លទ្ធភាព​មិន​មាន មាន​តែ​បេះដូង ទីបំផុត ទិត្យ វិច្ឆិកា ធ្វើ​បាន​សាលា​រៀន​១ខ្នង​ឲ្យ​សិស្ស​នៅ​តំបន់​ដាច់​ស្រយាល

  • 2023-03-22 09:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តែ​បេះដូង​មួយ លោក ទិត្យ វិច្ឆិកា បាន​កសាងសាលារៀនមួយខ្នង​ និងសមិទ្ធផលផ្សេងៗទៀតស្រេច​ជា​ស្ថាពរនៅភូមិត្រពាំងធ្មៀរ ស្រុកឱរ៉ាលខេត្តកំពង់ស្ពឺ ដោយ​បានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ​ម្សិលមិញនេះ ក្រោមអធិបតីភាពលោកអភិបាលរងខេត្តកំពង់ស្ពឺ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ។

តារាចម្រៀង ទិត្យ វិច្ឆិកា ត្រូវបានមើលឃើញថា លោកតែងតែឈឺឆ្អាលពីសុខទុក្ខរបស់អ្នកភូមិនៅតំបន់ដែលលោកបណ្ដុះបណ្ដាល។ ជាក់ស្ដែងនៅមូលដ្ខានភូមិត្រពាំងធ្មៀរ ឃុំត្រពាំងធ្មៀរ ខាងលើនេះលោកមើលឃើញថា ពលរដ្ឋមានការខ្វះខាតសាលារៀនសម្រាប់កូនៗរបស់ពួកគាត់ ទើបលោកខិតខំកៀរគរសប្បុរជន ដើម្បីជួយកសាងសាលាមួយខ្នងសម្រាប់កូនក្មួយនៅទីនោះ។

ជា​លទ្ធផល ការ​ខិត​ខំ​របស់​លោក ទទួល​បាន​ការចូលរួមឧបត្តម្ភពីលោកវរសេនីយ៍ឯក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ទ័ពពិសេស និងភរិយាចំនួនជាង៥,២៨០ដុល្លារ និងលោក មាន វាសនា ម្ចាស់កសិរមណីដ្ឋានឱរ៉ាលចំនួន ៨០០០ដុល្លារ រួមទាំងសប្បុរសជនជាច្រើនទៀត ក្នុងនោះក៏មានតារាចម្រៀង ឃុំ ប៉ុណ្ណាដែត រួមទាំងភរិយា យក់ ថិតរដ្ឋា ផងដែរ ដែលសរុបជាថវិការចំនួនជាង១៩,០០០ដុល្លារ និងប្រាក់ជិត៦លានរៀល។

តារាចម្រៀងរូបនេះ ប្រាប់​ថា លោក​រីករាយយ៉ាងខ្លាំង ចំពោះអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងកន្លងមក និងសម្រេចជារូបរាងក្រោមការចូលរួមពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ អគារសិក្សាដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺចំនួនមួយខ្នងមាន ២ បន្ទប់ មានប្រវែងទទឹង៩ម៉ែត្រ និងបណ្ដោយ១៦ម៉ែត្រ ដែលត្រូវបានដាក់ឈ្មោះថា សាលាបឋមសិក្សាត្រពាំងធ្មៀ តេជោ សែន (ឱរ៉ាល់) នៅភូមិត្រពាំងធ្មា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សាលារៀនមួយខ្នងនេះ ក៏នឹងជួយសម្រួលដល់ការលំបាកសម្រាប់កូនៗអ្នកភូមិនៅទីនោះផងដែរ ព្រោះកន្លងមកពួគេត្រូវទៅរៀននៅសាលាឆ្ងាយពីផ្ទះសម្បែង។ ហើយបើគ្មានការចូលរួមពីសប្បុរសជនខាងលើ ជាពិសេសលោកវរសេនីយ៍ឯក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ទ័ពពិសេស និងលោក មាន វាសនា ម្ចាស់កសិរមណីដ្ឋានឱរ៉ាល ជួយទេនោះ ក៏សាលានេះប្រហែលជាមិនទាន់រួចរាល់នោះដែរ។

យ៉ាងណាមិញ ក្រោយដាក់សម្ពោធអាគាសិក្សាថ្មីរួចរាល់ លោក ទិត្យ វិច្ចកា បានបង្ហាញ​អារម្មណ៍សប្បាយចិត្ត ដែលបានចូលរួមចំណែកជួយសង្គម ទោះបីជាលោកមានលទ្ធភាពតិចតួចយ៉ាងណាក៏ដោយ។ លោកប្ដេជ្ញាបន្តធ្វើកិច្ចការសង្គមបន្តទៀត ដើម្បីចូលរួមចំណែកជួយសង្គមជាតិតាមលទ្ធភាពដែលអាចធ្វើបាន។ ទោះបីជាយ៉ាងណា លោក ក៏បានស្វាគមន៍ដល់សប្បុរសជន ដែលចង់ចូលរួមចំណែកជាមួយលោក ក្នុងការធ្វើកិច្ចការសង្គមរួមគ្នាផងដែរ។

សូមបញ្ជាក់ថា ទិត្យ វិច្ឆិកា ជាអតីតតារាចម្រៀងប្រចាំផលិតកម្ម Rock និងមានកេរឈ្មោះល្បីល្បាញបង្គួរកាលពីជាង១០ឆ្នាំមុនតាមរយៈបទចម្រៀងមួយចំនួន។ បច្ចុប្បន្នលោកជាគ្រូបង្វឹកនាយទាហាននៅបន្ទាយឆត្រយោងកំបូល ៩១១ ដោយមួយរយៈចុងក្រោយនេះ លោក ហាក់​មានសកម្មភាព​ជា​មួយ នឹងការងារសប្បុរសធម៌ ជួយដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។

សិល្បករដែលមានឆន្ទៈសង្គមរូបនេះ តែងតែ កៀរគរសប្បុរសជនចូលរួមចំណែក ជួយដល់កិច្ចការងារសង្គមជា ដូចជាកា ជីកស្រះទឹក ជីកអណ្តូងជូនពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលមួយចំនួន ដែលមានការលំបាក ខ្វះខាតទឹកប្រើប្រាស់ ដោយសារជាតំបន់ភ្នំជាដើម ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី