដំណាក់កាល។ មិនយូរប៉ុន្មានអ្នកនាងក៏ចាប់ផ្ដើមរឹងមាំ ដោយដាច់ចិត្ដលក់ផ្ទះ និងរបស់របរមានតម្លៃជាច្រើនទៀតដើម្បីរំលស់សងគេ ហើយសល់ប៉ុន្មានទៀតអ្នកនាងបានសងជាដំណាក់កាល ដោយពឹងផ្អែកលើប្រាក់ចំណូលពីសិល្បៈ និងមុខរបរលក់គ្រឿងហូបចុកតាមអនឡាញ៕

ជិន សុភ័ក្ដ្រ