គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិលេខ៣​ដ៏ពិបាក វាលរេញ-ត្រពាំងរពៅ បាន​បោះ​១ជំហាន​ទៅមុខហើយ

  • 2023-03-24 02:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីបានសិក្សាចប់រួចរាល់អស់ ពេលនេះ​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ​គឺ​ចូលដល់​​ដំណាក់កាល​ពិនិត្យ​លទ្ធភាព និង​ធ្វើការ​វាយតម្លៃ​ពី​សំណាក់ភាគីប្រទេសចិនហើយ។ នេះជាការថ្លែងរបស់​លោក Zhang Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ក្នុងជំនួប​ជាមួយ​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២៣។

សូមជម្រាបថា ទំនួលខុសត្រូវចម្បង របស់នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស គឺផ្តល់ជូននូវយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយសម្រាប់ការប្រើប្រាស់ទុនបរទេស និងការវិនិយោគក្រៅប្រទេស និងពិនិត្យវាយតម្លៃគម្រោងសំខាន់ៗ។ លើសពីនេះ នាយកដ្ឋានក៏ផ្តល់នូវការណែនាំ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគម្រោងធំៗ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពផលិតកម្មផងដែរ។

គួរដឹងថា ផ្លូវជាតិលេខ៣ កំពត​-វាលរេញ មាន​ប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ក្នុងនោះ ២០គីឡូម៉ែត្រ រងការខូចខាត​ជាប្រចាំ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ស្វែងរក​ថវិកា​ប្រមាណ ៦០លានដុល្លារ ដើម្បី​សាងសង់​តាមស្តង់ដារ និងរឹងមាំបានយូរ។ តាមរយៈ​ការសិក្សា​បានបង្ហាញថា គម្រោងអាចធ្វើការបែងចែកកំណាត់ផ្លូវ២០គីឡូម៉ែត្រជាពីរ៖

-ផ្នែកទី១: ផ្អែកលើការសិក្សា ស្រទាប់គ្រឹះផ្លូវ និងស្ថានភាពភូមិសាស្រ្ត ផ្នែក១៥គីឡូម៉ែត្រមានស្ថានភាព គ្រឹះផ្លូវ មានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលបាននឹងកំពុងធ្វើការសាងសង់។ ដូចនេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមទៀតទៅលើបច្ចេកទេស និង តម្លៃសម្រាប់ផ្ទៃកម្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ។ (៣០លានដុល្លា ក្នុង១៥គីឡូម៉ែត)

-ផ្នែកទី២: ផ្នែក៥គីឡូម៉ែត្រមានស្ថានភាពដីស្អុយផ្នែកខាងក្រោមមានជម្រៅពី១១ម៉ែត្រ ទៅ ១៧ ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ។ (៣០លានដុល្លា ក្នុង៥គីឡូម៉ែត)៕

អត្ថបទ៖ សំភី