ស៊ុក សុភា គ្រោងស្កាត់ទៅជួបតារាស្រីខ្មែរពីរដួងលើទឹកដីសហរដ្ឋអារមេរិក នៅដើមខែមេសា នេះ
- 2023-03-23 02:24:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុក សុភា គ្រោងស្កាត់ទៅជួបតារាស្រីខ្មែរពីរដួងលើទឹកដីសហរដ្ឋអារមេរិក នៅដើមខែមេសា នេះ
ចន្លោះមិនឃើញ
តារាសម្ដែង ស៊ុក សុភា ដែលបច្ចុប្បន្នរស់នៅប្រទេសអូស្ដ្រាលី ហើយចេញចូលស្រុកខ្មែរញឹកញាប់នោះ មានគម្រោងចេញទៅកម្សាន្ដបុណ្យចូលឆ្នាំខ្មែរលើទឹកដីសហរដ្ឋអាមេរិក។ ឆ្លៀតក្នុងឱកាសនោះលោកក៏មានគម្រោងជួបតារាសម្ដែងជើងចាស់ចំនួនពីរដួងដែរ គឺអ្នកនាង អម្ពរ ទេវី និងអ្នកនាង កែវ កល្យាណ។
តាមរយៈគណនីហ្វេសប៊ុករបស់តារាសម្ដែងល្បីឈ្មោះអំឡុងទសវត្ស៩០ អ្នកនាង កែវ កល្យាណ បានទៅលេងអ្នកនាង អម្ពរ ទេវី ហើយបានថតរូបស្និទ្ធស្នាលជាមួយគ្នានៅទីក្រុង Washington សហរដ្ឋអាមេរិក។ កែវ កល្យាណ ក៏បញ្ជាក់ថា នៅថ្ងៃនេះបានមកលេងផ្ទះសម្លាញ់ អម្ពរ ទេវី ដោយក្ដីសប្បាយរីករាយ។
ក្រោយពីបញ្ចេញសកម្មភាពនេះ តារាសម្ដែង ស៊ុក សុភា ក៏បានចូលទៅឆ្លើយឆ្លងជាមួយតារាទាំងពីរដួងតាមរយៈសារខមិន។ លោកនិយាយថា៖”ចាំជួបគ្នានៅUSA បង ខ្ញុំទៅដើមខែ៤ នឹងហើយ ទៅចូលឆ្នាំខ្មែរនៅUSA ម្ដង មានសំណាងបានជួបបងៗ”។
គេសង្កេតឃើញ តារាខ្មែរល្បីឈ្មោះនាអំឡុងទសវត្ស១៩៨០ ១៩៩០ និង២០០០ ដែលមានភរិយា និងស្វាមី ហើយមានឱកាសចេញទៅរស់នៅក្រៅប្រទេសមួយចំនួន តែងតែស្កាត់ជួបគ្នាទាំងនៅស្រុកខ្មែរ និងបរទេស ដើម្បីរំលឹកអនុស្សាវរីយ៍ជាមួយគ្នា។ ការណ៍ បានធ្វើឲ្យមហាជន ជាពិសេសអ្នកស្រឡាញ់គាំទ្រវិស័យសិល្បៈ បានសម្ដែងការអបអរសាទរចំពោះសកម្មភាពទាំងនេះទៀតផង ដោយនិយាយថាទោះទៅដល់ទីណា ខ្មែរក៏នៅស្រឡាញ់ខ្មែរ៕