ស្ងាត់ៗលេចដំណឹង ឧកញ៉ា យឹម តាស្រង់ ជិតរៀបការជាមួយម៉ាក់ អ៊ីអ៊ី!
- 2023-03-22 03:21:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗលេចដំណឹង ឧកញ៉ា យឹម តាស្រង់ ជិតរៀបការជាមួយម៉ាក់ អ៊ីអ៊ី!
ចន្លោះមិនឃើញ
ឧកញ៉ា យឹម តាស្រង់ ដែលបានចែកផ្លូវជាមួយអតីតភរិយាប៉ុន្មានឆ្នាំហើយនោះ ស្រាប់តែនៅថ្មីៗនេះ មានតម្រុយថា លោកជិតរៀបការជាមួយភរិយាថ្មីម្នាក់ទៀតហើយ ដែលអនាគតកូនក្រមុំនោះ គឺអ្នកស្រី លី ញូរី ហៅម៉ាក់អ៊ីអ៊ី ដែលជាអគ្គនាយិកាក្រុមហ៊ុន EEw9 ចែកចាយផលិតផលថែរក្សាសម្រស់មកពីកូរ៉េ។
តម្រុយនេះចេញពីកញ្ញា អ៊ីអ៊ី ដែលជាកូនស្រីបង្កើតតែម្នាក់គត់របស់អ្នកស្រីតែម្ដង ក្រោយពីយុវតីបានធ្លោយចេញអស់នូវចម្ងល់របស់ប្រិយមិត្តនៅលើ Tiktok នៅថ្មីៗនេះ។ សំណួរដែលនាំឲ្យបែកធ្លាយនោះមានដូចជា ថាតើម្ដាយរបស់អ៊ីអ៊ី ចែកផ្លូវគ្នាជាមួយប៉ាហើយមែនទេ? អ៊ីអ៊ី ដែលជាយុវតីក្មេងខ្ចីមួយរូប និងមាននិស្ស័យស្មោះត្រង់ បានឆ្លើយថា "លែងហើយ...លែងយូរហើយបងទើបនឹងសួរ!”។
ក្នុងពេលនោះដដែល ប្រិយមិត្តនៅបានសួរថាតើចង់ឲ្យម៉ាក់មានប៉ាថ្មីទៀតឬអត់ ហើយថាតើពេលនេះមានប៉ាថ្មីឬនៅ? ហើយគាត់ជានរណា? តបនឹងសំណួរទាំងនេះ អ៊ីអ៊ី ឆ្លើយទៀតថា ម៉ាក់សម្រេចយកប៉ាថ្មីទៀតជាសិទ្ធិរបស់ម៉ាក់។ ដោយឡែកចំពោះសំណួរទី២ យុវតីស្រស់ស្អាតរូបនេះ ប្រាប់ថា អ៊ីអ៊ីមានប៉ាថ្មីហើយ ហើយគាត់ឈ្មោះ យឹម តាស្រង់ ដែលគេស្គាល់ថាជាអតីតនាយកគ្រប់គ្រងផលិតផកម្ម Galaxy Navatra ហើយបច្ចុប្បន្នជានាយកគ្រប់គ្រងក្រុមហ៊ុន EEw9 ផ្ទាល់តែម្ដង។
ជាមួយគ្នា អ៊ីអ៊ី នៅបានបង្ហើបថា ម៉ាក់ និងប៉ាថ្មីរបស់កញ្ញា ជិតរៀបការនឹងគ្នាហើយ។ កញ្ញាថ្លែងថា "តិចទៀត គាត់ជិតរៀបការហើយបង!”។
ជុំវិញបញ្ហានេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលពីអ្នកគាំទ្ររបស់អ្នកទាំង៣ គឺយឹម តាស្រង់ អ៊ីអ៊ី និងម៉ាក់អ៊ីអ៊ី។ ចំពោះករណីនេះ ឧកញ៉ា យឹម តាស្រង់ មិនទាន់អាចសុំការស្រាយបំភ្លឺនៅឡើយគិតត្រឹមព្រឹកថ្ងៃទី ២២ មីនា ២០២៣នេះ។ វិលទៅអ្នកស្រី លី ញូរី ឬម៉ាក់ អ៊ីអ៊ី វិញ ក្រោយកូនស្រីធ្លោយមាត់ពីរឿងនេះ បានចូលទៅសរសេរសារឆ្លើយតបថា អ្នកស្រីមិនលាក់បាំងនោះទេ។
គ្រាន់តែអ្នកស្រីគិតថា វាមិនមែនជារឿងចាំបាច់។ "ខ្ញុំគិតថា វាមិនចាំបាច់ផុសអួតគេរឿងបែកបាក់ និងរឿងជួបដៃគូថ្មីនោះនៅលើវិថី Online នោះទេ"។ អ្នកស្រីបន្តថា ប្រសិនបើដល់វេលាចាំបាច់ ចាំដល់ថ្ងៃរៀបការ គឺការតែម្ដង ដោយមិនចាំបាច់ប្រកាស ឬផ្សព្វផ្សាយព័ត៌មានឲ្យគេដឹងនោះឡើយ។
ទាំងឧកញ៉ា យឹម តាស្រង់ និងម៉ាក់ អ៊ីអ៊ី សុទ្ធជាពោះម៉ាយ និងមេម៉ាយរៀងខ្លួន ក្នុងនោះភាគីខាងប្រុសមានកូនប្រុស ៤នាក់ប្រុសទាំងអស់ និងខាងស្រី មានកូន២នាក់(ប្រុស១ស្រី១)។ ត្បិតថាបានបង្ហើបពីរឿងរៀបការរបស់ប៉ាក់ ម៉ាក់ តែ អ៊ីអ៊ី នៅមិនទាន់ប្រាប់ពីពេលវេលាជាក់ច្បាស់នៅឡើយទេ៕