មិនដឹងថ្ងៃស្អែកមានលទ្ធផលយ៉ាងម៉េច? តែគេចាប់ភ្លឹកសម្ដី ឯម រៀម ទាក់ទងការធ្វើខ្លួនប្លែកៗគេរបស់លោក

  • 2023-03-21 09:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីថ្ងៃទី១៩ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ អ្នកច្នៃម៉ូដ ឯម រៀម រងនូវពាក្យរិះគន់ផង និងពាក្យសរសើរលើកទឹកចិត្ដផងពីសំណាក់មហាជនជុំវិញការស្លៀកពាក់របស់លោកទៅចូលរួមក្នុងកម្មវិធីមួយកាលពីពេលថ្មីៗ។ បុគ្គលល្បីៗទាំងក្នុង និងក្រៅរង្វង់សិល្បៈ បានជជែកគ្នា ដោយខ្លះចោទជាសំណួរថា៖ “ហេតុអ្វីបានជាលោក ឯម រៀម ចូលចិត្ដធ្វើអីខុសគេម្ល៉េះ?”។

តាមពិតសំណួរនេះលោក ធ្លាប់ឆ្លើយញយដងហើយទៅកាន់មហាជន តាមរយៈសារព័ត៌មាន។ លោកធ្លាប់ប្រាប់ Sabay ថា បើលោកអៀនខ្មាស ធ្វើម៉េចអាចបម្រើអារម្មណ៍ប្រិយមិត្ដបាន ហើយម្យ៉ាងលោកជាអ្នកសិល្បៈ និងជាអ្នកច្នៃម៉ូដចូលចិត្ដអ្វីដែលប្លែកៗផងនោះ គឺការស្លៀកពាក់ប្លែកខុសគ្នា លោកមានត្រេកអរទៅវិញដែលមានគេមើលច្រើន ដោយលោកចង់ឲ្យគេគ្រប់គ្នាដឹងថា “ការតែងខ្លួន ឬការដើរម៉ូដស្អីអស់ហ្នឹង គឺជាសិល្បៈ”។

ទន្ទឹមនឹងមានអ្នកក្រឡេកឃើញការស្លៀកពាក់របស់ ឯម រៀម ហើយអៀនជំនួសលោក ក៏មានអ្នកពោលសរសើរថាលោកប្រសព្វរកនឹកច្នៃម៉ូដប្លែកៗណាស់។ ប៉ុន្ដែកន្លងទៅការបង្ហាញវត្ដមានរបស់លោកជាមួយនឹងការស្លៀកពាក់ប្លែកៗ មិនត្រូវបានគេប្រកាន់ច្រើន ហើយផ្ទុះការវែកញែកខ្លាំងដូចពេលនេះឡើយ។

បន្ទាប់ពីមានការរិះគន់ពីអ្នកលេងបណ្ដាញសង្គមមួយចំនួន រហូតដល់មានប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណា និងលោកអាចារ្យធំ នៅរសៀលថ្ងៃទី២១ ខែមីនា នេះ លោក ឯម រៀម បានបញ្ចេញវីដេអូ សម្រក់ទឹកភ្នែកដោយមិននិយាយអ្វីទាំងទាំងអស់ គឺគ្រាន់តែសរសេរសារភ្ជាប់វីដេអូនោះយ៉ាងខ្លីថា៖ “ស្អែកហើយ យ៉ាងណាទេខ្ញុំអើយ ឥឡូវអារម្មណ៍អត់នៅក្នុងខ្លួន”។

Sabay បានព្យាយាមទាក់ទងទៅលោក ឯម រៀម ទាំងតាមទូរស័ព្ទ និងបណ្ដាញសង្គម ប៉ុន្ដែមិនត្រូវបានលោកឆ្លើយតបនៅឡើយគិតត្រឹមម៉ោង ៤រសៀលថ្ងៃទី២១ ខែមីនា។ ទោះជាយ៉ាងណាមានមិត្ដសិល្បៈខ្លះបានសម្ដែងការសោកស្ដាយចំពោះពាក្យរិះគន់របស់មហាជនទៅលើលោក ឯម រៀម ហើយកោតសរសើរលោក ឯម រៀម ដែលរក្សាភាពស្ងៀមស្ងាត់បាន មិនយកកំហឹងទៅទល់កំហល់។ ជាក់ស្ដែងតារាម៉ូដែល ទឹម រដ្ឋា ក៏បានលើកទឹកចិត្ដឲ្យ ឯម រៀម មានស្មារតី នឹងនដែរ៕

ជិន សុភ័ក្ដ្រ